ខេត្តព្រះវិហារ ៖ បុរសខ្លាំងនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ប្រធានព្រឹទ្ធសភា បានព្រមានយ៉ាងធ្ងន់ៗថា ប្រទេសកម្ពុជា មានសិទ្ធិការពារខ្លួន និងមានសិទ្ធិវាយបកទៅលើខ្មាំងសត្រូវដែលមានមហិច្ឆតាឈ្លានពានទឹកដីកម្ពុជា បើទោះបីកម្ពុជា មានសព្វាវុធ អាចបាញ់ដល់ទីក្រុងបាងកក ក៏ប៉ុន្តែកម្ពុជា មិនធ្វើបែបនេះទេកម្ពុជាសុំត្រឹមតែការពារជាតិ ទប់ទល់ និងវាយបកសត្រូវដែលមានមហិច្ឆតាឈ្លានពានចូលដីខ្មែរតែប៉ុណ្ណោះ។
ការបញ្ជាក់បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្រុក-ក្រុង ខេត្តព្រះវិហារចំនួន ៤៤៦នាក់ នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ។
ពាក់ព័ន្ធនឹងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ, ត្រូវសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជា ចង់បន្តដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ដោយសន្តិវិធី តាមយន្តការទ្វេភាគីផង និងតាមយន្តការតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ផង។ យន្តការទាំងនេះចំណុចនេះ គឺជាយន្តការដោះស្រាយជម្លោះរវាងប្រទេសទាំងពីរ ប្រកបដោយសន្តិវិធីទាំងអស់ ប៉ុន្តែរឿងដែលកម្ពុជាបញ្ជូនទ័ពមកព្រំដែន គឺផ្តើមចេញពីព្រឹត្តិការណ៍ថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២៥កន្លងទៅដែលបណ្តាលឱ្យយោធិនកម្ពុជា ម្នាក់បានពលីដោយសារតែទាហានថៃ លួចបាញ់ប្រហារ។
«លើលោកនេះ មិនទាន់មាននរណាអាចបោកប្រាស់ ហ៊ុន សែន បានទេ។ មិនទាន់មាននរណា យកប្រៀបលើ ហ៊ុន សែន បានទេ»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានផ្ដាំទៅនាយករដ្ឋមន្រ្តីថៃ ផែថងថាន ស៊ីណាវ៉ាត់ត្រា ថា កុំចង់លេងល្បិចជាមួយសម្ដេច លើបញ្ហាព្រំដែននេះ។
សម្ដេច ហ៊ុន សែន បានបន្ថែមថា នាយករដ្ឋមន្រ្តីថៃ កំពុងមើលសម្ដេចខុសហើយ ដែលហ៊ានប្រមាថលើសម្ដេច ។ សម្ដេច ក៏បានរម្លឹកថា សម្ដេចធ្លាប់ជួយសង្គ្រោះលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា និងលោកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ត្រា ដែលត្រូវជាឪពុកនិងម្ដាយមីង របស់នាយករដ្ឋមន្រ្តី ផែថងថាន។
មូលហេតុដែលប្រធានព្រឹទ្ធសភា ចាត់ទុកទង្វើនាយករដ្ឋមន្រ្តីថៃ ផែថងថាន កំពុងលេងល្បិចជាមួយសម្ដេចនោះ គឺត្រង់ថា នាយករដ្ឋមន្រ្តីថៃរូបនេះ បានប្រើប្រាស់ពាក្យសម្ដីជេរប្រមាថមេយោធាថៃភូមិភាគ២ របស់ខ្លួនឯង ដើម្បីមកលួងលោមសម្ដេច ក្នុងការដោះស្រាយបញ្ហាព្រំដែន។ សម្រាប់សម្ដេច ហ៊ុន សែន យុទ្ធសាស្រ្តបែបនេះ គ្រាន់តែជាល្បិចតូចតាចមួយ ដែលសម្ដេចធ្លាប់ជួបក្នុងអាជីពនយោបាយជាង៤០ឆ្នាំមកនេះ។
«អ្នកឯង ប្រមាថជនជាតិអ្នកឯងបាន តែអ្នកឯងមិនអាចប្រមាថខ្ញុំបានទេ។ អ្នកឯងចោទប្រកាន់ឧត្តមសេនីយ៍របស់ខ្លួន ដើម្បីបំពេញចិត្តខ្ញុំដែលជាជនបរទេស»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបានបន្ថែមថា នាយករដ្ឋមន្រ្តីថៃ ផែថងថាន គ្មានភាពស្មោះត្រង់ជាមួយប្រជាជនថៃ។ សម្ដេច ចាត់ទុកពាក្យសម្តីរបស់នាយករដ្ឋមន្រ្តីថៃ ដែលបានប្រើប្រាស់ពាក្យសម្តីជេរប្រមាថមេទព័ថៃ ជាទង្វើមិនគួរគប្បីក្នុងនាមជាមេដឹកនាំថៃ ៕
ដោយ ៖ សិលា