ខេត្តព្រះវិហារ ៖ ពីពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្ត ព្រះ វិហារ នៅថ្ងៃទី២៧ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ថៃកំពុងលេងល្បែងនយោបាយចាញ់-ចាញ់ ជាមួយកម្ពុជា ដែលនាំឱ្យស្ថានភាពទ្វេភាគីទៅជាលំបាក។ បើតាមសម្ដេចតេជោ ហ៊ុន សែន ដែលធ្លាប់នាំចេញទំនិញមកកម្ពុជា ជាង៥ពាន់លានដុល្លារ ក៏ត្រូវខាតបង់ ឯកម្ពុជា ដែលនាំចេញទំនិញទៅថៃ ជាង១ពាន់លានដុល្លារ ក៏ខាតបង់។
ប៉ុន្តែបើពិនិត្យមើលទំហំពាណិជ្ជកម្មនេះ ថៃអាចខាតបង់ច្រើនជាងកម្ពុជា ។ នេះមិនទាន់រាប់បញ្ចូលពីពលរដ្ឋខ្មែរ ទៅព្យាបាលជំងឺនៅប្រទេសថៃទៀតផង។ នេះបើតាមសម្ដេចតេជោលើកឡើងនៅថ្ងៃនេះ ។
សម្តេចតេជោប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្រ្តីជាង៣៧ឆ្នាំរូបនេះ ក៏បានរម្លឹកថា ថៃគួរតែលេងនយោបាយឈ្នះ-ឈ្នះទាំងអស់គ្នា ជាមួយកម្ពុជា ដូចគ្រាដែលលោក ប្រាយុទ្ធ ច័ន្ធអូចា ដឹកនាំប្រទេសថៃ ចាប់តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣។ បើតាមសម្ដេច ជំនាន់ក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ នេះ គឺស្ថានភាពភាគីទាំងពីរ មានសន្តិភាព និងស្ថិរភាព។
«អាងអី អាងគំរាម! ប៉ុន្តែសម័យបច្ចុប្បន្ននេះ មិនអាចគំរាមមើលងាយកម្ពុជាបានទេ រាប់ទាំងការគំរាមផ្នែកយោធា»។ នេះជាការបញ្ជាក់របស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា កម្ពុជា មិនអាចឱ្យនរណាម្នាក់ មើលងាយបានឡើយ។
សម្តេចតេជោ ហ៊ុន សែន និយាយដោយត្រង់ថា មានទំនាក់ទំនងល្អជាមួយថៃ ពេល លោក ប្រាយុទ្ធ ចាន់អូចា ដឹកនាំ ។
សម្តេចតេជោ ហ៊ុនសែនចាត់ទុកនាយករដ្ឋមន្រ្តីថៃជាក្មេងប្រមាថមនុស្សចាស់!ក្នុងនោះសម្តេចតេជោហ៊ុនសែន បាននិយាយទៅកាន់ប្រទេសថៃថា ដើម្បីបំពេញចិត្តសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីថៃហ៊ានប្រមាថយោធាខ្លួន ហើយការប្រមាថឧត្តមសេនីយ៍ភូមិភាគ២ ស្មើនឹងប្រមាថព្រះមហាក្សត្រ។ កុំមកនិយាយថាវាជាយុទ្ធសាស្រ្តចរចា ថៃចាត់ទុកយ៉ាងម៉េចមិនដឹង តែកម្ពុជាចាត់ទុកថាជាអំពើក្បត់ជាតិ។ សម្តេចហ៊ុនសែនថា៖«អ្នកឯងប្រមាថមនុស្សខុសហើយ អ្នកឯងប្រមាថមនុស្សដែលជួយឪពុក និងម្តាយមីងរបស់ខ្លួន»៕
ដោយ ៖ សិលា