ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនកាលពីវេលាម៉ោង ១០និង០៥នាទីព្រឹក ថ្ងៃទី០៣ កក្កដា ២០២៥ ក្នុង ករណីរក្សាទុក និងប្រើប្រាស់សារធាតុញៀន (ម៉ាទឹកកក) ដោយខុសច្បាប់។ ប្រតិបត្តិការនេះបានធ្វើ ឡើងនៅចំណុចភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ គួន ចាន់ធឿនហៅស្វា ភេទប្រុស អាយុ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ បច្ចុប្បន្នរស់នៅភូមិត្រពាំងឈើនាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ជនសង្ស័យរូបនេះមានសារធាតុញៀនក្នុង ទឹកនោម(+) ហើយធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន ២លើក ពីបទរក្សាទុកដោយខុសច្បាប់សារធាតុញៀន រយៈពេល ២ឆ្នាំ ក៏ដូចជាធ្លាប់រក្សាទុក និងប្រើប្រាស់គ្រឿងញៀនច្រើនលើកប្រហែល ៤ឆ្នាំមកហើយ។
ចំណែកជនសង្ស័យម្នាក់ទៀតដែលបានគេចខ្លួនឈ្មោះ ឌី វណ្ណដេត (ប្រុស, ៣១ឆ្នាំ) ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិស្រះសង្គម ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ក៏មានសារធាតុញៀនក្នុងទឹកនោម(+) ផងដែរ។ រីឯវត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាមសថ្លាសង្ស័យថាជាសារធាតុញៀន (ម៉ាទឹក កក) ១កញ្ចប់តូច ទម្ងន់ ០.១០ក្រាម និងទូរសព្ទដៃ ១គ្រឿង ម៉ាកអុិនចុចពិល ពណ៌ខ្មៅ។
លោកអធិការបានឲ្យដឹងបន្ថែមទៀតថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំណាក់អំពិល បានចុះល្បាតក្នុងភូមិសាស្ត្រងាយរងគ្រោះ។ លុះដល់ចំណុចកើតហេតុ ក៏បានជួបជនសង្ស័យ ២នាក់កំពុងឈរតាមដងផ្លូវ។ ដោយមានការសង្ស័យ សមត្ថកិច្ចក៏ បានសួរនាំសុំត្រួតពិនិត្យឆែកឆេរ ក៏រកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ១កញ្ចប់តូច ដែលជនសង្ស័យឈ្មោះ គួន ចាន់ធឿន ហៅស្វា លាក់ទុកនៅក្នុងហោប៉ៅខោខាងស្តាំរបស់ខ្លួន។ ភ្លាមៗនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំបន្តនីតិវិធី។
លោកអធិការក៏បានបន្តថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ គួន ចាន់ធឿន ហៅស្វា បានឆ្លើយសារភាពថា ថ្នាំញៀនចំនួន ១កញ្ចប់តូចនេះពិតជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានចូលលុយគ្នាជាមួយមិត្តភក្តិឈ្មោះ ឌី វណ្ណដេត ក្នុងម្នាក់ ៥.០០០រៀល ដើម្បីទៅទិញថ្នាំញៀនពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅម្តុំភូមិព្រៃគុយ ខេត្តកំពង់ស្ពឺ ក្នុងតម្លៃ ១០.០០០រៀល ដើម្បីយកមកប្រើប្រាស់ជាមួយគ្នា។
បច្ចុប្បន្ន ករណីនេះ កម្លាំងជំនាញកំពុងកសាងសំណុំ រឿងចាត់ការតាមនីតិវិធីច្បាប់៕