បង្ហាញមុខ​ជនជាតិចិនម្នាក់​ ជំនាញប្រើល្បិចដាក់ថ្នាំលួចបន្លំយកលុយនៅតាមទីតាំងផ្ទេរប្រាក់វីង(Wing)​ នៅខេត្តត្បូងឃ្មុំ​ និងខេត្ត​សៀមរាប

ចែករំលែក៖

ខេត្ត​សៀមរាប៖​ កម្លាំង​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ នៅថ្ងៃទី​២៨​ ខែមិថុនា​ ឆ្នាំ​២០២៥នេះ​ បានបង្ហាញមុខជនសង្ស័យម្នាក់ជាជនជាតិចិន​ ដែលមានជំនាញប្រើល្បិចដាក់ថ្នាំលួចបន្លំយកលុយនៅតាមទីតាំងផ្ទេរប្រាក់វីង(Wing)​ ជាសាធារណៈ​ និងបានបញ្ជូនខ្លួន​ជនសង្ស័យ​ឱ្យទៅ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​វិញ​ ព្រោះជាម្ចាស់ករណី ដើម្បី​បន្ត​នីតិវិធី​ច្បាប់​ ក្រោយ​កម្លាំងជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន​។

ជនសង្ស័យរូបនេះ មានឈ្មោះ LUO GONGZHENG. ភេទប្រុស អាយុ៤៨ឆ្នាំ ជាជនជាតិចិន ។

សមត្ថកិច្ចបានបញ្ជាក់ថា​ យោងតាមការផ្តល់ព័ត៌មានពីបងប្អូនអាជីវករ និងដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលខេត្តសៀមរាប សហការជាមួយនគរបាលខេត្តត្បូងឃ្មុំ និងកម្លាំងនគរបាលស្រុកប្រាសាទបាគង បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ដែលបានធ្វើសកម្មភាពដើរដូរលុយតាមស្នាក់ការវីង ក្នុងស្រុកប្រាសាទបាគង តែដោយសារបងប្អូនអជីវករ ធ្លាប់ឃើញភិនភាគជនសង្ស័យរូបនេះ ដូចជនសង្ស័យ ដែលអ្នករងគ្រោះបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុគ ពាក់ព័ន្ធ ករណីដាក់ថ្នាំ លួចលុយ(កេងបន្លំលុយតាមស្នាក់ការវីង)កន្លងមក ក៏បានរាយការណ៍ មកអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ភ្លាមៗកម្លាំងជំនាញ បានចេញអន្តរាគមន៍ និងនាំជនសង្ស័យរូបនេះ កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥​ មកអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីសាកសួរនាំ ។

ចំណែក​វត្ថុតាងដកហូតបានរួមមាន៖​ លុយខ្មែរចំនួន ២០០០០០៛ (មួយម្ភៃម៉ឺនរៀល) និងលុយដុល្លា ចំនួន ១០០$ ((មួយរយដុល្លា) ម៉ូតូចំនួន១គ្រឿង ម៉ាក SUZUKI ពណ៌ខ្មៅ តែមក្រហម ផ្លាកលេខភ្នំពេញ 1BP-1259 ទូរស័ព្ទចំនួន១គ្រឿង ម៉ាកIPHONE ពណ៌មាស មានស្រោមជ័រ ពណ៌ស មានស៊ីម(Metfone) ,មួកសុវត្តិភាពពណ៌ ប្រផេះ និងកាបូបស្ពាយពណ៌ខ្មៅចំនួន១។

គួរបញ្ជាក់ថា​ ជនសង្ស័យរូបនេះ ធ្លាប់ធ្វើសកម្មភាពលួចលុយ( កេងបន្លំលុយតាមស្នាក់ការវីង) នៅខេត្តត្បូងឃ្មុំ​ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ បានលុយចំនួន៥០០០ ០០០៛ (ប្រាំលានរៀល)ហើយរត់គេចខ្លួនបាត់។

...

បច្ចុប្បន្នយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ជនសង្ស័យ និងវត្ថុតាងត្រូវបាននគរបាលខេត្តសៀមរាប​ ឃាត់ខ្លួន​បណ្ដោះអាសន្ន​ដើម្បីអនុវត្តនិតិវិធីតាមច្បាប់បន្ត៕ដោយ​៖សូរិយា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print