ខេត្តសៀមរាប៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥នេះ បានបង្ហាញមុខជនសង្ស័យម្នាក់ជាជនជាតិចិន ដែលមានជំនាញប្រើល្បិចដាក់ថ្នាំលួចបន្លំយកលុយនៅតាមទីតាំងផ្ទេរប្រាក់វីង(Wing) ជាសាធារណៈ និងបានបញ្ជូនខ្លួនជនសង្ស័យឱ្យទៅនគរបាលខេត្តត្បូងឃ្មុំវិញ ព្រោះជាម្ចាស់ករណី ដើម្បីបន្តនីតិវិធីច្បាប់ ក្រោយកម្លាំងជំនាញស្រាវជ្រាវឃាត់ខ្លួន។
ជនសង្ស័យរូបនេះ មានឈ្មោះ LUO GONGZHENG. ភេទប្រុស អាយុ៤៨ឆ្នាំ ជាជនជាតិចិន ។
សមត្ថកិច្ចបានបញ្ជាក់ថា យោងតាមការផ្តល់ព័ត៌មានពីបងប្អូនអាជីវករ និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលខេត្តត្បូងឃ្មុំ និងកម្លាំងនគរបាលស្រុកប្រាសាទបាគង បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ដែលបានធ្វើសកម្មភាពដើរដូរលុយតាមស្នាក់ការវីង ក្នុងស្រុកប្រាសាទបាគង តែដោយសារបងប្អូនអជីវករ ធ្លាប់ឃើញភិនភាគជនសង្ស័យរូបនេះ ដូចជនសង្ស័យ ដែលអ្នករងគ្រោះបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុគ ពាក់ព័ន្ធ ករណីដាក់ថ្នាំ លួចលុយ(កេងបន្លំលុយតាមស្នាក់ការវីង)កន្លងមក ក៏បានរាយការណ៍ មកអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ភ្លាមៗកម្លាំងជំនាញ បានចេញអន្តរាគមន៍ និងនាំជនសង្ស័យរូបនេះ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ មកអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីសាកសួរនាំ ។
ចំណែកវត្ថុតាងដកហូតបានរួមមាន៖ លុយខ្មែរចំនួន ២០០០០០៛ (មួយម្ភៃម៉ឺនរៀល) និងលុយដុល្លា ចំនួន ១០០$ ((មួយរយដុល្លា) ម៉ូតូចំនួន១គ្រឿង ម៉ាក SUZUKI ពណ៌ខ្មៅ តែមក្រហម ផ្លាកលេខភ្នំពេញ 1BP-1259 ទូរស័ព្ទចំនួន១គ្រឿង ម៉ាកIPHONE ពណ៌មាស មានស្រោមជ័រ ពណ៌ស មានស៊ីម(Metfone) ,មួកសុវត្តិភាពពណ៌ ប្រផេះ និងកាបូបស្ពាយពណ៌ខ្មៅចំនួន១។
គួរបញ្ជាក់ថា ជនសង្ស័យរូបនេះ ធ្លាប់ធ្វើសកម្មភាពលួចលុយ( កេងបន្លំលុយតាមស្នាក់ការវីង) នៅខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ បានលុយចំនួន៥០០០ ០០០៛ (ប្រាំលានរៀល)ហើយរត់គេចខ្លួនបាត់។
បច្ចុប្បន្នយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ជនសង្ស័យ និងវត្ថុតាងត្រូវបាននគរបាលខេត្តសៀមរាប ឃាត់ខ្លួនបណ្ដោះអាសន្នដើម្បីអនុវត្តនិតិវិធីតាមច្បាប់បន្ត៕ដោយ៖សូរិយា