សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងអំណរគុណវីរកងទ័ព ដែលបានបំពេញកាតព្វកិច្ចនិងពលិកម្មយ៉ាងអង់អាចការពារព្រំដែន ជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី តាមឆន្ទៈមោះមុតរបស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែត

ចែករំលែក៖

ខេត្តព្រះវិហារ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណនិងដឹងគុណជាអនេក ចំពោះបងប្អូនកងទ័ព និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន និងមានស្មារតីមោះមុត ក្នុងបេសកកម្មការពារព្រំដែន ដែលជាខឿនឯករាជ្យជាតិ បូរណភាពទឹកដី និងមាតុភូមិ។ គំរូវីរភាពដ៏មហិមា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាននេះ គឺជាកត្តាចាំបាច់បំផុតក្នុងការធានានូវសុខសន្តិភាព ស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងភាពសុខក្សេមក្សាន្តរបស់ប្រជាជន ហើយនេះ ជាគំរូដ៏ឧត្ដុង្គឧត្ដមសម្រាប់ប្រជាជនខ្មែរគ្រប់រូប ព្រមទាំងកូនចៅជំនាន់ក្រោយៗត្រូវរៀនសូត្រ និងយកតម្រាប់តាម។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញដឹកនាំសមាជិកសមាជិការដ្ឋសភា និងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា ចុះសួរសុខទុក្ខនិងនាំយកអំណោយជាថវិកានិងសម្ភារៈប្រើប្រាស់ ចែកជូនវីរកងទ័ពដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែនក្នុងខេត្តព្រះវិហារ នៅសុក្រទី៤ ខែកក្កដាឆ្នាំ២០២៥នេះ។ 

ក្នុងពិធីសំណេះសំណាលជាលក្ខណៈមហាគ្រួសារខ្មែរក្នុងស្មារតី អ្នកជួរក្រោយគំាទ្រ នៅជាប់ជានិច្ចជាមួយយុទ្ធជនជួរមុខ នោះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ ដូចអ្វីដែលប្រមុខដឹកនាំដែលជាស្ថានិកសន្តិភាពនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបញ្ជាក់ជាញឹកញាប់រួចមកហើយ ពិសេសនៅពេលសម្តេចទំាងពីរ បានអញ្ជើញមកសួរសុខទុក្ខ វីរកងទ័ពកាលពីពេលថ្មីៗនេះ។ ប៉ុន្តែជាអកុសល ដែលយើងមានអ្នកជិតខាងដូចជាថៃ មានចិត្តមិនស្មោះ បានចិញ្ចឹមចិត្តឈ្លានពាន រំលោភបំពានទឹកដីរបស់យើងជានិច្ច៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print