សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថា«រឿង លោក ទ្រី ស៊ីថេង និងដំរី Lucky គឺជារឿងរបស់ អង្គការ មិនមែនរដ្ឋនោះទេ តែយើងក៏មិនបានឱបដៃមើលនោះដែរ ទើបរដ្ឋមន្រ្តីកសិកម្មបានណាត់ជួបនៅថ្ងៃនេះ ដើម្បីដោះស្រាយ»

ចែករំលែក៖

ខេត្តកំពង់ធំ : នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖ «រឿង លោក ទ្រី ស៊ីថេង និងដំរី Lucky គឺជារឿងរបស់ អង្គការ មិនមែនរដ្ឋនោះទេ តែយើងក៏មិនបានឱបដៃមើលនោះដែរ ទើបរដ្ឋមន្រ្តីកសិកម្មបានណាត់ជួបនៅថ្ងៃនេះ ដើម្បីដោះស្រាយ»

សូមបញ្ជាក់ថា ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថា រឿង លោក ទ្រី ស៊ីថេង និងដំរី Lucky គឺជារឿងរបស់ អង្គការ មិនមែនរដ្ឋនោះទេ តែរដ្ឋក៏មិនបានឱបដៃមើលនោះដែរ ទើបលោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណាត់ជួបនៅថ្ងៃនេះ ដើម្បីដោះស្រាយ។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាស សម្ដេច អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តកំពង់ធំ។

សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា រឿងដំរីនេះ មិនមែនជារឿងរបស់រដ្ឋនោះទេ ជារឿងឯករាជ្យរបស់អង្គការ ផ្ទៃក្នុងរបស់អង្គការ ដូច្នេះរដ្ឋគឺមិនជ្រៀតជ្រែកនោះទេ។

ទន្ទឹមនឹងនេះ សម្ដេចបវរធិបតី បានមានប្រសាសន៍បន្តថា ដោយសារបញ្ហានេះប៉ះពាល់ដល់មនោសញ្ចេតនាបងប្អូនប្រជាពលរដ្ឋមួយចំនួន ទើបរដ្ឋមន្ត្រីក្រសួងកសិកម្ម ទទួលជួបជាមួយលោក ទ្រី ស៊ីថេង ដើម្បីដោះស្រាយ។ យ៉ាងណាក៏ដោយ រឿងនេះជាផ្ទៃក្នុងរវាងបុគ្គលិក និងអង្គការ រដ្ឋមិនអាចទៅលូកដៃច្រើននោះទេ។

ជាថ្មីម្ដងទៀត សម្ដេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថាបើរឿងនេះមិនពាក់ព័ន្ធនឹងកង្វក់របស់បងប្អូនប្រជាពលរដ្ឋ តែជារឿងបុគ្គលនិងបុគ្គលវិញក៏យើងមិនលូកដៃនោះដែរ។ ក៏ប៉ុន្តែរឿងនេះជាការកង្វល់របស់បងប្អូនប្រជាពលរដ្ឋ ទើបរដ្ឋចូលខ្លួនសម្របសម្រួលតាមលទ្ធភាពដែលអាចធ្វើបាន។

សូមជម្រាបថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ មានគណនីឈ្មោះ TRY Sitheng បានបង្ហោះវីដេអូខ្លីមួយ បង្ហាញពីសកម្មភាពដំរី ឈ្មោះ ឡាក់គី រត់តាមម្ចាស់ (លោក ទ្រី ស៊ីថេង) បានបង្កជាភាពរំជួលចិត្តមួយដល់មហាជនដែលបានទស្សនា។ ក្នុងនោះ មហាជនអ្នកលេងបណ្ដាញសង្គម បានសំណូមពរដល់រដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការ ចូលរួមដោះស្រាយបញ្ហានេះ។

ទោះបីជាបញ្ហានេះជារឿងរវាងបុគ្គលិក និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា Wildlife Alliance Cambodia ដែលមិនមែនជាសមត្ថកិច្ចរបស់រដ្ឋក៏ដោយ ក៏រដ្ឋមិនព្រងើយកន្តើយចំពោះកង្វល់របស់បងប្អូននោះដែរ។

បន្ថែមពីនេះ នៅព្រឹកថ្ងៃនេះផ្ទាល់ លោក ឌិត ទីណា ក៏បានទទួលជួបជាមួយលោក ទ្រី ស៊ីថេង ដើម្បីពិភាក្សា និងរកនូវដំណោះស្រាយដ៏ល្អមួយសម្រាប់លោក។
ជុំវិញបញ្ហានេះ ! មជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកនិយមលេងតាមបណ្ដាញសង្គម បានតាមដានក្នុងរឿងនេះដោយយកចិត្តទុកដាក់បំផុត។ ក្នុងអារម្មណ៍របស់ពួកគាត់  ទាំងអ្នកលេងបណ្ដាញសង្គម តារា អ្នកចម្រៀង អ្នកនិពន្ធ ក៏បានរំលឹកនូវបទចម្រៀងពាក់ព័ន្ធនឹងសត្វដំរី ដោយអាណិតឡាក់គីផង អាណិតម្ដាយទី 2 របស់ lucky ផង(លោក ទ្រី ស៊ីថេង)។
អ្នកខ្លះស្ដាប់បទចម្រៀង អ្នកខ្លះមើលតាមបណ្ដាញសង្គម ឃើញពីសកម្មភាពរបស់ឡាក់គី នឹងលោក ទ្រី ស៊ីថេង នៅតែមានមនោសញ្ចេតនាខ្ពស់ ទៅលើសត្វនិងមនុស្ស ជាមួយនឹងដំណក់ទឹកភ្នែកធ្លាក់ដោយបណ្ដឹងខ្លួន។ តើស្រក់ទឹកភ្នែកមិនមែនជាបញ្ហាមែនទេ ! ទោះជាករណីនេះ ជាបញ្ហាផ្ទៃក្នុងរបស់អង្គការ ជាមួយលោក ទ្រី ស៊ីថេង ក៏ពិតមែន ។ ប៉ុន្តែ សម្ដេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានគិតគូរអំពីបញ្ហានេះ ដើម្បីរកដំណោះស្រាយជូនលោក ទ្រី ស៊ីថេង ហើយក៏ជាសារមួយ ធ្វើឱ្យប្រជាពលរដ្ឋគាំទ្រនូវអនុសាសន៍នេះ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print