អាជ្ញាធរខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដុតកំទេចចោលគ្រឿងញៀនចំនួន ៤៣៣គីឡូក្រាម

ចែករំលែក៖

ខេត្ត​កំពង់ចាម៖ ក្នុងឱកាសប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោម ប្រធានបទ «រួមគ្នា បង្កា ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» ក្នុងស្រុកចំការលេី​ នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះ អាជ្ញាធរខេត្តកំពង់ចាម សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដុតកំទេចចោលគ្រឿងញៀនចំនួន ៤៣៣គីឡូក្រាម ដែលជាគ្រឿងញៀនធ្វើការបង្ក្រាបបាន នៅពេលចរាចរឆ្លងកាត់ខេត្តកំពង់ចាម នាពេលកន្លងមក និងមួយចំនួនតូច បង្ក្រាបបាននៅក្នុង ភូមិសាស្ត្រខេត្តកំពង់ចាម។

ថ្លែងក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំដល់សមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ត្រូវទប់ស្កាត់បង្ក្រាបឱ្យបានជាដាច់ខាតរាល់ការផលិត និងការនាំចូលនូវសារធាតុ គ្រឿងញៀនខុសច្បាប់ ពិសេសត្រូវធ្វើការផ្សព្វផ្សាយអប់រំ ជំរុញលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ឱ្យបានយល់ដឹងស៊ីជម្រៅកាន់តែច្បាស់អំពីផលប៉ះពាល់ គ្រោះថ្នាក់ និងវិនាសកម្មនៃគ្រឿងញៀន ដោយត្រូវនិយាយថាទេដាច់ខាតចំពោះគ្រឿងញៀន។

ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមចំណែកអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីភូមិឃុំយើងមានសុវត្ថិភាព នោះគឺ គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ។ មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ គ្មានអំពើអនាចារ គ្មានការ ជួញដូរមនុស្ស ពិសេសស្រ្តី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើងផងដែរ ។

...

ក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងសមត្ថកិច្ច និង លេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែល បានអនុវត្តតាមផែនការប្រៀបសមរភូមិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អ ក្នុងស្រុក-ក្រុងទាំង១០ ស្មើនឹង១០៩ ឃុំ-សង្កាត់ ក្នុងនោះឃុំពណ៌ ស មាន ចំនួន ១០៥ ឃុំពណ៌ប្រផេះ មានចំនួន ៣ ដោយពុំមានឃុំពណ៌ ខ្មៅ នោះឡើយ ៕
ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print