ភ្នំពេញ៖ ផលិតករកម្មវិធីសិល្បៈ និងសង្គមល្បីឈ្មោះ លោក សួង សុវណ្ណារ៉ា បានប្រារព្ធពិធីខួបកំណើតគម្រប់វ័យ២៥យ៉ាងអធឹកអធ័មនៅក្នុងក្លិបកម្សាន្ត True Face កាលពីរាត្រី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦នេះ។ ផលិតកររូបនេះបានចំណាយរហូតដល់រង្វង់១ម៉ឺនដុល្លារម៉ៅក្លិបទាំងមូលដើម្បីទទួលភ្ញៀវដែលភាគច្រើនជាអ្នកសិល្បៈជាង១០០នាក់។
លោក សួង សុវណ្ណារ៉ា ដោយសារតែកម្មវិធីដែលលោកផលិតនាពេលកន្លងមកនៅលើកញ្ចក់ទូរទស្សន៍បាយ័ន ទូរទស្សន៍ CTV8HD និង MyTV ទទួលបានការគំាទ្រ និងចង់ជួបជុំតារាសិល្បៈឲ្យបានសប្បាយរីករាយផង ទើបលោកសម្រេចចិត្តធ្វើខួប ផ្គួបនឹងការដាក់បង្ហាញផលិតផលថែរក្សាសម្រស់របស់លោកជាទ្រង់ទ្រាយធំ។ លោកថា តារាសិល្បៈប្រមាណជាង១០០នាក់ ត្រូវបានអញ្ជើញឲ្យចូលក្នុងកម្មវិធីរបស់លោក ដោយក្នុងនោះក៏មានការបង្ហាញម៉ូដប្លែកនៅពាក់កណ្ដាលយប់ ដើម្បីឲ្យភ្ញៀវកិត្តិយសបានសប្បាយរីករាយផងដែរ។ ក្នុងពិធីនោះ ក៏ត្រូវគេឃើញធ្វើផ្គួបជាមួយពិធីសម្ពោធផលិតផលថែរក្សាសម្រស់ឈ្មោះ Dr. Tiara ដែលជាផលិតផលសម្រាប់តម្រូវស្បែករបស់ប្រជាជនកម្ពុជាផ្ទាល់តែម្តង។
តារាដែលបានបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធផលិតផល និងខួបកំណើតរបស់លោក សួង សុវណ្ណារ៉ា កាលពីយប់ទី២៨ សីហា នោះរួមមានកញ្ញាមាស សុខសោភា កញ្ញា ញឹម ចាន់ថន វីជេអាណូ កញ្ញាគៀត សុវណ្ណាឡាង លោកម៉ាដូណា លោកអាឡិចដូហ្វី លោកប៊ឺរី លោកណាខុន អ្នកនាងទូច ស្រីលក្ខណ៍ កញ្ញាឱក សុម៉ាដាលីស កញ្ញា ពៅ លីដា លោកចន ច័ន្ទដារ៉ា លោកពៅ ពិសិដ្ឋ និងតារាល្បីឈ្មោះជាច្រើនផ្សេងទៀត។
គួរបញ្ជាក់ដែរថា លោក លោក សួង សុវណ្ណារ៉ា ត្រូវបានអ្នកសិល្បៈជាច្រើនបានស្គាល់តាមរយៈលោកបានដឹកនាំការផលិតកម្មវិធីសិល្បៈ ជាច្រើនបូករួមទាំងកម្មវិធីទាក់ទងនឹងសម្រស់នៅបណ្តាស្ថានីយទួរទស្សន៍មួយចំនួន។ ផលិតករមិនជាប់កិច្ចសន្យារូបនេះបញ្ជាក់ថា កន្លងមកលោកធ្លាប់ទទួលបានការគាំទ្រជាច្រើនលើការផលិតកម្មវិធីល្បីៗរបស់ទូរទស្សន៍ក្នុងស្រុកមួយចំនួន ទោះជាយ៉ាងណាផលិតករវ័យ២៥ឆ្នាំរូបនេះមិនមានបំណងប្រឡូកចូលក្នុងអាជីពសម្តែងទេ បើទោះបីជារូបលោកមានរូបសម្រស់មិនចាញ់តារាសម្តែងក្តី។ លោកថា នៅពេលដ៏ខ្លីខាងមុខនេះលោកនឹងផលិតកម្មវិធីទូរទស្សន៍ប្លែកៗមួយចំនួនទៀតដើម្បីបម្រើអារម្មណ៍ទស្សនិកជន៕
ដោយ៖ វឌ្ឍនា