ខេត្តតាកែវ ៖ កម្ពុជា អាចម្ចាស់ការបាននៅក្នុងដំណាក់កាលដែលលំបាក និងអាចទប់ទល់នឹងការប៉ុនប៉ង គំរាមកំហែង មិនថាក្នុងផ្នែកយោធា តាមផ្លូវច្បាប់ និងសេដ្ឋកិច្ច។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ជាក់ដូច្នេះ នៅក្នុងទិវាមច្ឆជាតិ ១កក្កដា ពីខេត្តតាកែវ ដោយបន្ថែមថា គ្មានអ្នកណាមើលងាយកម្ពុជាបាននោះទេ ព្រោះច្រើនឆ្នាំមកនេះ ក្រៅតែពីធានាបានសន្តិសុខ ស្ថិរភាពនយោបាយ កម្ពុជា បានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវជាច្រើនវិស័យ ក្នុងការពង្រឹងការអប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មានទឹក ផ្លូវ ភ្លើង, បច្ចេកវិទ្យា អ៊ីន ធឺណិត ទាំងវិស័យឯកជន និងរដ្ឋ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់ជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ ការបិទព្រំដែនជាមួយថៃ មិនធ្វើឱ្យប៉ះពាល់សន្តិសុខស្បៀងនោះឡើយ ហើយក៏ធានាបានការដោះស្រាយទីផ្សារសម្រាប់ទំនិញរបស់កម្ពុជាផងដែរ!
សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា កម្ពុជានៅតែបន្តដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងច្បាប់អន្តរជាតិដដែល ហើយកុំឃើញកម្ពុជាស្ងៀមស្ងាត់កុំគិតថា កម្ពុជាខ្លាចខ្លួនឲ្យសោះ កម្ពុជាមានលទ្ធភាពឆ្លើយតបគ្រប់ពេលវេលាទាំងអស់។
ឆ្លើយតបទៅកាន់ភាគីថៃសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា កម្ពុជា ពុំបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ថៃ ដូចការចោទប្រកាន់របស់ថៃនោះទេ សូមបញ្ឈប់ការលាបពណ៌ដល់កម្ពុជាទៀតទៅ។
សម្ដេចធិបតី៖«អ្នកលេង ប៉ះអ្នកមែន, កម្ពុជាអត់លឹបលៗទេ»! កម្ពុជារង់ចាំអ្នកមានសិទ្ធិពិតប្រាកដ អ្នកមានអំណាចពិតប្រាកដរបស់ថៃមកដោះស្រាយជាមួយកម្ពុជា ៕
ដោយ ៖ សិលា