ភ្នំពេញ : នៅល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា
បានលើកឡើងថា , បើអាចបញ្ចៀសសង្គ្រាមបាន គឺជាការប្រសើរណាស់ក្នុងការដោះស្រាយទំនាស់ព្រំដែនកម្ពុជា-ថៃ, កម្ពុជាចង់បានតែសន្តិភាពទេ។ ថៃចង់យើងចរចាទ្វេភាគី, បើយើងចរចា, តើយើងត្រូវចរចាជាមួយនរណា បើប្រទេសថៃសព្វថ្ងៃ កំពុងស្ថិតក្នុងអនាធិបតេយ្យនៃក្បាលម៉ាស៊ីនដឹកនាំរដ្ឋ? តើអំណាចសម្រេចពិតប្រាកដនៅថៃស្ថិតនៅលើដៃនរណា? រដ្ឋាភិបាលថៃ? ទាហានថៃ? ក្រុមជនជ្រុលនិយមថៃ? ឬរាជវាំងថៃ? ហើយថៃយកផែនទីណាមកចរចា? ឬយកផែនទីដែលថៃគូសជាឯកតោភាគីមកចរចា? យើងនាំយកករណីទំនាស់ព្រំដែនទៅតុលាការយុត្តិធម៌អន្តរជាតិ ថៃមិនហ៊ានទៅ, តើថៃចង់ធ្វើអ្វីឱ្យប្រាកដ?
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានបន្តថា, សង្គ្រាមមិនមែនជាជម្រើសនិងជាសេចក្តីប្រាថ្នារបស់កម្ពុជាទេ តែបើស្ថានការណ៍តម្រូវ សង្គ្រាមមិនមែនជាជម្រើសមែន តែជាមធ្យោបាយដើម្បីឆ្លើយតបចំពោះការឈ្លានពាន។
សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ៖ «យើងមិនចង់ច្បាំងទេ តែយើងបង្ខំចិត្តត្រូវតែច្បាំង ពេលគេចូលឈ្លានពាន! ច្បាំងលើកនេះ មិនត្រឹមតែការពារខ្លួនទេ តែត្រូវវាយបកត្រឡប់ទៅវិញ!» ៕
ដោយ :សិលា