ខេត្តព្រៃវែង : សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានរំលឹកថា នៅពេលចាប់ផ្ដើមធ្វើរណសិរ្សដំបូង យើងបានចេញពី ៥ក្រុមផ្សេងគ្នា ហើយអ្វីដែលជាមោទនភាពធំបំផុតរបស់គណបក្សប្រជាជនកម្ពុជានៅពេលនោះ គឺផ្ដើមចេញពីចលនាតំបន់ខុសៗគ្នា ពេលវេលាខុសៗគ្នា ប៉ន្តែគឺដើម្បីសម្រេចគោលដៅរួមគ្នា។
នៅក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយសិស្ស និស្សិត និងលោកគ្រូ អ្នកគ្រូ នៅមជ្ឈមណ្ឌលអប់រំបណ្តុះបណ្តាល ជាស៊ីមកំចាយមារ នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ដថា យើងបានចាប់ផ្ដើមពី៥ក្រុមផ្សេងគ្នា មករួមគ្នានៅក្នុងគណបក្សនយោបាយតែមួយ ហើយមានសាមគ្គីភាពរឹងមាំបំផុតគ្មាននរណាអាចបំបែកបាននោះទេ ដែលនេះគឺជាមោទនភាពធំបំផុត និងភាពខ្លាំងបំផុតរបស់គណបក្សប្រជាជនកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំនាន់ចាស់បានធ្វើការជាមួយគ្នា ឆ្លងកាត់នូវការលំបាកច្រើនណាស់ អ៊ីចឹងអ្នកបន្ដវេនជំនាន់ក្រោយ មិនថាបន្ដវេនថ្នាក់កណ្ដាល ថ្នាក់ក្រោមជាតិ ឬបន្ដវេននៅកន្លែងណានោះទេ ត្រូវចងចាំថា ឪពុកម្ដាយរបស់ខ្លួនបានប្រឹងប្រែងរស់នៅរួមគ្នាតាំងពីស៊ីអត់ស៊ីឃ្លាន រហូតដល់មានភាពសំបូរសប្បាយក្នុងពេលបច្ចុប្បន្ន។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអះអាងថា គ្មានគណបក្សណាមួយនៅកម្ពុជា មានប្រជាធិបតេយ្យផ្ទៃក្នុងរឹងមាំដូចគណបក្សប្រជាជនកម្ពុជាឡើយ ដែលរាល់ការសម្រេចគោលនយោបាយអ្វីមួយ គឺមានជជែកពិភាក្សាគ្នា និងទទួលយោបល់ តាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោម។
សម្តេចមានប្រសាសន៍ថា គណបក្សខ្លះអួតថា បក្សខ្លួនប្រជាធិតេយ្យ និងចោទគណបក្សប្រជាជនថា កុម្មុយនីស ប៉ុន្តែការប្រជុំសមាជម្តងៗប្រើពេលតែ២ម៉ោង ខុសពីគណបក្សប្រជាជនរាល់ការប្រជុំសមាជបក្សប្រើពេលយ៉ាងហោចណាស់២ថ្ងៃដើម្បីជជែកភាក្សាគ្នាពីដំណើរការលទ្ធប្រជាធិបតេយ្យក្នុងបក្ស។
សម្តេចតេជោ បានសង្កត់ធ្ងន់បែបនេះថា «គ្មានបក្សណាដែលមានប្រជាធិបតេយ្យផ្ទៃក្នុងជាងគណបក្សប្រជាជននោះទេ ត្រូវចាំ។ គណបក្សខ្លះធ្វើសន្និបាត២ម៉ោង មានអីជជែកគ្នា? ប៉ុន្តែគណបក្សប្រជាជន គ្រាន់តែការប្រជុំសមាជ គេហៅថា សន្និបាតមជ្ឈឹមបើកទូលាយ យ៉ាងហោចណាស់ ក៏ប្រើពេល២ថ្ងៃដែរ ដើម្បីជជែកពីដំណើរការប្រជាធិបតេយ្យផ្ទៃក្នុង មិនមែនហៅគ្នាមកប្រជុំ គ្រាន់តែទះដៃនោះឡើយ»៕
ដោយ : សិលា