អន្តរជាតិ ៖ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិបានចេញលិខិតមួយយ៉ាងម៉ឺងម៉ាត់ ទៅកាន់រដ្ឋាភិបាលថៃ ដោយជំរុញឱ្យមានការបំភ្លឺលើចំណុចសំខាន់ៗចំនួន ១០ ទាក់ទងនឹងចំណាត់ការរបស់ថៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្សឆ្លងដែនពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកអនឡាញ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
នេះបើយោងតាមការផ្សាយរបស់កាសែត The Nation នៅថ្ងៃចន្ទ ២៣មិថុនានេះ ដោយបញ្ជាក់ថា លិខិតផ្លូវការមួយ របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ស្ដីពីទាសភាពសម័យទំនើប និងការជួញដូរមនុស្ស (ផ្ដោតលើស្រ្តីនិងកុមារ) ត្រូវបានផ្ញើទៅទីក្រុងបាងកក នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥។
លិខិតនេះ បានគូសបញ្ជាក់ពីការព្រួយបារម្ភ ជុំវិញព័ត៌មានចារកម្ម ដែលបង្ហាញថា មនុស្សជាច្រើនមកពីជុំវិញពិភពលោក ត្រូវបានគេបោកបញ្ឆោតឱ្យចូលក្នុងការធ្វើពលកម្មដោយបង្ខំ នៅតាមបណ្ដាមជ្ឈមណ្ឌលប្រតិបត្តិការឆបោកតាមអនឡាញ។
មជ្ឈមណ្ឌលឆបោកតាមអនឡាញទាំងនេះត្រូវបានប្រើប្រាស់នៅក្នុងការធ្វើសកម្មភាពក្លែងបន្លំហិរញ្ញវត្ថុ (financial fraud), ការឆបោកដោយប្រើស្នេហា (romance scam), ការវិនិយោគទ្រព្យសម្បត្តិឌីជីថលក្លែងក្លាយ (fake digital asset investments) និងការលេងល្បែងស៊ីសងខុសច្បាប់ (illicit gambling) ជាដើម។
សូមបញ្ជាក់ថា ថៃកន្លងទៅថ្មីៗនេះ បានចោទប្រកាន់កម្ពុជា ថាអាចជាជម្រក «បណ្ដាញឧក្រិដ្ឋសាយប័រដ៏ធំរបស់ពិភពលោកដែលគាំទ្រដោយអ្នកមានអំណាច»។ ក៏ប៉ុន្តែ លិខិតរបស់អ.ស.ប. បង្ហាញថា ថៃក៏ជាជម្រកនៃបណ្តាញជួញដូរមនុស្ស និងការឆបោកតាមអនឡាញដ៏ធំមួយដែរ នៅអាស៊ីអាគ្នេយ៍។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃអាទិត្យម្សិលមិញ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍កម្ពុជា ឯកឧត្តម ជា វ៉ាន់ដេត ក៏បានចេញមកច្រានចោលការចោទប្រកាន់របស់ថៃ ដោយបានបញ្ជាក់ថា កម្ពុជាជាមិនដែលគាំទ្រ ឬបើកផ្លូវចំពោះសកម្មភាពឧក្រិដ្ឋកម្មសាយប័រនោះទេ។ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្តេជ្ញាយ៉ាងពេញទំហឹងចំពោះសុចរិតភាព តម្លាភាព និងការប្រកាន់ខ្ជាប់នូវនីតិរដ្ឋ និងបទដ្ឋានអន្តរជាតិ។
ផ្ទុយទៅវិញ កម្ពុជាមានការព្រួយបារម្ភជាខ្លាំងចំពោះរបាយការណ៍អំពីទំនាក់ទំនងដ៏ស្មុគស្មាញរវាងអាជ្ញាធរថៃ ជាមួយឧក្រិដ្ឋជន សាយប័រ ដែលអនុញ្ញាតឱ្យពួកទាំងនោះអាចពង្រីកប្រតិបត្តិការឆបោករបស់ខ្លួន។ ម្យ៉ាងទៀត ប្រទេសថៃកំពុងក្លាយជាមជ្ឈមណ្ឌលរបស់មេដឹកនាំក្រុមឧក្រិដ្ឋជនសាយប័រ និងប្រតិបត្តិការឆបោកនៅតាមបណ្តាប្រទេសផ្សេងៗ រួមមាន ការកៀរគរមនុស្ស ការចាប់ជំរិត និងការជួញដូរមនុស្សពីប្រទេសថៃ ទៅដល់ទីតាំងប្រតិបត្តិការឧក្រិដ្ឋកម្មសាយប័រទាំងនោះ ដូចជាករណីពាក់ព័ន្ធទៅនឹងតារាសម្តែងចិនឈ្មោះ Wang Xing ដែលត្រូវបានជនឆបោកជួញដូរពីអាកាសយានដ្ឋានសុវណ្ណភូមិទៅកាន់ទីតាំងប្រតិបត្តិការឧក្រិដ្ឋកម្មសាយប័រដែលនាំឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃទេសចរណ៍ចិន។ របាយការណ៍ទាំងនេះបានគូសបញ្ជាក់ថា ប្រទេសថៃគឺជាប្រភពក្នុងការផ្តល់មធ្យោបាយឱ្យពួកឧក្រិដ្ឋជនសាយប័រធ្វើប្រតិបត្តិការឆបោកទាំងនោះឆ្លងកាត់ទៅបណ្តាប្រទេសផ្សេងៗទៀតក្នុងតំបន់៕
ដោយ ៖ សិលា