សិង្ហបុរី៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) រវាងប្រទេសទាំងពីរ ពាក់ព័ន្ធនឹងការបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។
ការចុះ MOU រវាងក្រសួងមហាផ្ទៃកម្ពុជា និងសិង្ហបុរី នាពេលនេះ គឺបានធ្វើឡើងនៅក្នុងពេលដែលលោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កំពុងបំពេញទស្សនកិច្ច រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។
បើតាមអ្នកនាំពាក្យរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក រ៉េន រតនៈ បានឱ្យដឹងថា ដំណើរទស្សនកិច្ចនេះ គឺតាមការអញ្ជើញរបស់លោក K.Shanmugam រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសិង្ហបុរី ដើម្បីបន្តពង្រឹងទំនាក់ទំនង និងសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសកម្ពុជា-សិង្ហបុរី។
គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃសិង្ហបុរី បានបង្កើតយន្តការសហប្រតិបត្តិការក្នុងការងារបង្ការ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន តាំងពីឆ្នាំ២០០៨មកម្លេះ។ ឈរលើស្មារតីនៃសហប្រតិបត្តិការនេះ ក្រសួងទាំងពីរ បានបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់ ទាំងការផ្លាស់ប្ដូរព័ត៌មាន ការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់កម្រិត ព្រមទាំងកិច្ចសហការស្រាវជ្រាវ និងចាប់ខ្លួនជនល្មើស។
សម្រាប់អនុស្សារណៈដែលបានចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីមហាផ្ទៃកម្ពុជាពេលនេះ ត្រូវបានលោក រ៉េន រតនៈ សង្កត់ធ្ងន់ថា គឺជាទឡ្ហីករណ៍ថ្មីមួយទៀត បញ្ជាក់ពីការបន្តប្ដេជ្ញាចិត្តរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដែលជាបទល្មើសប្រឈមពាសពេញសកលលោក និងទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្ដែងនិយមទាំងកម្រិតទ្វេភាគី និងពហុភាគី។
គួរជម្រាបថា ក្នុងដំណើរទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រី ស សុខា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ កម្ពុជា ធ្វើទស្សនកិច្ចការិយាល័យផ្តល់សេវាសាធារណៈ (ServiceSG) របស់សិង្ហបុរី និងចូលស្តាប់ការធ្វើបទបង្ហាញសង្ខេបអំពីគំនិតផ្តួចផ្តើមប្រឆាំងអំពើភេរវកម្មនៅទីស្តីការក្រសួងមហាផ្ទៃសិង្ហបុរី។ តាមគម្រោង លោក ស សុខា ក៏នឹងមានជំនួបសម្ដែងការគួរសមជាមួយនាយករដ្ឋមន្រ្តីសិង្ហបុរី លោក ឡរ៉េន វ៉ុង ផងដែរ៕