ខេត្តកណ្ដាល៖ បុរសជាប្ដីម្នាក់បានបាត់បង់ជីវិតគួរឲ្យអាសូរដោយសាររន្ទះបាញ់ចំខ្លួន កាលពីវេលាម៉ោង ១៧ និង៣០នាទីល្ងាច ថ្ងៃទី០២ កក្កដា ២០២៥ នៅគ្រាកំពុងនេសាទត្រីជាមួយប្រពន្ធនៅលើទូកស្មាច់ តាមបណ្ដោយទន្លេបាសាក់ ស្ថិតក្នុងភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ នេះជាគ្រោះធម្មជាតិដែលនឹកស្មានមិនដល់ និងគួរឲ្យសង្វេគ។
លោកវរសេនីយ៍ត្រី ជ័យ សំអាត នាយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិលបានឲ្យដឹងថា បុរសជាជនរងគ្រោះមានឈ្មោះ សន សុន អាយុ៤៥ឆ្នាំ មុខរបរនេសាទត្រី មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ លោកនាយប៉ុស្តិ៍បានបន្តថា ក្រោយទទួលបានព័ត៌មានអំពីគ្រោះរន្ទះបាញ់ដែលមានមនុស្សស្លាប់ភ្លាម លោកក៏បានធ្វើសេចក្តីរាយការណ៍គោរពជូនលោកអធិការនគរបាលស្រុកស្អាង ហើយលោកអធិការក៏បានបញ្ជាកម្លាំងជំនាញឲ្យចុះពិនិត្យដល់ទីតាំងកើតហេតុ។
លោកនាយប៉ុស្តិ៍បានឲ្យដឹងទៀតថា តាមការបំភ្លឺពីឈ្មោះ គិត ស្រីម៉ៅ ភេទស្រីអាយុ៤៥ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនវេលាកើតហេតុបន្តិច រូបគាត់ជាមួយនឹងប្ដីបានបើកទូកស្មាច់ដើម្បីទៅនេសាទត្រី (ដាក់លប) នៅចំណុចចុងកោះឃុំទឹកវិល តាមបណ្ដោយទន្លេបាសាក់។ ពេលទៅដល់ទីនោះ ពួកគេមិនបានដាក់លបទេ ក៏ត្រឡប់មកវិញ។ នៅពេលបើកទូកស្មាច់មកដល់ចំណុចក្បាលកោះហ៊ីង មេឃក៏ធ្លាក់ភ្លៀង ឯម៉ាស៊ីនទូកក៏អស់សាំង។ ភ្លាមៗនោះ ជនរងគ្រោះជាប្ដីបានបង្អង់ទូកដើម្បីរកកន្លែងចាក់សាំង ក៏ស្រាប់តែមានប្លេកបន្ទោព្រាក រន្ទះបាញ់ផាំងចំប្តីគាត់ បណ្ដាលឲ្យដួលផ្កាប់មុខ ហើយគាត់ជាប្រពន្ធក៏ងើបទៅលើកប្ដីឡើង និងស្រែកឆោឡោឲ្យអ្នកនៅជិតទីនោះជួយ តែជនរងគ្រោះជាប្ដីបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
លោកនាយប៉ុស្តិ៍បានបញ្ជាក់អំពីការចុះពិនិត្យរបស់សមត្ថកិច្ចថា ជនរងគ្រោះបានពាក់អាវដៃវែងពណ៌ផ្ទៃ មេឃអុជខ្មៅ ស្លៀកខោជើងខ្លីពណ៌ក្រហម មានឆ្នូតចំហៀងសខ្មៅ។ សពមានឈាមហូរចេញតាមត្រចៀក ស្នាមដាច់រលាត់ជាំត្រង់ដើមទ្រូង និងមានឆេះដើមទ្រូងខាងស្ដាំ។
យោងតាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យ និងជំនាញ គឺជនរងគ្រោះបានស្លាប់បណ្ដាលមកពីគ្រោះធម្មជាតិ (រន្ទះបាញ់)។ ក្រោយពិនិត្យរួច សពត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕