រឿង ភ្នែកនៅក្នុងចិត្ត

ចែករំលែក៖

សូរសំឡេងឡានបើកលើផ្លូវជាតិដោយល្បឿនយឺតៗ ប៉ុន្តែសន្ធឹកឡានមិនអាចឈ្នះសំឡេងសត្វត្ររៃការកណ្ដឹងដែលកំពុងស្រែកច្រៀងយ៉ាងសប្បាយនៅលើចុងឈឺតាមផ្លូវទេ។ ឡានបានបើកភ្លើងផ្ដល់សញ្ញាទៅក្បែរខាងចិញ្ចឹមផ្លូវដើម្បីចតព្រោះទ្វារកញ្ចក់ឡានផ្នែកខាងក្រោយរបើក។ វាយោបក់មក ធ្វើឲ្យដើមឈើរេរាប្រៀបដូចជាកំពុងរាំទៅតាមរៃច្រៀង។ ឯស្លឹកឈើទុំជ្រុះចាកមែកព្រមទាំងនាំក្លិនផ្ការំដួលបក់មកប៉ះនឹងច្រមុះស្ត្រីម្នាក់ដែលនៅក្នុងឡាន។ សំឡេងឡានមួយផ្សេងទៀតបានមកពីក្រោយ ហើយស៊ីផ្លេឡើង។ រំពេចនោះឡានទាំងពីរក៏ចេញដំណើរលើរុក្ខវិថីខ្វែងខ្វាត់បាត់ស្រមោលទៅ។ មនុស្សម្នាអ៊ូអរសើចសប្បាយឆ្លងកាត់ផ្លូវធ្វើដំណើរឆ្ពោះទៅកាន់សំឡេងភ្លេងប្រពៃណីខ្មែរបានលាន់ឮចេញពីក្នុងព្រៃ។ ប្រជាជនស្លៀកពាក់សំលៀកបំពាក់ថ្មីប្លែកៗពណ៌ស្រស់ឆើតឆាយអ្នកខ្លះដើរអ្នកខ្លះជិះកង់ម៉ូតូ និងអ្នកខ្លះជិះឡានដែរ បានមកចតកកកុញក្រោមដើមរុក្ខាខ្ពស់ៗនៅពីមុខបរិវេណប្រាសាទ។ ចំណែកឯឡានទាំងពីរក៏បានមកចតនៅទីនោះដូចគ្នាដែរ។
ក្រោយពីចតស្រួលហើយ ទ្វារឡានបានបើក។ ស្ត្រីចំណាស់ម្នាក់បានចេញមកពីក្នុងឡានរួចចោលភ្នែកមើលទៅកាន់ប្រាសាទដោយស្នាមញញឹម។ ពេលនោះស្រាប់តែមានក្មេងស្រីអាយុប្រហែល ៨ ឆ្នាំម្នាក់រត់មក ហើយស្រែកហៅថា យាយ។ ស្ត្រីនោះបែរមុខទៅរកម្ចាស់សំឡេងរួចបន្ទន់ជង្គង់បើកដៃទាំងពីរចាំចាប់ឱបក្មេងស្រីនោះ។ រីឯអ្នកផ្សេងទៀត ដើរតាមពីក្រោយហើយញញឹមទាំងអស់គ្នា។ ពេលមកដល់ក្បែរក្មេងស្រី បុរសវ័យចំណាស់ម្នាក់ដែលឈរក្បែរប្រពន្ធបាននិយាយចំអន់ទៅចៅស្រីថា ចៅស្រីកំហូចនេះមិននឹកដល់តាសោះ នឹកតែយាយ។ ក្មេងស្រីនោះក៏តប លោកតាមានយាយ សន្យានៅក្បែរកក់ក្តៅហើយ តែលោកយាយ សោភ័ណ្ឌ ត្រូវការកម្ដៅពីខ្ញុំ។ ម្នាក់ៗសើចផង ញញឹមផង បិទមាត់មិនជិតហើយធ្វើដំណើរទៅកាន់កន្លែងដែលគេកំពុងតែលេងភ្លេងត្រុដិនៅក្នុងបក្សរីវេនបរាសាទ។ មកដល់កន្លែងលេងអ្នករបាំត្រុដិ គ្រប់ៗគ្នាញញឹមសើចសប្បាយ ដើម្បីនាំយកសិរីសួស្ដីឆ្នាំថ្មី។ លើកលែងតែយាយ សោភ័ណ្ឌ បែរជាមានទឹកមុខស្រពាប់ស្រពោន អារម្មណ៍ហាក់បីដូចជាមិនបានគិតដល់ការសម្ដែងរបាំត្រុដិឡើយ។ ប្អូនប្រុសរបស់យាយ សោភ័ណ្ឌ ឃើញបងស្រីមុខស្រពោនក៏ដើរមកក្បែរ ហើយនិយាយថា ម៉េចបានជាមុខស្រពោនម្ល៉េះមិនស្រួលខ្លួនមែនទេ? ទោះបីតាសត្យាដែលជាប្អូនប្រុសនិយាយទៅកាន់គាត់ពីរបីដងយ៉ាងណាក៏ដោយក៏យាយ សោភ័ណ្ឌ មិនព្រមតបនឹងប្អូនប្រុសរបស់គាត់ទេ។នៅពេលចៅស្រីឃើញតាហៅយាយច្រើនដង ហើយយាយមិនព្រមតបទើបនាងដើរទៅអង្រួនដៃយាយ។ យាយសោភ័ណ្ឌ ភ្ញាក់ក្រញាងទើបតបសម្ដីទៅចៅស្រីនិងប្អូនប្រុសថាគាត់សុំនៅស្ងៀមម្នាក់ឯងបន្តិច។ ចៅស្រីចង់ទៅតាមយាយ តែត្រូវតាចាប់ដៃជាប់ ហើយនិយាយ ឱ្យយាយចៅនៅម្នាក់ឯងចុះ។ នេះប្រហែលជាគាត់នឹកដល់រឿងអតីតកាលហើយមើលទៅ។ ចៅស្រីមើលទៅយាយទាំងបារម្ភ។ តា សត្យា បានប្រាប់កុំឲ្យចៅស្រីបារម្ភពេក ទើបនាងបែរទៅមើលត្រុដិបន្តទៀត។
យាយសោភ័ណ្ឌអង្គុយលើផ្ទះថ្មមួយមិនឆ្ងាយប៉ុន្មានពីទីកន្លែងសម្ដែងរបាំត្រុដិប៉ុន្មានទេ។ គាត់អង្គុយដូចគ្មានព្រលឹងក្នុងខ្លួនអ៊ីចឹង។ ភ្លាមនោះស្រាប់តែស្ត្រីជំទង់ម្នាក់រត់ទៅទង្គិចនឹងតួសម្ដែងជាសត្វប្រើសបម្រុងដួល ធ្វើឲ្យគាត់នឹកឃើញកាលពី ៥០ ឆ្នាំមុនដែលធ្លាប់បានដើរទៅទង្គិចនឹងតួសម្តែងជាសត្វព្រើសដូចគ្នា។ គាត់សើចបន្តិច រួចក៏នឹកដល់ប៉ា ម៉ាក់ មីង និងសាច់ញាតិរបស់គាត់ដែលបានឆ្លងកាត់របបខ្មែរក្រហមជាមួយគ្នានៅលើទឹកដីនេះ។ ពេលកំពុងតែស្លុងចិត្តទៅក្នុងរឿងរ៉ាវអតីតកាល ស្រាប់តែសំឡេងអ្នកច្រៀងត្រុដិបានដាស់ស្មារតីរបស់គាត់ត្រឡប់មកវិញ។ យាយសោភ័ណ្ឌ បានដកប្រាក់ដាក់ក្នុងថង់យាមរបស់អ្នកសម្ដែងតួសត្វប្រើសនោះ រួចដើរត្រឡប់ទៅរកក្រុមគ្រួសារវិញ។
ទិដ្ឋភាពទាំងនោះបានបើកភ្នែកដែលបិទជាយូរឆ្នាំមកហើយឲ្យភ្លឺឡើងវិញ។ មិនថា យាយ សោភ័ណ្ឌ សើចសប្បាយញញឹមរីករាយឬធ្វើសកម្មភាពអ្វីនោះទេ ចិត្តរបស់គាត់នៅតែបន្តដិតដាមរឿងឈឺចាប់និរាស្រ្តព្រាត់ប្រាស់ដែលបានកើតឡើងចំពោះគាត់នឹងក្រុមគ្រួសារនៅក្នុងរបបខ្មែរក្រហម។ យាយសោភ័ណ្ឌនៅតែមានឆ្នាំញញឹម ប៉ុន្តែរូបរាងកាយរបស់គាត់បានប្រែប្រួលទៅជាស្គមអបរាជថ្មីខុសពីពេលមុនរហូតដល់ធ្លាក់ខ្លួនឈឺ។គាត់ដឹងខ្លួនរបស់គាត់ច្បាស់ថា មិនអាចរស់នៅលើផែនដីនេះបានយូរទៀតទេ។
ក្នុងពេលវិសមកាលតូច យាយសោភ័ណ្ឌ បានឲ្យប្រពន្ធក្មួយប្រុសរបស់គាត់ជួយកត់រឿងរ៉ាវដែលគាត់បានជួបប្រទះនៅក្នុងរបបខ្មែរក្រហម ដើម្បីបានអាននៅពេលធំដឹងក្តីដូចខាងក្រោម ÷ (នៅមានត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print