ក្មេងប្រុសម្នាក់ស្លាប់ដោយសារចរន្តអគ្គិសនីឆ្លងចូលទុយោទឹកស័ង្កសី ហូរចូលពាងទឹកនៅក្រោយផ្ទះ

ចែករំលែក៖

ខេត្តកណ្ដាល÷ ហេតុការណ៍ដ៏គួរឲ្យសង្វេគនិងជាមេ រៀនមួយសម្រាប់គ្រប់ក្រុមគ្រួសារ បានកើតឡើងបណ្ដាលឲ្យកុមារាម្នាក់បាត់បង់ជីវិតយ៉ាងសោកសង្រេង ដោយសារចុះងូតទឹកពាងខាងក្រោយផ្ទះ ហើយបានប៉ះទុយោទឹកស័ង្កសីដែលឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗនៅក្បែរពាងទឹក។ ហេតុការណ៍ដ៏ឈឺចាប់នេះបានកើតឡើងកាលពីវេលាម៉ោង ១៨និង៤០នាទីល្ងាច ថ្ងៃទី០២ កក្កដា ២០២៥ នៅចំណុចក្បែរពាងទឹកខាងក្រោយផ្ទះ ស្ថិតក្នុងភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។

លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូលឲ្យដឹងថា កុមារារងគ្រោះឈ្មោះ លួត សុភ័ក្រ អាយុ១៣ឆ្នាំ មុខរបរសិស្ស មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុ។ លោកអធិការបានបន្តថា ក្រោយទទួលសេចក្តីរាយការណ៍ពីលោកវរសេនីយ៍ត្រី យាន តុលា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារភ្លាម លោកក៏បានបញ្ជាកម្លាំងជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ដោយសហការជាមួយកម្លាំងប៉ុស្តិ៍ អាជ្ញាធរ និងលោកគ្រូពេទ្យ ចុះដល់លំនៅឋានរបស់កុមាររងគ្រោះ។

លោកអធិការបានឲ្យដឹងទៀតថា តាមការបំភ្លឺពីឈ្មោះ លួត ធីតា ភេទស្រីអាយុ១៤ឆ្នាំ ត្រូវជាបងប្អូនជីដូនមួយរបស់កុមាររងគ្រោះ ប្រាប់សមត្ថកិច្ចថា នៅវេលាកើត ហេតុ ជនរងគ្រោះបានចុះមកងូតទឹកពាងខាងក្រោយ ផ្ទះ ក៏ស្រាប់តែបានប៉ះនឹងទុយោទឹកស័ង្កសីសម្រាប់បង្ហូរទឹកចូលក្នុងពាង ដែលមានឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

លោកអធិការបានបញ្ជាក់អំពីការពិនិត្យសពកុមាររងគ្រោះថា មានស្លាកស្នាមក្រហមជាំតិចៗពេញដងខ្លួន ហើយលើកជើងខាងឆ្វេងមានរលាត់ស្បែកខ្លោច ដែលត្រូវនឹងស័ង្កសី។ យោងតាមការសន្និដ្ឋានរបស់គ្រូពេទ្យ និងជំនាញ កុមាររងគ្រោះពិតជាស្លាប់ដោយសារគ្រោះ ថ្នាក់ឆ្លងចរន្តអគ្គិសនី (ឆក់ស្លាប់)។ សពត្រូវបានប្រគល់ជូនសាច់ញាតិដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

លោកអធិការបាន​អំពាវនាវមាតាបិតា អាណាព្យាបាល និងសាធារណជនទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាទីបំផុតចំពោះកុមារតូចៗនៅពេលលេងទឹក ឬនៅជិតប្រភពទឹកដែលមានឧបករណ៍អគ្គិសនី ដើម្បីជៀសវាងករណីដ៏គួរឲ្យសោកស្តាយបែបនេះកើតឡើងម្តងទៀត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print