រឿង អត់ទេ មិនដែលសង្ឃឹមថារស់ទេ

ចែករំលែក៖

ថ្ងៃមួយខ្ញុំបានដើរជាមួយនឹងអ៊ំស្រីម្នាក់ដែលមានអាយុប្រហែល ៦០ ឆ្នាំប្លាយ មកដល់តុបាយថ្ងៃត្រង់នៅកន្លែងធ្វើការរបស់ខ្ញុំ។ បន្ទាប់មកអ៊ំស្រីបានអង្គុយចុះរួចនិយាយថាជីវិតរបស់ខ្ញុំនៅក្នុងសម័យខ្មែរក្រហម។បានប្រឈមមុខនឹងការលំបាកនិយាយមិនត្រូវ។ បន្ទាប់មកអ៊ំប្រុសម្នាក់ទៀតមានអាយុប្រហែល ៥០ ឆ្នាំប្លាយ ជាមិត្តរួមការងាររបស់ខ្ញុំបានអញ្ជើញមកដល់ដែរ។ ខ្ញុំបានជំរាបគាត់ទាំងពីរនាក់ថា ខ្ញុំចង់ស្ដាប់រឿងរ៉ាវជីវិតរស់នៅប្រចាំថ្ងៃរបស់គាត់ ក្នុងសម័យខ្មែរក្រហមដែលបានគ្រប់គ្រង និងដឹកនាំប្រទេសកម្ពុជារវាងឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩។
ដំបូងទាំង អ៊ំស្រីនិងអ៊ំប្រុស បាននិយាយគ្នាថា គាត់មិនដឹងជាត្រូវរៀបរាប់ប្រាប់ខ្ញុំយ៉ាងម៉េចនោះទេ។ខ្ញុំបានឆ្លើយតបប្រាប់គាត់វិញថា ខ្ញុំនឹងសួរសំណួរងាយៗ ទៅកាន់គាត់តែប៉ុណ្ណោះ។ ខ្ញុំបានពន្យល់ដល់អ៊ំស្រី និងអ៊ំប្រុសអំពីសារសំខាន់នៃការកត់ត្រារឿងរ៉ាវដែលបានកើតឡើងចំពោះគាត់ក្នុងសម័យខ្មែរក្រហមថា កត់ត្រានេះដើម្បីឲ្យមនុស្សគ្រប់ៗ ជំនាន់បានដឹង និងខំជៀសវាងឲ្យផុត កុំឲ្យមានកើតសង្គ្រាមបែបនេះឡើងជាថ្មីទៀត។ ក្រោយពីយល់ពីបំណងរបស់ខ្ញុំហើយ អ៊ំស្រី។និងអ៊ំប្រុស បានយល់ព្រមឲ្យខ្ញុំសួរនឹងកត់ត្រា។ គាត់បានឲ្យតម្លៃលើកិច្ចការកត់ត្រារបស់ខ្ញុំណាស់ ព្រោះគាត់បានរ៉ាយរ៉ាប់ប្រាប់ខ្ញុំយ៉ាងលម្អិតលើសពីការរំពឹងទុករបស់ខ្ញុំទៅទៀត។
គាត់ទាំងពីរនាក់ បាននិយាយរៀបរាប់អំពីសាច់រឿងរបស់គាត់ស៊ីសង្វាក់គ្នាបានល្អណាស់ គឺមានតែខ្ញុំទេ ដូចមិនដឹងអ្វីសោះ។ជុំវិញព្រឹត្តិការណ៍ទាំងអស់នេះ រាល់ពេលដែលគាត់និយាយអំពីភាពឃោរឃៅដែលបានកើតឡើងនៅក្នុងសម័យខ្មែរក្រហម ខ្ញុំមានតបសម្ដីទៅកាន់គាត់វិញថា តើមែនឬលោកអ៊ំ? ខ្ញុំឆ្ងល់ថាតើមានអ្វីល្អបន្តិចឬទេនៅក្នុងសម័យខ្មែរក្រហម? គាត់បានឱនមុខមើលទៅលើស្បែកជើងរបស់គាត់ដែលស្ថិតនៅក្រោមតុកញ្ចក់ហើយឆ្លើយតបជាមួយខ្ញុំ ព្រមគ្នាទាំងពីរនាក់ថា “គ្មានទេ!”។
ខ្ញុំគឺជាក្មេងធំឡើងក្នុងសង្គមគ្រួសារ ដែលយកចិត្តទុកដាក់លើរូបរាងកាយ របបអាហារ ពេលវេលាគេង ពេលរៀន ពេលកម្សាន្ត និងថែមទាំងយកចិត្តទុកដាក់ទាំងផ្លូវអារម្មណ៍របស់ខ្ញុំរួមមានការប្រើប្រាស់ពាក្យសំដីនិងទង្វើព្រោះតែខ្ញុំជាមនុស្សពិការ។ ខ្ញុំពិបាកជឿណាស់ថា មនុស្សជាតិតែមួយបែរជាប្រព្រឹត្តអំពើអមនុស្សធម៌ដាក់គ្នាដូចអ្វីដែលកើតមានឡើងក្នុងសម័យខ្មែរក្រហមដូច្នោះ។ ខ្ញុំកាន់តែឆ្ងល់ទៀតថា ប្រជាជនដែលនៅរស់រានមានជីវិតទាំងអស់អាចរស់បានដោយដោយរបៀបណា? អ៊ុំស្រីបានរៀបរាប់យ៉ាងខ្លីថា។
នៅក្នុងរបបខ្មែរក្រហមខ្ញុំមានអាយុ ២៥ ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅក្នុងខេត្តកំពង់ឆ្នាំង។ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាចខ្ញុំត្រូវជម្លៀសទៅតំបន់សហករណ៍កំផែន។ ខ្ញុំចាំមិនច្បាស់ទេថា ទៅខ្ញុំបានមកដល់ស្រុកណាខ្លះ និងខេត្តណាខ្លះ។ ខ្ញុំមានបងប្អូនចំនួនប្រាំនាក់ ហើយខ្មែរក្រហមបានជម្លៀសយើងមកជាមួយគ្នា។ យើងធ្វើការនៅក្នុងសហករណ៍ផ្សេងៗគ្នា។ ខ្ញុំធ្វើការងារនៅក្នុងកងចល័ត។ ការងារដែលខ្ញុំធ្វើភាគច្រើនធ្វើស្រែចម្ការ។
បន្ទាប់មក អ៊ំប្រុសបាននិយាយអំពីជីវិតរបស់គាត់ថា
នៅក្នុងរបបខ្មែរក្រហម ខ្ញុំមានអាយុប្រហែលជា ១៥ ឆ្នាំ។ ខ្ញុំមានស្រុកកំណើតនៅខេត្តព្រៃវែង។ក្រោយមកខ្ញុំត្រូវខ្មែរក្រហមជម្លៀសទៅខេត្តព្រៃវែង។ ខ្ញុំធ្វើការងារនៅក្នុងកងចល័ត កុមារឈានមុខ ដែលការងាររបស់ខ្ញុំភាគច្រើនគឺជីកប្រឡាយ។ ពេលព្រឹកខ្ញុំត្រូវទៅធ្វើការនៅម៉ោង ៦ ព្រឹករហូតដល់ម៉ោង ១២ថ្ងៃត្រង់ ទើបបានសម្រាកហូបបាយ។បន្ទាប់ពីហូបបាយថ្ងៃត្រង់រួច ខ្ញុំអាចអង្គុយសម្រាកបន្តិចនៅក្បែរប្រឡាយដែលខ្ញុំកំពុងតែជីក រហូតដល់ម៉ោង ១ រសៀលសំឡេងជួងបានបន្លឺឡើងជាសញ្ញាប្រាប់ថាយើងត្រូវធ្វើការងារបន្តទៀត។ទោះបីជាមេឃក្តៅ ភ្លៀង សកម្មភាពពេញការងាររបស់កងចល័តរបស់ខ្ញុំនៅតែបន្តរហូតដល់ម៉ោង ៧ យប់ទើបខ្ញុំអាចសម្រាកហូបបាយបាន។ ក្រុមកងចល័តរបស់ខ្ញុំនៅតែបន្តធ្វើការដល់ម៉ោង ១២ ភ្លឺទៀត នៅក្រោមពន្លឺភ្លើងចន្លុះ។ នៅពេលដល់ម៉ោងបាយថ្ងៃត្រង់ យើងទាំងអស់គ្នាត្រូវមកហូបបាយនៅរោងបាយដែលមានរៀបតុឱ្យអង្គុយរួចជាស្រេច។ យើងទទួលបានបបរម្នាក់មួយចានជាមួយនឹងសម្លមួយចានហូបគ្នាចំនួន ៥ នាក់។ ខ្ញុំមិនចូលចិត្តបបរលាយដើមចេកនោះទេ។ បបរនោះមើលទៅដូចជាបបរបាយសម្រាប់ជ្រូកស៊ី ប៉ុន្តែខ្ញុំនៅតែហូបវា ពីព្រោះ ខ្ញុំដឹងថាគ្មានជម្រើសអ្វីទៀតឡើយ។ ជួនកាលអាហារមិនអាចបំពេញក្រពះខ្ញុំបានគ្រប់គ្រាន់ ខ្ញុំបានស្វែងរកស្លឹកឈើទ្រមូង ឬស្លឹកថ្នឹងយកមកហូបនៅពេលទៅបត់ជើងនៅក្នុងព្រៃ។ ជួនកាលទៀតខ្ញុំបានលួចចាប់សត្វលាក់ទុកសម្រាប់យកមកចម្អិននៅពេលដែលខ្ញុំច្រូតឬស្ទូង។ ខ្ញុំឧស្សាហ៍បានបរិភោគទំពាំងឬស្សីឆៅណាស់ ឬពេលខ្លះខ្ញុំបេះផ្លែននោងដុតហូប។ ខ្ញុំមិនសូវបានងូតទឹកទេ។ ខ្ញុំមានតែក្រមាមួយដែលយកទៅជ្រលក់ជ័រដើមឈើឲ្យប្រែពណ៌ទៅជាពណ៌ខ្មៅ។ប្រជាជនភាគច្រើននៅក្នុងរបបខ្មែរក្រហមមានសត្វចៃ និងសង្កើចខាំ ព្រោះយើងមិនមានពេលសំអាតខ្លួនប្រាណនោះទេ។នៅពេលដែលយើងធ្វើការចប់គឺយើងអស់កម្លាំងរហិតរហៃ ស្រវាតែរកតែកន្លែងសម្រាកប៉ុណ្ណោះ មិនបាននៅខ្វាយខ្វល់រឿងមុជទឹកកក់សក់ឬនៅធ្មេញអ្វីឡើយ។ អ្វីៗជាទ្រព្យសម្បត្តិរបស់អង្គការទាំងអស់។ ប្រជាជនក្រុមគ្រួសារនិងសាច់ញាតិ មិនអាចនិយាយលេងឬរាក់ទាក់ជាមួយគ្នាបានទេ។

ចំពោះការងារវិញប្រសិនបើមាននរណាម្នាក់ធ្វើមិនរួច តាមការកំណត់របស់អង្គការ ប្រជាជននោះនឹងទទួលពិន័យដោយដាក់ការងារឲ្យធ្វើបន្ថែមច្រើនឡើងៗ។ ខ្ញុំធ្លាប់បានទទួលរងពិន័យនេះច្រើនដងរហូតដល់ខ្ញុំធ្លាក់ខ្លួនឈឺធ្ងន់។ ជើងទាំងពីររបស់ខ្ញុំហើមប្រេះចេញខ្លាញ់ ហើយមេកងបានហៅរទេះដឹកខ្ញុំយកទៅពេទ្យ។ ខ្ញុំបានសម្រាកព្យាបាលជំងឺប្រហែលកន្លះខែរហូតដល់ជាសះស្បើយទើបខ្ញុំត្រឡប់មកកាលដ្ឋានវិញ។
នៅក្នុងមន្ទីរពេទ្យ ខ្ញុំបានទទួលថ្នាំដែលមានរសជាតិផ្អែមមួយថ្ងៃចំនួន ៥ គ្រាប់។ កុមារភាគច្រើនគឺជាក្មេងកំព្រា ព្រោះកុមារទាំងអស់នោះត្រូវបំបែកចេញពីក្រុមគ្រួសារតាំងពីទើបកើតមកម៉្លេះ។ ពេលក្មេងៗមានអាយុប្រាំឆ្នាំអង្គការឲ្យក្មេងៗដើររើសលាមកសត្វទុកលាយជាមួយលាមកមនុស្សធ្វើជាជីសម្រាប់ដាក់ស្រែ។ កូនតូចដែលនៅបៅដោះ អាចបៅដោះម្ដាយបានតែមួយដងក្នុងមួយថ្ងៃ គឺនៅម៉ោង ១២ ថ្ងៃត្រង់។ពេលដែលម្ដាយសម្រាកហូបបាយថ្ងៃត្រង់។ ថ្ងៃមួយបងស្រីរបស់ខ្ញុំយំនឹកកូនតូចរបស់គាត់អំឡុងពេលធ្វើការ ហើយត្រូវមេកងស្ដីប្រដៅមិនឱ្យគិតដល់កូនឡើយ។
ការងាររបស់ខ្ញុំក្រៅពីធ្វើកសិកម្មគឺជីករណ្ដៅទុកកប់សាកសព។មនុស្សគ្រប់រូបគ្នាមិនអាចនិយាយជជែកគ្នាលេងបានទេ។ នៅក្នុងមួយឆ្នាំមានបុណ្យកម្សាន្តតែបីដងប៉ុណ្ណោះ គឺបុណ្យចូលឆ្នាំខ្មែរមានអាហារដូចជាសាច់ជ្រូក សាច់មាន់និងសាច់គោដែលយើងហូបឆ្អែត។ វិធីបុណ្យទី ពីរ គឺបុណ្យភ្ជុំបិណ្ឌមាននំអន្សមជ្រូកហូប ហើយក៏ជាថ្ងៃដែលអាចហូបបានឆ្អែតដែរ។ វិធីបុណ្យទីបីគឺបុណ្យមិទ្ទីញ។ វាដូចជាបុណ្យគម្រប់ខួបឬបុណ្យរំលឹកដឹងគុណរបបខ្មែរក្រហម។
អ៊ំស្រី និងអ៊ំប្រុសមិនដែលមានសង្ឃឹមថារស់រានមានជីវិតពីសម័យខ្មែរក្រហមនោះទេ។ គាត់បានផ្អែកខ្នងទៅលើកៅអីមានទឹកមុខស្ងួតមើលចំមកខ្ញុំ។ បន្ទាប់ពីស្ដាប់រឿងរ៉ាវរបស់គាត់មកខ្ញុំមានអារម្មណ៍ដូចមនុស្សឈើ។ រឿងហេតុសាហាវដែលបានកើតឡើងចំពោះគាត់។ហាក់ដូចជាសាហាវព្រៃផ្សៃពេកដែលខ្ញុំមិនអាចទទួលយកបាននោះទេ៕

...

(ចប់ដោយបរិបូរណ៌)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print