ភ្នំពេញ ៖ នៅក្នុងឆមាសទី១ ឆ្នាំ ២០២៥នេះ កើតមានគ្រោះធម្មជាតិរួមមានខ្យល់កន្ត្រាក់ គ្រោះរន្ទះបាញ់ និងគ្រោះអគ្គិភ័យបានកើតឡើងចំនួន ៧៨៤លើក បង្កឱ្យមនុស្សស្លាប់៥៨នាក់ របួស៨០នាក់ និងបំផ្លាញផ្ទះ៦៤៨៦ខ្នង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត។
លោក សុទ្ធគឹម កុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងនៅថ្ងៃទី៧ ខែកក្កដា ថា ក្នុងនោះខ្យល់កន្ត្រាក់កើតមានចំនួន ១៩០លើក បណ្តាលឱ្យផ្ទះរលំ និងខូចខាតធ្ងន់ធ្ងរចំនួន ៣៩៣ខ្នង របើកដំបូល និងខូចខាតមធ្យមចំនួន ៥.៥០០ខ្នង របើកដំបូលសាលារៀន ៣៦អគារ ដួលរលំតូបលក់ដូរ ២១ អគារដ្ឋបាល កុដិ ព្រះវិហារ ១៩កន្លែង អគារគ្រូស្នាក់នៅ ២កន្លែង អគារកងទ័ព ៤កន្លែង ដួលរលំអង់តែនវិទ្យុទាក់ទង ១ ដួល រលំរោងការ និងស្តង់ដំឡូង ១០កន្លែង រោងម៉ាស៊ីនកិនស្រូវ ២ដួលរលំបង្គោលភ្លើង និង សូឡា ៦៥ដើម ដួលរលំដើមឈើ ១៣៧ដើម ចំការកៅស៊ូ ៥ហិកតា ខូចខាតរថយន្ត ២គ្រឿង ម៉ូតូ ៨គ្រឿង រងគ្រោះស្លាប់ ៥នាក់និង របួស២៧នាក់។
ចំណែកគ្រោះរន្ទះបាញ់ បានកើតមានចំនួន ៦៨លើក បណ្តាលឱ្យមនុស្សស្លាប់ ៣១នាក់ (ស្រី១១ ក្មេង៣) រងរបួស ៥៣នាក់ ងាប់គោក្របី ៧១ក្បាល និងខូចខាតផ្ទះ ១២ខ្នង។ រីឯគ្រោះអគ្គិភ័យក្នុងរយៈពេល៦ខែ ឆ្នាំ ២០២៥នេះ បានកើតឡើងចំនួន៥២៦លើក បណ្តាលឱ្យឆេះផ្ទះ៤៧៤ខ្នង តូបផ្សារ៦៧ តូប ឃ្លាំងទំនិញ២១កន្លែង រោងចក្រសិប្បកម្ម៩កន្លែង អគាររដ្ឋបាល១០ កន្លែង ស្លាប់មនុស្ស២២នាក់ និងរបួស៣០នាក់។
លោកអ្នកនាំពាក្យបន្តថា តួលេខនេះបើធៀបទៅនឹងរយៈពេល៦ខែដូចគ្នាឆ្នាំ២០២៤កន្លងទៅឃើញថា ករណីគ្រោះធម្មជាតិកើនឡើងតែអ្នករងគ្រោះមានការថយចុះដោយ៦ខែឆ្នាំមុនគ្រោះធម្មជាតិបានកើតឡើងចំនួន ៧៧៤ លើក បំផ្លាញផ្ទះ៤២៥១ខ្នង ស្លាប់មនុស្ស៦២នាក់ និងរបួស១០៣នាក់។ ក្នុងនោះខ្យល់កន្ត្រាក់បានកើតឡើងចំនួន ១៨២ លើក នៅទូទាំងប្រទេស បណ្តាលឲ្យរលំផ្ទះធ្ងន់ធ្ងរចំនួន ៣៧៥ ខ្នង របើកដំបូលផ្ទះ និងខូចខាតមធ្យមចំនួន ៣៣២៧ ខ្នង របើកដំបូលសាលារៀនចំនួន ៣៧ ខ្នង តូបផ្សារចំនួន ១៧ តូប អគាររដ្ឋបាលចំនួន ១៣ កន្លែង បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៣ នាក់ និងរបួសចំនួន ២៣ នាក់៕