អន្តរជាតិ៖ ប្រទេសថៃប្រឈមនឹងអត្រាពន្ធគយ ៣៦% លើទំនិញនាំចេញទៅសហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី១ ខែសីហា តទៅ។ នេះបើតាមលិខិតរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រាប់មក នាយករដ្ឋមន្ត្រីថៃ កាលពីយប់ថ្ងៃទី៧ ខែកក្កដា ក្រោយការចរចារយៈពេល៣ខែរបស់ថៃ ដែលមិនបានធ្វើឱ្យអាមេរិកព្រមបញ្ចុះអត្រាពន្ធនោះទេ។ អត្រាពន្ធ ៣៦% នេះ គឺស្មើគ្នានឹងអត្រាពន្ធដែលលោកដូណាល់ត្រាំ ប្រកាសអនុវត្តកាលពីដើមខែមេសាដែរ។
ប្រធានាធិបតីអាមេរិកក៏បានផ្ញើលិខិតដូចគ្នានេះ ទៅកាន់បណ្តាប្រទេសអាស៊ីផ្សេងទៀតចំនួន១៣ ដែលក្នុងនោះក៏រួមមានកម្ពុជា ជប៉ុន កូរ៉េខាងត្បូង និងសមាជិកអាស៊ានមួយចំនួនទៀត។ លោក ដូណាល់ ត្រាំ ក៏បានប្រកាសអត្រាពន្ធគយនេះ នៅលើបណ្តាញសង្គម Truth Social របស់លោក ហើយក្នុងលិខិតទាំងនោះបានព្រមានប្រឆាំងនឹងការសងសឹកពីប្រទេសទំាងនេះ ពោលគឺអាមេរិកនឹងដាក់ពន្ធគយកាន់តែខ្ពស់ជាការឆ្លើយតប។
ការប្រកាសអត្រាពន្ធនេះ ជាការបោះជំហានមួយទៀតនៃយុទ្ធសាស្ត្រសេដ្ឋកិច្ចសកលរបស់លោក ដូណាល់ ត្រាំ ដែលបានបង្កឱ្យមានក្តីបារម្ភអំពីផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច និងហានិភ័យនៃវិបត្តិសេដ្ឋកិច្ចសកល។ ទោះជាយ៉ាងណា លោក ដូណាល់ ត្រាំ នៅតែមានទំនុកចិត្តថា ពន្ធគយគឺចាំបាច់សម្រាប់ជំរុញការផលិតក្នុងស្រុកអាមេរិកឡើងវិញ និងផ្តល់ហិរញ្ញវត្ថុសម្រាប់ច្បាប់ថវិកាថ្មីរបស់អាមេរិក។
ក្រោមវិធានការថ្មីរបស់លោក ដូណាល់ ត្រាំ នាពេលនេះ ការនាំចូលពីមីយ៉ាន់ម៉ា និងឡាវនឹងប្រឈមអត្រាពន្ធ ៤០% ខណៈថៃ និងកម្ពុជា ត្រូវប្រឈមនឹងអត្រាពន្ធ ៣៦%។ ចំណែកឯឥណ្ឌូនេស៊ីប្រឈមនឹងអត្រាពន្ធគយ៣២% និងម៉ាឡេស៊ី២៥%។
កាលពីថ្ងៃទី៧ ខែកក្កដា ប្រទេសថៃបានដាក់សំណើថ្មីមួយទៅសហរដ្ឋអាមេរិក ក្នុងការធ្វើតុល្យភាពពាណិជ្ជកម្ម ដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្មទំហំ ៤៦ពាន់លានដុល្លារជាមួយសហរដ្ឋអាមេរិក ចំនួន ៧០% ក្នុងរយៈពេល៥ឆ្នាំ។ នេះគឺជាកិច្ចខិតខំជាលើកចុងក្រោយរបស់ថៃ ដើម្បីជៀសវាងពន្ធគយ ៣៦%។
សូមបញ្ជាក់ថា កាលពីខែមេសា លោក ដូណាល់ ត្រាំ បានប្រកាសពន្ធបដិការ ៤៩% លើប្រទេសកម្ពុជា ប៉ុន្តែក្រោយមកប្រធានាធិបតីអាមេរិករូបនេះ ក៏បានពន្យារពេលក្នុងអនុវត្តអត្រាពន្ធនេះ រយៈពេល៩០ថ្ងៃ ដើម្បីបើកផ្លូវសម្រាប់ការចរចា។ ក្រោយមក លោក ដូណាល់ ត្រាំ ក៏បានសម្រេចប្រកាសបន្ថយអត្រាពន្ធមក ៣៦% វិញ ដែលនឹងចាប់ផ្តើមអនុវត្តនៅខែសីហាខាងមុខនេះ៕ដោយ៖តារា
ប្រភព៖ Khaosod English, NY Times