ខេត្តព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ និងលោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នា បង្ការ ទប់ស្តាត់ និងកាត់ផ្តាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា» និងការដុតបំផ្លាញវត្ថុតាងគ្រឿងញៀន។
ក្នុងពិធីនេះដែរ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដឹកនាំដោយលោក កោ វណ្ឌី ប្រធានសាលាដំបូងខេត្តព្រះសីហនុ និងលោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចូលរួមពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ស្ថិតនៅចំណុចអូរត្រាវ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
សូមជម្រាបជូនថា ពិធីដុតបំផ្លាញគ្រឿងញៀន សារធាតុគីមីផ្សំ សារធាតុគីមីពាក់ព័ន្ធចំនួនសរុប ២តោន ៦៥០គីឡូក្រាម និង៩៩៣.០៨ ក្រាម ដែលជាវត្ថុតាងតាងក្នុងសំណុំរឿងសរុបចំនួន ២៥១ សំណុំរឿង ដែលត្រូវបានសាលាដំបូងខេត្តព្រះសីហនុចេញសាលក្រមសម្រេច និងសេចក្តីសម្រេចរឹបអូសបំផ្លាញចោល។
កិច្ចពិធីអបអរសាទរត្រូវបានបញ្ចប់នៅវេលាម៉ោង ១១ និង ០០នាទី ក្នុងថ្ងៃខែឆ្នាំដដែល៕ដោយ៖តារា