ក្រុមឧទ្ទាមវាយប្រហារមន្ទីរឃុំឃាំងហ្វុីលីពីនរំដោះអ្នកទោស​២៨នាក់

ចែករំលែក៖

ក្រុមឧទ្ទាមដែលមានទំនាក់ទំនងជាមួយក្រុមអ៊ិស្លាមIS បានបើកការវាយប្រហារទៅលើមន្ទីរឃុំឃាំងមួយនៅក្នុងប្រទេសហ្វុីលីពីនរំដោះអ្នកទោស ២៨នាក់ដែលជាបក្ខពួករបស់គេ។

សារព័ត៌មាន The Wall Street Journal កាលពីថ្ងៃទី២៨ ខែសីហា បានដកស្រង់សម្តីមន្ត្រីហ្វុីលីពីន ឲ្យដឹងថា ខ្មាន់កាំភ្លើងជាច្រើនរូបបានបើកការវាយប្រហារទៅលើមន្ទីរឃុំឃាំងនៅភាគខាងត្បូងប្រទេសហ្វុីលីពីន រំដោះអ្នកទោស២៨នាក់ ដែលជាអ្នកទោសសម្លាប់មនុស្សដ៏គ្រោះថ្នាក់។

ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែសីហា មានខ្មាន់កាំភ្លើងជាង ៥០នាក់ប្រដាប់ដោយអាវុធ មកពីក្រុម Maute មានទំនាក់ទំនងជាមួយក្រុមIS បានវាយប្រហារទៅលើមន្ទីរឃុំឃាំង Marawi ស្ថិតនៅក្នុងខេត្ត Lanao Del Sur លើកោះមីនដាណាវ រំដោះបក្ខពួករបស់ពួកគេដែលបានចាប់ខ្លួនកាលពីមួយសប្តាហ៍កន្លងមក។

តាមប្រសាសន៍លោក Agustine Tello ស្នងការប៉ូលិសខេត្ត Lanao Del Sur បានឲ្យដឹងថា អ្នកទោស ២៨នាក់បានរត់គេចខ្លួនបាត់ដោយសារតែការវាយប្រហាររបស់ក្រុម Maute ។  អ្នកទោសដែលបានរំដោះរបស់ក្រុម Maute  ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២២ ខែសីហា ក្រោយពេលប៉ូលិសបានរកឃើញគ្រាប់បែកកែឆ្នៃ និងកាំភ្លើងខ្លីជាច្រើននៅក្នុងរថយន្តដឹងទំនិញដែលបញ្ជារដោយក្រុមខ្មាន់កាំភ្លើងខាងលើ ។

គួរបញ្ចាក់ផងដែរថា ក្រុមខ្មាន់កាំភ្លើង Maute គឺជាក្រុមអ៊ិស្លាមជ្រុលនិយមួយក្នុងចំណោមច្រើនក្រុម នៅលើកោះ មីនដាណាវ ស្ថិតនៅភាគខាងត្បូងហ្វុីលីពីន ។ ខ្មាន់កាំភ្លើងដែលវាយប្រហាររំដោះអ្នកទោសនោះកាន់ទងជាតិពណ៌ខ្មៅ របស់ក្រុមIS ។

ពាក់ព័ន្ធនិងប្រទេសហ្វុីលីពីននោះដែរ ប្រធានាធិបតី Rodrigo Duterte បានធ្វើឲ្យពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសខឹងសម្បាយ៉ាងខ្លាំង ក្រោយពេលដែលលោកបានប្រកាសថា អ្នកទោសគ្រឿងញៀនមិនម៉ែនជាមនុស្ស។

ចាប់តាំងពីលោកឡើងកាន់តំណែងកាលពីខែឧសភា កន្លងមកយុទ្ធនាការប្រឆំាងជនល្មើសជួញដូរគ្រឿងញៀន បានសម្លាប់មនុស្សជាង ២.០០០នាក់ហើយ ដែលជាចំនួនយ៉ាងច្រើនបំផុតមិនធ្លាប់មាននៅលើពិភពលោកពីការប្រឆាំងគ្រឿងញៀន។

ជាមួយនិងការស្លាប់យ៉ាងច្រើននោះបានធ្វើឲ្យក្រុមការពារសិទ្ធិមនុស្សថ្កោលទោសយ៉ាងខ្លាំង ។ អគ្គលេខាធិការអង្គការសហប្រជាជាតិលោកបានគីមូន បានចាត់ទុកសកម្មភាពខាងលើរបស់រដ្ឋាភិបាលហ្វុីលីពីនគឺជារឿងខុសច្បាប់ បំពានទៅលើសិទ្ធិមនុស្សយ៉ាងធ្ងន់ ដោយសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ។

ការថ្កោលទោសទៅលើប្រធានាធបតីកាន់តែខ្លាំងឡើង ហើយចោទប្រកាន់លោកថា បានប្រព្រឹត្តបទឧក្រិត្តប្រឆាំងមនុស្សជាតិ ក្រោយពេលដែលប្រធានាធិបតីបានប្រកាសថា ក្រុមជួញដូរគ្រឿងញៀនមិនមែនជាមនុស្សឡើយ។

នៅពេលនេះដែរក្រុមការពារសិទ្ធិមនុស្សបានបើកការស៊ើបអង្កេតទៅលើសកម្មភាពប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតី ឌូទឺតេ តើបានរំលោភបំពានទៅលើសិទ្ធិមនុស្សយ៉ាងធ្ងន់។ នៅក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀននោះបានធ្វើឲ្យជនស្លូតត្រង់ជាច្រើនក្លាយជាជងរង្គ្រោះនៅក្នុងសង្គ្រាមនោះ។

ជាក់ស្តែងក្មេងស្រីទើបតែអាយុ៥ឆ្នាំម្នាក់បានស្លាប់នៅក្នុងយុទ្ធនាការបោសសម្អាត់គ្រឿងញៀនរបស់រដ្ឋាភិបាលហ្វុីលីពីន ធ្វើឲ្យមានការថ្កោលទោសយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាន ។

កាលពីថ្ងៃទី២៧ ខែសីហា បណ្តាញព័ត៌មានស៊ីអ៊ិនអ៊ិន បានផ្សាយថា តាមរបាយការណ៍ពីអង្គការឃ្លាំមើលសិទ្ធិមនុ្សបានបញ្ជាក់ថា ក្មេងស្រីអាយុ៥ឆ្នាំ មានឈ្មោះថា Danica May Garcia បានស្លាប់ដោយសារតែបុរសពីរនាក់ជិះម៉ូតូហើយបាញ់ចំក្បាលកុមារីនោះ ពេលកំពុងតែញំាអាហារជាមួយគ្រួសារនៅក្នុងភោជនីយដ្ឋាន ។

មន្ត្រីនៅក្នុងខេត្ត Pangasinan បានឲ្យដឹងថា គោលដៅនៃការបាញ់ប្រាហារនៅគឺសំដៅទៅលើជីតារបស់កុមារីខាងលើ ក្រោយពេលដែលលោកតា ឈ្មោះ Maximo Garcia បានចេញសារភាពចំពោះបូលិស ដើម្បីឲ្យប៉ូលិសលុបឈ្មោះចេញពីបញ្ជីអ្នកដែលប្រើប្រាស់គ្រឿងញៀន និងមនុស្សមួយចំនួនទៀត ។

ក្រោយមកលោកក៏បានវិលត្រឡប់ទៅផ្ទុះវិញ ។ តែទីបំផុតលោកក៏នៅតែរងការបាញ់ប្រហារក្រៅពីចៅស្រីស្លាប់ លោកក៏រងរបួសធ្ងន់ដោយត្រូវ៣គ្រាប់ផងដែរ ។ ពេលនេះលោកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យក្រោមការការពារយ៉ាងតឹងតែងពីប៉ូលិស ។

ស្នងការប៉ូលិសខេត្ត Dagupan លោក  Neil Miroបញ្ចាក់ថា «យើងមានសាក្សីអាចកណត់អត្តសញ្ញាណជនដៃដល់បាញ់ប្រហារនោះ » ។ លោកបន្តទៀតថា លោក Maximo Garcia បានចេញសារភាពពីទោះប្រើប្រាស់គ្រឿងញៀន ទាំងនោះហើយយើងមានហេតុផលច្បាស់លាស់ដើម្បីបញ្ជាក់ថា ការបាញ់ប្រហារនោះពាក់ព័ន្ធនិការជួញដូរគ្រឿងញៀន ។ ប៉ូលិសសង្ស័យថា មេក្លោងជួញដូរគ្រឿងញៀនជាអ្នកនៅពីក្រោយ ។

ប៉ុន្តែបើទោះបីក្រុមជួញដូរគ្រឿងញៀន ឬក៏ប៉ូលិសជាអ្នកបាញ់សម្លាប់នោះ តែការស្លាប់របស់ក្មេងស្រីអាយុ៥ឆ្នាំគឺជាលទ្ធផលនៃសង្គ្រាមប្រឆាំងការជួញដូរគ្រឿងញៀនរបស់ប្រធានាធិបតី ឌូទឺទេ ៕

1 (2) 1 (1)

ប្រែសម្រួល៖ ម៉ែវ សាធី

...

11111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print