ខេត្តស្វាយរៀង៖ លោក សរ សុដានី អភិបាលរងខេត្តតំណាងលោក ប៉េងពោធ៏សា អភិបាលខេត្តស្វាយរៀង បានថ្លែងថា រុក្ខទិវាបានជម្រុញលើកកម្ពស់ស្មារតីស្រលាញ់ធម្មជាតិ ព្រៃឈើ សត្វព្រៃ ដល់ បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីពង្រីកការដាំដុះថែរក្សាការពារព្រៃឈើ អោយក្លាយជាលំនៅដ្ឋានបៃតង សហគមន៍បៃតង ក្រុងស្រុកបៃតង ព្រោះថាព្រៃឈើបានរួមចំណែកច្រើនណាស់ក្នុងបរិស្ថានជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្សជាតិ និងបានលើកកម្ពស់សេដ្ឋកិច្ចជាតិ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។
ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ ក្នុងពិធីរុក្ខទិវាដែលប្រារព្ធធ្វេីនៅបរិវេណអនុវិទ្យាល័យសោមឯមឆ្មា
ដោយមានការចូលរួមពីសំណាក់និងលោក រាណ សុវណ្ណរិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត តតំណាងលោក ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្តមៅក្នុងភូមិពង្រ ឃុំឆ្មា ស្រុរំដួល ខេត្តស្វាយរៀង។
មានប្រសាន៍ទៅកាន់ពិធីនេះ លោកអភិបាលរងខេត្តបានថ្លែងថា ថ្ងៃនេះជាទិវាមួយប្រកបដោយបរិយាកាសរីករាយក្រោមដំបូលសន្តិភាព ហេីយបានប្រារព្ធពិធីរុក្ខទិវា ឆ្នាំ២០២៥នេះ និងសូមសម្តែងនូវការ អបអរសាទរយ៉ាង ក្រៃលែងដោយឃើញវត្តមានមន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញចូលរួមនាពេលនេះ ទន្ទឹមនេះសូមកោតសរសើរដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានជ្រើសរើសយកអនុវិទ្យាល័យសោមឯមឆ្មា ស្ថិតនៅភូមិ ពង្រ ឃុំឆ្មា ស្រុករំដួល សំរាប់ចាត់ចែងរៀបចំពិធីនេះឡើងតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដែលបាន កំណត់យកថ្ងៃ៩ ខែកក្កដា រៀងរាល់ឆ្នាំ ជាថ្ងៃប្រារព្ធពិធី រុក្ខទិវា សម្រាប់ជាឧត្តមប្រយោជន៍ដល់សង្គមជាតិយើង។
លោកអភិបាលរងបានបន្តថា ពិធីរុក្ខទិវាដែលកំពុងប្រារព្ធឡើងនៅពេលនេះ មានអត្ថន័យ និងសារៈសំខាន់យ៉ាងជ្រាលជ្រៅបំផុត សម្រាប់បំផុសស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទឲ្យចូលរួម ដាំដុះព្រៃឈើ ថែរក្សាការពារព្រៃឈើ សត្វព្រៃ ដើម្បីប្រែក្លាយទីនេះឲ្យមានភាពស្រស់បំព្រង និងអភិវឌ្ឍន៍ធនធានព្រៃឈើ ឲ្យកាន់តែសំបូរឡើងថែមទៀត នៅគ្រប់ទិសទីក្នុងខេត្តស្វាយរៀង។
ជាមួយនេះ លោកអភិបាលរងខេត្ត បានសង្ឃឹមជឿជាក់ថាបងប្អូនប្រជាពលរដ្ឋយើងនឹងយកចិត្តទុកដាក់ និងជំរុញការដាំឈើ គ្រប់ប្រភេទឲ្យច្រើនជាអតិបរិមានៅតាម ទីវត្តអារាម តាមភូមិដ្ឋាន តាមទីសាធារណៈ តាមប្រព័ន្ធទំនប់ប្រឡាយ និងតាមដងផ្លូវនានា ហើយខិតខំថែរក្សារុក្ខជាតិ ទាំងនេះឲ្យដុះលូតលាស់ឡើងជាប្រយោជន៍ដល់មនុស្សជាតិលើពិភពលោករាប់ជំនាន់ក្រោយៗទៀត៕
ដោយ៖ សុថាន