គ្រប់ព្រំដែនទាំងអស់កម្ពុជា-ថៃ, អ្នកជំងឺ និងកូនសិស្សអាចចេញចូលធម្មតា តែប្រជាពលរដ្ឋ ទំនិញ ឡាន និងម៉ូតូ ត្រូវទាហានថៃ បន្តបិទដដែល

ចែករំលែក៖

ព្រំដែនកម្ពុជា-ថៃ ៖ បច្ចុប្បន្នភាពតាមព្រំដែន រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ គ្រប់ច្រកទ្វារព្រំដែនទាំងអស់កម្ពុជា-ថៃ អ្នកជំងឺ និងកូនសិស្សអាចចេញចូលធម្មតា តែមនុស្ស ទំនិញ ឡាន និងម៉ូតូ… ត្រូវទាហានថៃ បន្តបិទដដែល ដូចអ្វីដែលពួកគេបានប្រកាសកាលពីប៉ុន្មានថ្ងៃមុន។

សេចក្តីរាយការណ៍ពីព្រំដែន បានឲ្យដឹងថា នៅតាមច្រកទ្វារព្រំដែនដែលជាប់ជាមួយប្រទេសថៃ គឺទាហានថៃ នៅបន្តមិនអនុញ្ញាតឲ្យអ្នកដំណើរទាំងភ្ញៀវជាតិ-អន្តរជាតិ រថយន្ត ម៉ូតូ និងការដឹកទំនិញឆ្លងកាត់នោះឡើយ តែសម្រាប់អ្នកជំងឺ និងកូនសិស្ស អាចធ្វើដំណើរឆ្លងកាត់បានដដែល។

សម្រាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា សម្រាប់អ្នកជំងឺ និងកូនសិស្ស អនុញ្ញាតឲ្យឆ្លងកាត់បាន តែក្រៅពីនេះ គឺភាគីថៃ នៅបន្តបិទដដែល។

លោក ឯម បញ្ញារិទ្ធ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ក៏បានបញ្ជាក់ផងដែរថា សម្រាប់ច្រកទ្វារអន្តរជាតិមួយនេះ ភាគីថៃ អនុញ្ញាតឲ្យតែអ្នកជំងឺ និងកូនសិស្សប៉ុណ្ណោះដែលអាចឆ្លងកាត់បាន ហើយមន្រ្តីយើងក៏បានធ្វើដូច្នោះដែរ តែសម្រាប់អ្នកដំណើរ រថយន្ត ម៉ូតូ និងទំនិញ ភាគីថៃនៅបន្តហាមឃាត់ដដែល។
សូមរំលឹកផងដែរថា , ប៉ុន្មានថ្ងៃមុន ដោយសារវិបត្តិក្នុងការបិទព្រំដែនដោយឯកតោភាគីពីយោធាថៃ ធ្វើឱ្យកសិករមួយចំនួនមិនសប្បាយចិត្ត ឈានដល់បាញ់សម្លាប់ខ្លួន បន្ទាប់ពីបន្លែរបស់ពួកគេត្រូវបានខូចខាត។ នេះបើយោងតាមការលើកឡើងរបស់សម្ដេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីប៉ុន្មានថ្ងៃមុននៅខេត្តសៀមរាប ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print