ភ្លៀងធ្លាក់ខ្លាំងនៅតែបន្តក្នុងតំបន់ជាច្រើន ក្នុងប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា នេះ បណ្តាលឲ្យប្រឈមមុខជាគ្រោះទឹកជំនន់ និងគ្រោះរអិលបាក់ដី បានបង្កការខូចខាតជាច្រើន ហើយជំរុញឱ្យមានការដាក់ពង្រាយ ភ្នាក់ងារសង្រ្គោះជាង១០០០នាក់ ដើម្បីទៅជួយប្រជាជនចេញពីកន្លែងលិចលង់។
ការប្រកាសអាសន្នកម្រិតពណ៌ក្រហម ត្រូវបានធ្វើឡើងសម្រាប់បណ្តាខេត្តនៅតំបន់ភាគខាងជើង និងខាងលិចប្រទេសចិន ខណៈបុគ្គលិកសង្រ្គោះជាង១០០០នាក់ ត្រូវបានបញ្ជូនទៅកាន់ក្រុង Taiping នៃខេត្ត Henan កាលពីថ្ងៃពុធ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានបង្កឱ្យទឹកនៅទន្លេមួយហក់ឡើងហួសច្រាំង ជាហេតុបណ្តាលឱ្យមនុស្ស៥នាក់ ស្លាប់ក្នុងគ្រោះទឹកជំនន់ភ្លាមៗ ហើយបន្សល់ទុក៣នាក់ផ្សេងទៀត បាត់ខ្លួន។
មកដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រតិបត្តិការរថភ្លើងមួយចំនួន ចូលទៅកាន់រដ្ឋធានីប៉េកាំង ត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈព្រលានយន្តហោះមួយរបស់ទីក្រុងប៉េកាំង បានមើលឃើញការពន្យារពេលនិងលុបចោលជើងហោះហើរ កាលពីចន្លោះយប់ថ្ងៃពុធ ឆ្លងចូលដល់ថ្ងៃព្រហស្បតិ៍។ នៅខេត្ត Guangxi នៃតំបន់ភាគនិរតីប្រទេសចិន អគារមួយចំនួន បានបាក់ស្រុតនៅតាមជម្រាលភ្នំ អំឡុងរយៈពេល២ថ្ងៃមកនេះ។ ដោយឡែក ទីភ្នាក់ងារជាតិឧតុនិយមចិន ក៏បានព្យាករការកើនឡើងកម្តៅខ្ពស់ផងដែរ សម្រាប់តំបន់នៅបណ្តោយឆ្នេរភាគខាងកើតប្រទេស។
ភ្លៀងធ្លាក់ខ្លាំងជោគជាំ និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ ដែលត្រូវក្រុមអ្នកវិទ្យាសាស្រ្តផ្សាភ្ជាប់ជាមួយការប្រែប្រួលអាកាសធាតុ បាននិងកំពុងបង្កជាបញ្ហាប្រឈមធំ សម្រាប់អ្នកតាក់តែងគោលនយោបាយក្នុងប្រទេសចិន ដោយសារតែពួកវាគំរាមកំហែងចំពោះហេដ្ឋារចនាសម្ព័ន្ធការពារទឹកជំនន់ បង្ខំឱ្យមនុស្សរាប់លាននាក់ត្រូវរត់ភៀសខ្លួន ហើយបង្កការខូចខាតខ្លាំង ចំពោះវិស័យកសិកម្មដែលមានទំហំ២.៨ទ្រីលានដុល្លាររបស់ចិន។ ការខាតបង់សេដ្ឋកិច្ចដោយសារគ្រោះធម្មជាតិនៅចិន មានទំហំលើស១០ពាន់លានដុល្លារ កាលពីខែកក្កដា ឆ្នាំមុន នៅពេលដែលភ្លៀងធ្លាក់ខ្លាំងប្រចាំឆ្នាំ ជាទូទៅឈានដល់កម្រិតកំពូល៕
រូបថត: TTXVN