ភ្នំពេញ ៖ជនសង្ស័យចំនួន២នាក់ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួនបន្ទាប់ពីឆែកឆេរកឃើញនូវដែកចុងស្រួចកែច្នៃសំរាប់ឆ្កឹះមេសោរចំនួន២សសៃនៅជាប់និងខ្លួន។
ការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី២៩ខែសីហាឆ្នាំ២០១៦នៅចំណុចផ្លូវលេខ២០០៤ស្ថិតក្នុងក្រុម៥ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យដែលឃាត់ខ្លួននោះទី១ឈ្មោះ សុខ ភារុន ភេទប្រុសអាយុ២៤ឆ្នាំមុខរបរ លក់ទូរស័ព្ទដៃ ស្នាក់នៅផ្ទះលេខ៣១ផ្លូវលេខ២៥៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោកនិងទី២មានឈ្មោះ ចាន់ ឡារី ភេទប្រុសអាយុ២៨ឆ្នាំមុខរបរជាងជុសជុលម៉ូតូ ស្នាក់នៅម្តុំផ្លូវរទេះភ្លើង សង្កាត់បឹងកក់២ខ ណ្ឌទួលគោករាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានអោយដឹងថាមុននិងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើគឺកំលាំងនគរបាលចរាចរសហការណ៍និងកំលាំងចំរុះបានដាក់គោលដៅត្រួតពិនិត្យច្បាប់ចរាចរមួកកញ្ចក់នៅចំណុចខាងលើពេលនោះជនសង្ស័យទាំ២នាក់បានជិះម៉ូតូ១គ្រឿងម៉ាកSL ពណ៍ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ1N.8855ដោយអ្នកបើកបរមិនពាក់មួកសុវត្ថិភាពនិងម៉ូតូមិនមានដាក់កញ្ចក់នោះសមត្ថកិច្ចបានឃាត់ត្រួតពិនិត្យនិងឆែកឆេក៍រកឃើញដែកចុងស្រួចកែច្នៃចំនួន២នៅជាប់និងខ្លួនជនសង្ស័យឈ្មោះ ចាន់ ឡារី ទើបឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាលទឹកថ្លាតែម្តង។
ចំណែកជនសង្ស័យវិញបានឆ្លើយប្រាប់សមត្ថកិច្ចថាដែកចុងស្រួចនោះគឺគេទុកសំរាប់ធ្វើខ្សៀម៉ូតូព្រោះគេជាជាងជុសជុលម៉ូតូស្រាប់។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាបានប្រាប់អោយដឹងថា ការឆ្លើយរបស់ជនសង្ស័យនេះគឺជាចំលើយដោះសារទេព្រោះបើតាមជំនាញរបស់សមត្ថកិច្ចដែកនេះគឺច្នៃសំរាប់ទុកឆ្កឹះមេសោរបន្ទប់ ផ្ទះ និងសោរជន្ទាល់ម៉ូតូរួចធ្វើសកម្មភាពលួចតែម្តង។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការបន្តរតាមនិតិវិធី៕
ដោយៈ តុង សីហា