ទីក្រុងសេអ៊ូល ស្នើទីក្រុងព្យុងយ៉ាង ប្រាប់ជាមុន មុនបញ្ចេញទឹកពីទំនប់ទឹក

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង នៅថ្ងៃសុក្រ ទី២៧ ខែមិថុនា បានស្នើឱ្យកូរ៉េខាងជើងជូនដំណឹងទីក្រុងសេអ៊ូលជាមុន នៅពេលបញ្ចេញទឹកពីទំនប់ទឹកមួយកន្លែង នៅឯតំបន់ព្រំដែនរវាងកូរ៉េទាំង២ ដោយលើកឡើងពីហេតុផលមនុស្សធម៌។

កូរ៉េខាងជើងបានចាត់វិធានការជាច្រើនដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ ក្នុងនោះរួមមានទាំងបញ្ចេញទឹកចេញពីទំនប់ទឹកមួយកន្លែងនៅព្រំដែនភាគខាងត្បូងរបស់ខ្លួន ដោយបង្កឱ្យមាន ការព្រួយបារម្ភពីសុវត្ថិភាព និងគ្រោះទឹកជំនន់នៅក្នុងប្រទេសកូរ៉េខាងត្បូង។ «បញ្ហានេះមានជាប់ពាក់ព័ន្ធដោយផ្ទាល់នឹងសុវត្ថិភាពពលរដ្ឋរបស់យើងកំពុងរស់នៅតាមបណ្ដោយពំ្រដែន»។ នេះជាការគូសបញ្ជាក់របស់លោកស្រី Chang Yoon-jeong ជាអ្នកនាំពាក្យរងនៃក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ប្រាប់ក្រុមអ្នកសារព័ត៌មាន។
អ្នកនាំពាក្យរូបនេះបន្ថែមថា «ការឆ្លើយតបរួមគ្នាទៅនឹងគ្រោះមហន្តរាយធម្មជាតិ គឺជាបញ្ហាមនុស្សធម៌ ហើយកូរ៉េខាងត្បូង និងកូរ៉េខាងជើងបានឯកភាពគ្នាជាច្រើនលើក ក្នុងការធ្វើកិច្ចសហប្រតិបត្តិការដើម្បីទប់ស្កាត់ការខូចខាតបង្កឡើងដោយគ្រោះទឹកជំនន់។ ដូច្នេះយើងស្នើឱ្យកូរ៉េខាងជើងជូនដំណឹងដល់យើងជាមុន នៅពេលបញ្ចេញទឹកចេញពីទំនប់ ក្រោមហេតុផលមនុស្សធម៌ដើម្បីរារាំងការខូចខាតនៅតំបន់ព្រំដែន…អំឡុងរដូវភ្លៀង»។
តាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ដែលមានភារកិច្ចត្រួតពិនិត្យលើទំនាក់ទំនងជាមួយកូរ៉េខាងជើង ជនជាតិកូរ៉េខាងត្បូង៦នាក់ បានស្លាប់ក្នុងឆ្នាំ២០០៩ ក្រោយព្យុងយ៉ាងបញ្ចេញទឹកដោយគ្មានការជូនដំណឹងជាមុន៕

...

រូបថត​: YONHAP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print