អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឆ្លើយតបទៅក្រុមប្រឆាំងជ្រុលនិយម ដែលបានបំភ្លៃជុំវិញរឿងធ្វើវិសោធនកម្មច្បាប់ដើម្បីដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសមកបំផ្លាញជាតិខ្មែរខ្លួនឯង

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ បានធ្វើការឆ្លើយតបចំពោះការលើកឡើងរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសដែលបានចោទប្រកាន់ថា ការដកសញ្ជាតិ គឺជាការបំបាត់ជាតិសាសន៍ និងជាការប្រល័យពូជសាសន៍ ដែលនោះគឺជាការលើកឡើងដោយមិនយល់ ពោលគឺការធ្វើវិសោធនកម្មដើម្បីបើកផ្លូវបង្កើតក្របខណ្ឌច្បាប់ដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសមកបំផ្លាញជាតិខ្មែរខ្លួនឯង គឺមិនមែនធ្វើឡើងក្នុងគោលដៅធ្វើបាបប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិពិតប្រាកដ ហើយមិនមានអ្វីត្រូវបារម្ភនឹងរឿងដកសញ្ជាតិនេះទេ។

លោក សេង ឌីណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការមានសញ្ជាតិជាខ្មែរ គឺជាចំណងផ្លូវច្បាប់រវាងបុគ្គលជាមួយនឹងរដ្ឋ។ ចំណែកផ្លូវច្បាប់នៃសញ្ជាតិនេះ គឺវាបង្កើតបាននូវសិទ្ធិផង និងកាតព្វកិច្ចផង ហើយកាតព្វកិច្ចរបស់ពលរដ្ឋ នៅក្នុងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ ត្រង់មាត្រា៤៩ថ្មី ចែងថា៖ ប្រជាពលរដ្ឋខ្មែរគ្រប់រូប ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយទោះដោយផ្ទាល់ក្តី ដោយប្រយោលក្តី ដែលនាំឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍របស់កម្ពុជា និងប្រជាពលរដ្ឋខ្មែរ។

លោក សេង ឌីណា បានបន្ថែមថា នៅពេលណាដែលបុគ្គលណាម្នាក់ប្រព្រឹត្តអំពើក្បត់ជាតិខ្លួនឯង ឬធ្វើសកម្មភាពណាមួយដែលបំផ្លាញឧត្តមប្រយោជន៍ប្រទេសជាតិខ្លួនឯង ពិសេសទៅឃុបឃិតគ្នាជាមួយបរទេសមកបំផ្លាញប្រយោជន៍ជាតិខ្លួនឯង បំផ្លាញប្រជាជនខ្មែរគ្នាឯង បុគ្គលនោះគឺបានបំពាននូវកាតព្វកិច្ចជាពលរដ្ឋខ្មែរបានប្រព្រឹត្តនូវទង្វើប្រាសចាកពីឧត្តមគតិ និងមនសិការជាពលរដ្ឋខ្មែរ។ ដូច្នេះបុគ្គលនោះ លែងស័ក្តិសមជាពលរដ្ឋខ្មែរទៀតហើយ គឺបុគ្គលនោះខ្លួនឯងផ្ទាល់ដែលជាអ្នកផ្តាច់ចំណងផ្លូវច្បាប់ ចំណងនៃសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋខ្មែរដោយខ្លួនឯង ហើយដាក់ខ្លួនឯងឱ្យនៅក្រៅភាពជាពលរដ្ឋខ្មែរដោយខ្លួនឯង។ លោក បានបន្តថា បើសិនជាពលរដ្ឋខ្មែរមែន ពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិពិតប្រាកដមែន គឺមិនទៅបម្រើបរទេសហើយមកបំផ្លិចបំផ្លាញប្រទេសជាតិ បំផ្លាញប្រជាពលរដ្ឋខ្មែរគ្នាឯងទេ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ ក៏បានបញ្ចាក់ថា ការធ្វើវិសោធនកម្មដើម្បីបើកផ្លូវបង្កើតក្របខណ្ឌច្បាប់ដកសញ្ជាតិពីអ្នកឃុបឃិតជាមួយបរទេសមកបំផ្លាញជាតិខ្មែរខ្លួនឯង គឺមិនមែនធ្វើឡើងក្នុងគោលដៅធ្វើបាបប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិពិតប្រាកដនោះឡើយ ហើយពលរដ្ឋដែលស្រឡាញ់ជាតិពិតប្រាកដ ហើយគ្មានបំណងទៅឃុបឃិតជាមួយបរទេសមកបំផ្លាញខ្មែរគ្នាឯង គឺមិនមានអ្វីត្រូវបារម្ភនឹងរឿងដកសញ្ជាតិនេះទេ។

លោក សេង ឌីណា ក៏បានអះអាងថា នៅក្នុងច្បាប់ទាក់ទងនឹងច្បាប់អនុញ្ញាតឲ្យដកសញ្ជាតិពីពលរដ្ឋដែលប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ឬក៏បទល្មើសប្រឆាំងនឹងផលប្រយោជន៍ជាតិនេះ គឺមិនមែនជារឿងថ្មីទេ មិនមែនមានតែនៅកម្ពុជាទេ គឺនៅតាមបណ្តាប្រទេសជាច្រើនផ្សេងទៀតនៅទូទាំងពិភពលោក ក្នុងនោះក៏មានដែរនៅតាមបណ្តាប្រទេសលោកខាងលិចមួយចំនួនមានទាំងនៅអាម៉េរិក អង់គ្លេស អូស្ត្រាលី បារាំង និងប្រទេសច្រើនផ្សេងទៀតនៅអឺរ៉ុប ក៏សុទ្ធតែមានច្បាប់ដែលចែងអនុញ្ញាតឲ្យដកសញ្ចាតិពីពលរដ្ឋទាំងឡាយណាដែលប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ឬក៏ប្រព្រឹត្តបទល្មើស ឬប្រព្រឹត្តទង្វើដែលប្រឆាំងទៅនឹងផលប្រយោជន៍ជាតិខ្លួនឯង៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print