សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កងកម្លាំងនគរបាលការពារព្រំដែន បានចូលរួមគាំទ្រយ៉ាងសកម្ម និងមានកិច្ចសហការបានយ៉ាងល្អ ជាមួយកងយោធពលខេមរភូមិន្ទដើម្បីការពារអធិបតេយ្យជាតិ

ចែករំលែក៖

ភ្នំពេញ : សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កងកម្លាំងនគរបាលជាតិ បានដើរតួនាទី និងបំពេញភារកិច្ចយ៉ាងសំខាន់ក្នុងការធានាសន្តិសុខ សុវត្ថិភាពប្រកបដោយជោគជ័យ ថ្វាយព្រះមហាក្សត្រ ឥស្សរជន និងថ្នាក់ដឹកនាំជាតិ-អន្តរជាតិ ក្នុងព្រះរាជពិធី និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ដែលប្រារព្ធ ធ្វើនៅព្រះរាជាណាចក្រកម្ពុជា។

នេះបើយោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធី ប្រគល់សញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល បរិញ្ញាបត្រគ្រប់គ្រងពន្ធនាគារ និងវិញ្ញាបនបត្រជូនដល់ សិស្ស និង និស្សិតនគរបាល នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ទោះបីជាស្ថិតនៅក្នុងដំណាក់កាលដែលសភាពការណ៍តាមព្រំដែនមានសភាពស្ងប់ស្ងាត់ និងក្នុងដំណាក់កាលដែលមានជម្លោះព្រំដែនជាមួយប្រទេសថៃ, កងកម្លាំងនគរបាលការពារព្រំដែន បានចូលរួមគាំទ្រយ៉ាងសកម្ម និងមានកិច្ចសហការបានយ៉ាងល្អ ជាមួយកងយោធពលខេមរភូមិន្ទ ដោយហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានស្ថិតស្ថេរគង់វង្ស។

ជាមួយគ្នានេះ, សម្ដេចធិបតី នាយករដ្ឋន្ត្រី ក៏បានកោតសរសើរ និងការដឹងគុណជានិច្ច ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងកម្លាំងនៅគ្រប់ជំនាន់ទាំងអស់ ដែលបានតស៊ូពុះពារជម្នះរាល់គ្រប់ឧបសគ្គ និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ មាតុភូមិ ក្នុងការរក្សាសន្តិសុខ, សុវត្ថិភាព, ភាពសុខសាន្ត និងសុខុមាលភាព ជូនសង្គមជាតិទាំងមូល។ នាពេលកន្លងមក, កងកម្លាំងនគរបាលជាតិកម្ពុជា បានសម្រេចស្នាដៃជាច្រើន ក្នុងការរក្សាសន្តិសុខ ផ្ទៃក្នុង, ការបង្ការ, ការទប់ស្កាត់, ការបញ្ចៀសឱ្យបាននូវអំពើភេរវកម្ម និងការបង្រ្កាបបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ, សកម្មភាពវិច្ឆេទកម្ម, វិទ្ធង្សនា, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams), បទល្មើសគ្រឿងញៀន, ការជួញដូរមនុស្សគ្រប់ទម្រង់, ល្បែងស៊ីសងខុសច្បាប់, សកម្មភាពក្មេងទំនើង, ការដាក់ចេញវិធានការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងជំរុញការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មាន សុវត្ថិភាព ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតផងដែរ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print