ភ្នំពេញ ៖ ហ្វេសប៊ុករបស់សម្តេច ហ៊ុន សែន តែងតែត្រូវបានរំខានដោយក្រុមជ្រុលនិយមថៃ។ សម្តេចប្រធានព្រឹទ្ធសភាវាយតម្លៃថា នេះជាចលនាដែលមានការចាត់តាំងច្បាស់ពីមេដឹកនាំនៅក្រុងបាងកក។ ជុំវិញការបង្ហោះសារ និងរូបថត កាលពីថ្ងៃទី២៤ ខែមិថុនា ទាក់ទងនឹងការជួបជុំរបស់កូនប្រុសទាំង៣នៅខេត្តជាប់ព្រំដែនថៃ សម្តេចក៏ចង់ដឹងពីតាមចូលរំខានរបស់ក្រុមឈ្លានពានថៃផងដែរ។
«បងប្អូនគេទាំង៣នាក់ជួបជុំគ្នានៅតាមខេត្តជាប់ព្រំដែនថៃ ស្លៀកទាហានក៏ទៅ ស្លៀកស៊ីវិលក៏ទៅដើម្បីរួមចំណែកការពារទឹកដីប្រឆាំងការឈ្លានពាន»។ សំណេររបស់សម្តេច ហ៊ុន សែន ដែលភ្ជាប់ជាមួយរូបភាពឈររួមគ្នារបស់សម្តេចនាយករដ្ឋមន្ត្រី ម៉ាណែត ដែលជាកូនច្បង ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហ៊ុន ម៉ានី ទទួលបាននូវការទាក់ទាញយ៉ាងខ្លាំង ហើយក្នុងនោះក៏មានការចូលរំខានពីសំណាក់ក្រុមជនជាតិថៃផងដែរ។
ក្រៅពីឆ្លៀតសរសេរចំអន់លេងជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដែលជាកូនពៅ ទាក់ទងនឹងសក់ សម្តេច ហ៊ុន សែន បានលើកឡើងថា ឪពុកម្តាយគ្មានសេចក្តីសុខ ឬការសប្បាយណាជាងឃើញកូន និងចៅ ចេះស្រឡាញ់គ្នា និងជាពលរដ្ឋល្អក្នុងសង្គមនោះឡើយ។
ការបង្ហោះរបស់សម្តេច គឺចង់ដឹងពីរបៀបនៃការចូលរំខានហ្វេសប៊ុកសម្តេចពីសំណាក់ក្រុមជ្រុលនិយមថៃហើយការសម្តេចវាយតម្លៃថា ការចូលរំខាននេះ គឺមានការចាត់តាំងយ៉ាងច្បាស់ពីមេដឹកនាំនៅក្រុងបាងកក។
សម្តេចលើកឡើងថា ការបង្ករហេតុមិនមែនគ្រាន់តែធ្វើការឈ្លានពានទឹកដីទេ សូម្បីតែងហ្វេសប៊ុកសម្តេចក៏ត្រូវបានរំខានដែរ។ «វាមានការចាត់តាំងដោយមេដឹកនាំរបស់វាដើម្បីរំខាន Facebook របស់ខ្ញុំព្រោះពេលខ្ញុំចេញសារម្តងៗ។ វាក្តៅដល់មេវា»។ សម្តេចតេជោ បានឆ្លើយតបយ៉ាងដូច្នេះទៅកាន់ការបញ្ចេញមតិមួយ ដោយកត់សម្គាល់ថា ក្រុមជ្រុលនិយមថៃ តែងតែធ្វើបែបនេះ។
បើតាមសម្តេច ក្រុមថៃកំពុងផ្ទេរពីជម្លោះផ្ទៃក្នុងមកជាជម្លោះជាមួយកម្ពុជាទៅវិញ។ តែទោះពួកអ្នកប្រឹងដល់កំរិតណា ក៏ជម្លោះដណ្តើមអំណាចមិនអាចរលត់បានដែរ ហើយសម្តេចទស្សន៍ទាយថា ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុងរង្វង់៣ខែខាងមុខ។ «សូមពួកអ្នកប្រមូលកម្លាំងដោះស្រាយជម្លោះផ្ទៃក្នុងជាជាងមករំខានខ្ញុំ»។ សម្តេចបានណែនាំយ៉ាងដូច្នេះ។
មតិមួយបានលើកឡើងប្រាប់សម្តេចថា ក្រុមជនជាតិឡាវធ្វើ Youtube ដើម្បីផ្សព្វផ្សាយនិយាយបង្ខូចពីសម្តេច ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីដ៏មានបទពិសោធន៍របស់កម្ពុជា មិនជឿអំណះអំណាងនេះឡើយ។ សម្តេចតបវិញថា៖ «ខ្ញុំមិនជឿថាបងប្អូនឡាវធ្វើបែបនេះនោះទេ។ ថៃក៏កំពុងឈ្លោះជាមួយឡាវផងដែរ។ និយាយរួមថៃមានបញ្ហាជាមួយគ្រប់ប្រទេសជុំវិញខ្លួនកម្ពុជា ឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី។
កន្លងមក សម្តេច ហ៊ុន សែន ក៏បានសម្តែងការងឿងឆ្ងល់ផងដែរ ដោយក្រុមយោធាថៃ មានការភ័យខ្លាចរហូតដល់ឈានទៅបង្កើតក្រុមការងារតាមដានហ្វេសប៊ុកផ្លូវការរបស់សម្តេច។ «ហេតុអ្វីចាំបាច់ខ្លាច Facebook របស់ខ្ញុំ»? សម្តេច ហ៊ុន សែន ចោទសួរដោយប្រយោលបែបនេះ ទៅកាន់ថៃ ដោយសម្តេចបញ្ជាក់ថា អ្វីដែលសម្តេចបាននិយាយ គឺផ្តោតលើការពិត ពន្យល់ការពិតនូវអ្វីដែលបានកើតឡើងចំពោះកម្ពុជា នូវទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
សម្តេចប្រធានព្រឹទ្ធសភា បានបន្ថែមថា៖ «ខ្ញុំត្រូវការពន្យល់ប្រាប់ការពិតដល់ប្រជាជនរបស់ខ្ញុំ និងមិត្តបរទេស។ ហេតុអ្វីចាំបាច់ត្រូវបង្កើតក្រុមការងារដើម្បីតាមដានហេ្វសប៊ុករបស់ខ្ញុំ បើអ្នកស្អាតស្អំមែន?៕
ដោយ ៖ សិលា