ភ្នំពេញ ៖ ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈកម្ពុជា នៅថ្ងៃទី ៤ កក្កដានេះ បានបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់លោកស្រី Paetongtarn Shinawatra រដ្ឋមន្ត្រីក្រសួងវប្បធម៌នៃព្រះរាជាណាចក្រថៃ បានអះអាងថាក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បញ្ជាក់ថា ការអះអាងរបស់ភាគីថៃ គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់ ជាពិសេសផ្ទុយទៅនឹងខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាគោរព និងប្រើប្រាស់ផែនទីមាត្រដ្ឋាន ១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលកំពុងស្ថិតនៅជាធរមាន។
ក្រសួងវប្បធម៌ បញ្ជាក់ជូនឱ្យបានច្បាស់ថា ផ្អែកលើមូលដ្ឋាន នៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ព្រមទាំងផែនទីមាត្រដ្ឋាន ១/២០០.០០០ ក្រុមប្រាសាទតាមាន់ គឺស្ថិតនៅក្នុងបូរណភាពទឹកដី និងអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។ ម្យ៉ាងទៀត ក្រុមប្រាសាទតាមាន់ ជាទីតាំងបុរាណដ្ឋានស្ថិតក្នុងខេត្តឧត្តរមានជ័យ ហើយត្រូវបានចុះក្នុងបញ្ជីសារពើភ័ណ្ឌជាតិនៃព្រះរាជាណាចក្រកម្ពុជា រួចហើយដែរ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវឱ្យក្រសួងវប្បធម៌នៃ ណាចក្រថៃ គោរពនូវគោលការណ៍អន្តរជាតិដែលមានជាធរមាន ដើម្បីរក្សាបានភាពថ្លៃថ្នូរ និងវិជ្ជាជីវៈ ដែលស្ថាប័ន វប្បធម៌នៃប្រទេសនីមួយៗត្រូវប្រកាន់ខ្ជាប់ ៕
ដោយ ៖ សិលា