មេដឹកនាំគណបក្សប្រឆាំងរបស់ប្រទេសថៃបានអំពាវនាវឱ្យមានការរំលាយសភាតំណាងរាស្រ្ត និងការបោះឆ្នោតថ្មីបន្ទាប់ពីនាយករដ្ឋមន្ត្រី Paetongtarn ត្រូវបានព្យួរតំណែង។
មេដឹកនាំគណបក្សប្រឆាំងថៃ លោក Natthapong Ruengpanyawut បាននិយាយ ថា សាធារណជនត្រូវការរដ្ឋាភិបាលដែលមានស្ថិរភាព ផ្តោតការយកចិត្តទុកដាក់ ស្របច្បាប់ និងគួរឱ្យទុកចិត្ត ដើម្បីដោះស្រាយបញ្ហាប្រឈមដែលប្រទេសនេះ រួមមានជម្លោះពន្ធគយជាមួយសហរដ្ឋអាមេរិក និងភាពតានតឹងព្រំដែនជាមួយកម្ពុជា។
លោកបានមានប្រសាសន៍ថា “ប្រទេសរបស់យើងមិនអាចមានរដ្ឋាភិបាលដែលបំពេញតាមលក្ខណៈវិនិច្ឆ័យបែបនេះបានពេញលេញដោយមិនរៀបចំការបោះឆ្នោតថ្មីនោះទេ។ នោះក៏ជាដំណោះស្រាយដ៏ល្អបំផុតចំពោះវិបត្តិបច្ចុប្បន្នដោយការប្រគល់អំណាចជូនប្រជាជនវិញ ដែលជាចៅហ្វាយនាយនៃប្រទេស”។
សំណើនេះធ្វើឡើងបន្ទាប់ពីតុលាការធម្មនុញ្ញរបស់ប្រទេសថៃបានព្យួរនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ពីតំណែងកាលពីថ្ងៃទី១ ខែកក្កដា។ ព្រះមហាក្សត្រថៃមានអំណាចចេញព្រះរាជក្រឹត្យរំលាយសភាតាមសំណើរបស់នាយករដ្ឋមន្ត្រី។ ការបោះឆ្នោតទូទៅនឹងត្រូវធ្វើឡើងក្នុងរយៈពេល 60 ថ្ងៃបន្ទាប់ពីការរំលាយ។
បើតាមមេដឹកនាំ Natthapong គណបក្សរបស់លោកនឹងទាញយកប្រយោជន៍ពីគ្រប់យន្តការច្បាប់ ដើម្បីជំរុញឱ្យមានការបោះឆ្នោតថ្មី ប្រសិនបើរដ្ឋាភិបាលមិនព្រមរំលាយសភាតំណាងរាស្រ្ត។ ទោះជាយ៉ាងនេះក្តី លោកបញ្ជាក់ថា គណបក្ស មិនគាំទ្របក្សពួកនយោបាយប្រើ “សង្រ្គាមផ្លូវច្បាប់” ផ្ទេឲ្យគ្នាទៅវិញទៅមកទេ ដោយលោកហៅយុទ្ធសាស្ត្របែបនេះថា “គ្មានប្រជាធិបតេយ្យ”។
លោកបានសង្កត់ធ្ងន់ថា “គ្មានទីបញ្ចប់នៃលទ្ធិប្រជាធិបតេយ្យទេ លុះត្រាតែមានក្រុមខ្លះប្តេជ្ញារុញវាឱ្យដល់កម្រិតកំណត់ ដណ្តើមអំណាចតាមរបៀបមិនប្រជាធិបតេយ្យ និងសម្រេចអនាគតរបស់ប្រទេសសម្រាប់ប្រជាជន”៕
រូបថត: khaosod