ភ្នំពេញ : ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់កម្មវិធីសំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម របស់សមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា នៅមជ្ឈមណ្ឌល សាលសន្និបាត និងពិព័រណ៍កោះពេជ្រ នារសៀលថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា និន្នាការនេះ បានផ្តល់នូវកាលានុវត្តភាពថ្មីៗ សម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងការចូលរួមពង្រីកពិពិធកម្មសេដ្ឋកិច្ច និងផ្សារភ្ជាប់ខ្លួនទៅនឹងខ្សែច្រវាក់ផ្គត់ផ្គង់ តំបន់ និងពិភពលោក ដែលកំពុងត្រូវការធាតុចូលពីក្នុងស្រុកកាន់តែច្រើន និងការបង្កើនតម្លៃបន្ថែម ដែលកាន់តែមានសក្តានុពល។
សម្តេចធិបតី អះអាងថា សមិទ្ធផល និងវឌ្ឍនភាពផ្នែកសង្គម-សេដ្ឋកិច្ចដែលកម្ពុជាសម្រេចបានក្នុងពេលជាង ២ទសវត្សរ៍នេះ បានបង្កើតនូវមោទនភាពជាតិថ្មីមួយទៀត នោះគឺការឈានឆ្ពោះទៅការចាកចេញពីក្រុមប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៩ ។ សហគ្រាសធុនមីក្រូតូច និងមធ្យម ពិតជាបានរួមចំណែកយ៉ាងសកម្ម ហើយនឹងត្រូវមានតួនាទីគន្លឹះក្នុងដំណើរឆ្ពោះទៅគោលដៅនេះ ។
សម្តេចធិបតី បន្ថែមថា សហគ្រាសធុនមីក្រូ, តូច និង មធ្យម បាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតផ្គត់ផ្គង់ និង ផ្តល់សេវា ហើយកំពុងខិតខំអភិវឌ្ឍខ្លួនឱ្យឆ្លើយតបទៅនឹងនិន្នាការថ្មីៗ, ជាពិសេសគឺរបត់នៃការប្រែប្រួលលក្ខខណ្ឌតម្រូវរបស់ទីផ្សារ, លក្ខខណ្ឌតម្រូវផ្នែកបរិស្ថាន និង ការវិវត្តដ៏លឿននៃបច្ចេកវិទ្យា។
សម្តេចធិបតី បន្ដថា រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា មានឆន្ទៈ និង ការប្ដេជ្ញាមោះមុត ក្នុងការបន្តអនុវត្តគោលនយោបាយ រៀបចំយន្តការគាំទ្រ និងការលើកទឹកចិត្តថ្មីៗបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យនេះ ។
ក្នុងន័យនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្រសួង ស្ថាប័ន និងវិស័យឯកជន រួមទាំងគ្រឹះស្ថានហិរញ្ញវត្ថុ ក៏បានរៀបចំយន្តការជាក់ស្តែង ដើម្បីកែលម្អបរិយាកាសធុរកិច្ច និង គាំទ្រដោយផ្ទាល់ដល់សហគ្រាសក្នុងស្រុក។ បរិវត្តកម្មឌីជីថលបានសម្រួលដល់ការចុះបញ្ជីពាណិជ្ជកមុ្ម, ចុះបញ្ជីពន្ធដារ, ការស្នើសុំប្រកាសបង្កើត និង ដំណើរការអាជីវកម្មនានា ដោយកាត់បន្ថយពេលវេលា និងការចំណាយ៕
ដោយ : សិលា