ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បេសកកម្មគោះទ្វារសហគ្រាសដែលមានមូលដ្ឋាននៅទីក្រុងអូសាកា ប្រទេសជប៉ុន

ចែករំលែក៖

ទីក្រុងអូសាកា៖ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយវិស័យឯកជនដែលមានមូលដ្ឋាននៅទីក្រុងអូសាកា ក្នុងគោលបំណងសិក្សាស្វែងយល់អំពីមុខសញ្ញាវិនិយោគ ព្រមទាំងពិនិត្យលទ្ធភាពទាក់ទាញឱ្យមកបណ្តាក់ទុន និងពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា។

ជារួម លោកអគ្គលេខាធិការរង​ បានថ្លែងអំណរគុណជូនចំពោះតំណាងសហគ្រាសដែលបានឆ្លៀតពេលវេលាអញ្ជើញមកជួបប្រឹក្សាយោបល់ជាមួយក្រុមការងារដោយផ្ទាល់នៅទីស្នាក់ការសភាពាណិជ្ជកម្ម និងឧស្សាហកម្មប្រចាំទីក្រុងអូសាកា។ ជាមួយគ្នានេះ លោកបានជម្រាបជូនសមភាគីអំពីបច្ចុប្បន្នភាពថ្មីនៃបរិយាកាសវិនិយោគនៅកម្ពុជា ក៏ដូចជាស្ថានភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្រោមការដឹកនាំចង្អុលបង្ហាញប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ លោកក៏បានផ្តល់សេវាពិគ្រោះយោបល់ជូនសមភាគីដោយផ្តោតសំខាន់លើទិដ្ឋភាពគោលនយោបាយ និងបច្ចេកទេសសំដៅធានាបានថាវិនិយោគិននឹងទទួលបានព័ត៌មានដែលគ្រប់ជ្រុងជ្រោយដើម្បីបម្រើជាមូលដ្ឋានដល់ការសិក្សាសមិទ្ធិលទ្ធភាពឈានឆ្ពោះសម្រេចបាននូវការបណ្តាក់ទុន និងពង្រីកការវិនិយោគនៅកម្ពុជានាពេលដ៏ខ្លីខាងមុខ។

សហគ្រាសសរុបចំនួន៨ ដែលបានទទួលសេវាពិគ្រោះយោបល់នាឱកាសនេះរួមមាន៖
១. Next Make៖ ឯកទេសផ្នែកអភិវឌ្ឍន៍កម្មវិធី។
២. ReloExcel, Inc.៖ ឯកទេសផ្នែកអភិវឌ្ឍន៍ធនធានមនុស្ស។
៣. ACS Co., Ltd.៖ ឯកទេសផ្នែកបច្ចេកវិទ្យាឌីជីថល។
៤. Japan Farm Products៖ ឯកទេសផ្នែកកសិ-ចំណីអាហារ។
៥. MK Corporation៖ ឯកទេសផ្នែកភស្តុភារកម្ម។
៦. Ring Co., Ltd.៖ ឯកទេសផ្នែកកម្មន្តសាលគ្រឿងបង្គុំអេឡិចត្រូនិក។
៧. Mitsuyoshi Cambodia Co., Ltd.៖ ឯកទេសផ្នែកកម្មន្តសាលគ្រឿងសង្ហារិម។
៨. Alaki Co., Ltd.៖ ឯកទេសផ្នែកបច្ចេកវិទ្យាឌីជីថល។

សូមជម្រាបជូនផងដែរថា បេសកកម្មគោះទ្វារវិនិយោគមកកាន់ទីក្រុងអូសាកាគឺជាសកម្មភាពតាមដានជាមួយសហគ្រាសដែលធ្លាប់បានចូលរួមសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជាដែលបានប្រព្រឹត្តទៅក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងព្រឹត្តិការណ៍ជំរុញ និងទាក់ទាញវិនិយោគដែលដឹកនាំដោយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print