នៅក្បែរត្រពាំងមួយ ស្រមោចមួយហ្វូងធំកំពុងនាំគ្នាពាំចំណីអាហារបម្រុងទុកស៊ីក្នុងខែវស្សាពេលដែលភ្លៀងធ្លាក់លិចលង់។ នៅពេលនោះ មានដំរីស្ដមួយក្បាលចូលទៅផឹកទឹកត្រពាំងនោះ ហើយបានជួបនឹងហ្វូងស្រមោចកំពុងពាំចំណីក៏សួរច្រមោចថា បងស្រមោចឯងកំពុងធ្វើអ្វីហ្នឹងបានជាញាប់ដៃញាប់ជើងម្ល៉េះ? ស្រមោចក៏តបថា ពួកយើងពាំចំណីត្រៀមបម្រុងទុកហូបខែវស្សា ព្រោះខ្លាចទឹកមកលិចលង់កន្លែងស្នាក់នៅអស់។
បានឮស្រមោចនិយាយយ៉ាងដូច្នេះ ដំរីស្ដ ក៏សើចចំអកដាក់ស្រមោចហើយនិយាយថា
ហាស! ហាស ហា…ម៉េចពួកបងឯងគិតវែងឆ្ងាយម្ល៉េះ មើលខ្ញុំនែ!មិនបាច់រកចំណីត្រៀមស្អីទេ ពីមួយថ្ងៃ ទៅមួយថ្ងៃ ដើរកាច់ស្លឹកឈើ មែកឈើស៊ីមិនពិបាកឡើយ។ និយាយរួចដំរីស្តក៏បូមទឹកតាមប្រមោយ រួចបាញ់ទៅលើសំបុកស្រមោចធ្វើឲ្យធ្លាក់ចំណីចូលទឹកអស់។
បានរយៈពេលកន្លះខែក្រោយមក នៅពេលដែលដំរីស្ត កំពុងដេកលង់លក់ ស្រមោចបីបួនក្បាលបាននាំគ្នាវារចូលតាមរន្ធប្រមោយទៅខាំប្រមោយខាងក្នុងធ្វើឲ្យដំរីឈឺផ្សារយ៉ាងខ្លាំង។
ក្រោយខាំប្រមោយឲ្យដំរីឈឺផ្សាររួចមក ស្រមោចទាំងនោះក៏វារចេញមកក្រៅ ហើយនិយាយទៅកាន់ដំរីថា បងដំរីឯងអាងខ្លួនធំមើលងាយពួកខ្ញុំជាស្រមោចតូចតាច។ ឥឡូវឃើញទេ តើអាតូចហ្នឹង ចេះធ្វើឱ្យអាធំដូចបងឯងឈឺចាប់ប៉ុណ្ណា?
ដំរីដឹងកំហុស បានសុំទោសស្រមោច ហើយក៏សុំរាប់អានគ្នាជាមិត្តភក្កិតរៀងទៅ៕ ដោយ ÷ ហុកបួន
គំនិតគួរពិចារណា÷ កុំអាងខ្លួនធំធ្វើអ្វីបានតាមចិត្ត ពេលខ្លះអ្នកតូចទាបធ្វើឲ្យអ្នកធំឈឺចាប់ខ្លះដែរ
