ក្នុងអំឡុងខែវិច្ឆិកា ឬធ្នូចុងឆ្នាំនេះ គ្រឿងចក្រនឹងចូលដល់ទីតាំងព្រែកជីកហ្វូណនតេជោ

ចែករំលែក៖

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានគូសបញ្ជាក់ថា នៅខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ២០២៥ខាងមុខ គ្រឿងចក្រធំៗជាច្រើនគ្រឿងនឹងចាប់ផ្តើមចូលដល់ទីតាំងដើម្បីជីកព្រែកជីកហ្វូណនតេជោ នៅតាមទីតាំងដែលបានដោះស្រាយផលប៉ះពាល់ឲ្យប្រជាពលរដ្ឋរួចរាល់ ខណៈការបោះបង្គោលព្រំដីតាមបណ្តោយព្រែកបានធ្វើរួចនៅខេត្តចំនួន២។

គិតត្រឹមថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមការងារចុះពិនិត្យ ទីតាំងប្រមូលទិន្នន័យ ផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោ បានបញ្ចប់ការងារសម្រាប់កំណាត់ទី១ក្នុងខេត្តកណ្តាល និងកំណាត់ទី២ ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងតាកែវ។

 ការលើកឡើងបែបនេះ ក្នុងឱកាសឯកឧត្តមបានដឹកនាំក្រុមការងារចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្ដោយព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រខេត្តកំពត-កែប នាថ្ងៃទី៣ ខែកក្កដា ។

លោកឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុលបានថ្លែងថា គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ បានបន្តដំណើរតាមការគ្រោងទុករបស់រាជរដ្ឋាភិបាលដែលបានប្រកាសថា គម្រោងនេះនឹងសាងសង់ចប់ជាស្ថាពរនៅឆ្នាំ២០២៨ ដោយមិនមានភាពយឺតយ៉ាវនោះទេ ខណៈបានត្រៀមគ្រឿងចក្រជាច្រើនគ្រឿងដើម្បីចូលទៅទីតាំងកំណត់សម្រាប់ជីកព្រែកជីកហ្វូណនតេជោ ។

សូមបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍ ព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ ចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ៖ ខេត្តកណ្តាលប្រវែង ៥៤ គីឡូម៉ែត្រ , ខេត្តតាកែវប្រវែង ៦០គីឡូម៉ែត្រ , ខេត្តកំពតប្រវែង ៤៣គីឡូម៉ែត្រ និងខេត្តកែបប្រវែង១៧,៥គីឡូម៉ែត្រ ។គម្រោងព្រែកជីកនេះ នឹងប្រើប្រាស់ពេលវេលាសាងសង់៤៨ខែ ហើយគ្រោងបញ្ចប់អំឡុងឆ្នាំ២០២៨ ដោយប្រើប្រាស់ថវិកាចំនួន១,៧ពាន់លានដុល្លារ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print