ខេត្តកណ្ដាល÷ យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន កាលពីវេលាម៉ោង ០៣:៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី០៧ កក្កដា ២០២៥ ក្នុងករណីលួចដែក។ ប្រតិបត្តិការនេះបានធ្វើឡើងនៅចំណុចភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល ខណៈជនសង្ស័យកំពុងលីរបស់របរដែលលួចបាន។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះ គឺឈ្មោះ នូ ធារិទ្ធ ភេទប្រុសអាយុ៤៥ឆ្នាំមុខរបរជាងសំណង់ មានទីលំនៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ។ ចំណែកជន សង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ប៊ន ប៊ុនណ្ណារ៉ាត់ ភេទ ប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអាចម៍កុក សង្កាត់កំពង់សំណាញ់។ ជនសង្ស័យរូបនេះមានសារធាតុញៀនក្នុងទឹកនោម(+)។ រីឯបក្ខពួកម្នាក់ទៀតឈ្មោះ ឌី ភេទប្រុសអាយុ២៨ឆ្នាំ មានទីលំនៅភូមិអាចម៍កុកដូចគ្នា បានគេចខ្លួន។
លោកអធិការបានឲ្យដឹងទៀតថា វត្ថុតាងចាប់យកបានរួមមាន៖ ដែកក្តារពុម្ពធ្វើពីបន្ទះដែកទំហំ ២០x២០ស.ម ប្រវែង ៣.២០ស.ម ចំនួន ៦សន្លឹក និងដែកអន្ទារខូច ខាតមួយចំនួន (ជារបស់ជនរងគ្រោះ)។
លោកអធិការបានបញ្ជាក់ពីអង្គហេតុថា កាលពីយប់ថ្ងៃ ទី០៦ កក្កដា ២០២៥ វេលាម៉ោងប្រហែល ២១និង ៣០នាទី ជនសង្ស័យឈ្មោះ ឌី បានបបួលជនសង្ស័យដែលឃាត់ខ្លួនបាន ទៅលួចឥវ៉ាន់នៅក្បែរផ្ទះគេដែលម្ចាស់មិននៅ។ លុះដល់ម៉ោង ២៤និង៣០នាទី ឈានចូលថ្ងៃទី០៧ ខែកក្កដា ២០២៥ រូបគេនិងឈ្មោះ ឌី បានចូលទៅលួចលីពុម្ពសសរចេញម្តង១ដើមៗ។ ពេលមក ដល់ចំណុចចាបយំ ភូមិអាចម៍កុក សង្កាត់កំពង់ សំណាញ់ ក៏បានជួបនឹងកម្លាំងមេភូមិនិងប្រជាការពារ។ ភ្លាមៗនោះ ឈ្មោះ ឌី បានគេចខ្លួនទៅ នៅសល់តែជន សង្ស័យដែលឃាត់ខ្លួនបាន។ បន្ទាប់មក កម្លាំងក៏នាំខ្លួនទៅប៉ុស្តិ៍នគរបាលកំពង់សំណាញ់ ដើម្បីសាកសួរ និងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចដែករបស់ជនរង គ្រោះខាងលើ ដើម្បីយកទៅលក់យកលុយចាយ និងទិញថ្នាំញៀនជក់ប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី៕