ខេត្តកណ្តាល ៖ ម្ចាស់ទូតដរ ពីរនាក់ប្តីប្រពន្ធ វ័យប្រមាណជាង៧០ ឆ្នាំ កំពុងបាត់ខ្លួនដោយសារលិចទូកដរ ក្នុងពេលកំពុងសម្រាក កាលពីយប់មិញ ស្ថិតនៅចំណុចកោះមាស ក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
បច្ចុប្បន្នអាជ្ញាធរស្រុកកៀនស្វាយ សហការជាមួយសមត្ថកិច្ចជំនាញ់ កំពុងយកចិត្តទុក្ខដាក់ចុះរុករក និង ស្រាវជ្រាវរក។
បើតាមលោក ឡូវ សុខសាន្ត អភិបាល នៃគណ: អភិបាលស្រុកគៀនស្វាយ បានប្រាប់ សារព័ត៌មាន ថា បច្ចុប្បន្ននេះ អាជ្ញាធរសហការជាមួយមន្ត្រីជំនាញ កំពុងបើកការស្រាវជ្រាវ ស្វែងរកមូលហេតុនៃហេតុការណ៍លិចទូកដរនេះ។លោកទទួលបានប្រភពពី ពលរដ្ឋអាជីវកលក់បន្លែ ថា ទូកដរនេះ ឃើញលិចតាំងពីម៉ោង ៣យប់ ឈានចូលថ្ងៃទី ២៧ មិថុនានេះ។
តាមប្រភពពីប្រជាពលរដ្ឋរស់នៅលើកោះមាស បានឱ្យដឹងថា ម្ចាស់ទូកដរ គឺជាប្តីប្រពន្ធគ្នា ហើយមានវ័យប្រមាណជាង ៧០ ឆ្នាំ ហើយទូកដររបស់គាត់ ហាក់មានសភាពទ្រុឌទ្រោម ហើយពីរនាក់ប្តីប្រពន្ធចំណាស់ គឺពួកគាត់សម្រាកនៅដំបូលលើទូកដរ។តែក្រោយពី ស្រង់ទូកដរ គឺមិនឃើញម្ចាស់ទូកវ័យចំណាស់នោះទេ ដែលអាចសង្ស័យថា ពួកគាត់អាចនឹងបាត់បង់ជីវិត ព្រោះកន្លងទៅធ្លាប់មានករណីបែបនេះ ហើយសាកសពរកឃើញជាប់ព្រំដែនវៀតណាម។
សូមបញ្ជាក់ថា ៖ គិតត្រឹមម៉ោង៦ និង៣០នាទីល្ងាចថ្ងៃទី២៧ មិថុនានេះ សមត្ថកិច្ចនៅមិនទាន់អាចទាញស្រង់«ទូកដរ»លិច ចេញពីទន្លេ បាននៅឡើងទេ ខណៈតាយាយម្ចាស់ទូកដរ មិនទាន់រកឃើញនោះទេ ៕
ដោយ ៖ សិលា