ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានបញ្ជាក់ថា៖ មានតែអាជ្ញាធរខណ្ឌ សង្កាត់ និងអាជ្ញាធរភូមិទេ ដែលត្រូវបន្តអនុវត្តឱ្យល្អប្រសើរទៅតាមការដឹកនាំចង្អុលបង្ហាញរបស់ប្រធានបក្សប៉ុណ្ណោះ។
លោក ឃួង ស្រេង បានបញ្ជាក់បែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ នាព្រឹកថ្ងៃអាទិត្យទី០៦ ខែកក្កដា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក ម៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានប្រចាំការគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
លោក លោកស្រី ប្រធានភូមិទាំង១១ និងលោកចៅសង្កាត់បឹងទំពុនទី១ បានរាយការណ៍ពីសមិទ្ធផលការងារនានាដែលសម្រេចបាន និងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ហើយក៏បានលើកឡើងពីចំណុចខ្វះខាតនិងបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ ដើម្បីយកបញ្ហាទាំងនោះមកដោះស្រាយឱ្យបានទាន់ពេលវេលា។ជាមួយគ្នានោះដែរ ទាំងលោក លោកស្រីជាប្រធានភូមិ និងលោកចៅសង្កាត់បឹងទំពុនទី១ សុទ្ធតែឡើងប្តេជ្ញាចិត្តក្នុងការកសាងសហជិកបក្សឱ្យបាន៨០% ទៅតាមផែនការ ដើម្បីឈានទៅយកជ័យជម្នះក្នុងការបោះឆ្នោតនៅឆ្នាំ២០២៧- ២០២៨ខាងមុខនេះ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ក្នុងនាមមន្ត្រីរបស់គណបក្សប្រជាជនត្រូវខិតខំបន្តបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរថែមទៀត ដោយត្រូវចិញ្ចឹមចលនាប្រជាពលរដ្ឋ បើពួកគាត់ខ្វះខាតត្រូវជួយឧបត្ថម្ភភ្លាម ដូចសម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាធ្លាប់មានប្រសាសន៍ហើយ គឺមិនទុកឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយនោះទេ មិនត្រឹមតែមើលប្រជាពលរដ្ឋទេ ប្រជាការពាររបស់យើងពួកគាត់ក៏មិនធូរធារដែរ ដូច្នេះត្រូវគិតគូរឧបត្ថម្ភពួកគាត់ផងដែរ។ សម្តេចតេជោហ៊ុន សែនបានត្រួសត្រាយអស់ហើយ នៅតែយើងទេដែលត្រូវបន្តអនុវត្តឱ្យល្អប្រសើរទៅតាមការដឹកនាំ ចង្អុលបង្ហាញរបស់ប្រធានបក្សប៉ុណ្ណោះ។
លោក ឃួង ស្រេង បានបន្តទៀតថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រគល់ភារកិច្ចឱ្យក្រសួងធនធានទឹកនិងឧតុនិយម, ក្រសួងសាធារណការនិងដឹកជញ្ជូននិងរដ្ឋបាលរាជធានីភ្នំពេញ ស្ថាបនាប្រឡាយ លូនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីរំដោះទឹកចេញពីរាជធានីភ្នំពេញ នេះជាកាដូដ៏ធំមួយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ជូនប្រជាពលរដ្ឋនៅភ្នំពេញ។
លោក ឃួង ស្រេង បានបន្តទៀតថា សាមគ្គីភាពផ្ទៃក្នុងរបស់បក្សគឺជារឿងសំខាន់ណាស់ ដូច្នេះយើងត្រូវសាមគ្គីភា ពគ្នាឱ្យកាន់តែល្អប្រសើរ ចំណែកប្រាក់រង្វាន់របស់បក្សក៏ជារឿងសំខាន់ខ្លាំងដែរ ដែលយើងត្រូវយកថវិកានេះទៅប្រើ ប្រាស់ឱ្យចំគោលដៅ យើងពិតជាមានសំណាងណាស់ដែលមានថ្នាក់ដឹកនាំដ៏ល្អបំផុត នោះគឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជានិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជានិងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈមានការប្រឈមមុខដាក់គ្នានៅតាមព្រំដែនរវាងកម្ពុជានឹងថៃ បើយើងមិនមានថ្នាក់ដឹកនាំល្អបែបនេះទេ កម្ពុជាយើង មិនដឹងថាទៅជាយ៉ាងណានោះទេ។ យើងស្អប់សង្រ្គាម តែយើងក៏មិនខ្លាចសង្គ្រាមដែរ មិនអាចឱ្យប្រទេសណាមួយរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាបានឡើយ ៕
