ខេត្តកោះកុង ៖ កម្លាំងមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្មាច់មានជ័យ ទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ លី ណន ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរលក់ដូរ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ករណីចោរ១ក្រុមលួចទូដែករបស់គាត់ដឹកយកទៅបាត់ ។
ក្រោយពីទទួលពាក្យបណ្តឹងកម្លាំងជំនាញបានសហការជាមួយប៉ុស្តិ៍រដ្ឋបាលស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅថ្ងៃ៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៩និង១០នាទីព្រឹក ។
ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនបានមាន៖ ១-ឈ្មោះ ហុក សំពេជ្រ ភេទប្រុស អាយុ៣០ឆ្នាំ សញ្ជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ,២-ឈ្មោះ ធឿន វណ្ណៈ ភេទប្រុស អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ ជាកម្មករ មានទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់ស្មាច់មានជ័យ និង៣-ឈ្មោះ ស៊ុន បុនឡា ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ ជាកម្មករ ។
មន្ត្រីនគរបាលបានដកស្រង់សម្ដីសារភាពក្រុមចោរឱ្យដឹងថា កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល៨យប់ នៅចំណុចក្បែរបូជនីយដ្ឋានសពយុទ្ធជន ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ជនសង្ស័យឈ្មោះ ហុក សំពេជ្រ បានជិះម៉ូតូទៅរកខ្ចីប្រាក់ពីម្ចាស់ទូដែកអ្នកស្រី លី ណន ។ ពេលជិះម៉ូតូទៅដល់ផ្ទះជនរងគ្រោះ ស្រាប់តែឃើញផ្ទះមិនបានចាក់សោរបង និងគ្មានមនុស្សនៅ(ជនរងគ្រោះភ្លេចចាក់សោរបង សោផ្ទះ និងភ្លេចចាក់សោបន្ទប់) ។ ជនសង្ស័យបានដើរចូលទៅក្នុងផ្ទះមា៉សេរី ក៏ឃើញទូដែក១នៅក្បែរគ្រែ ។
ភ្លាមនោះ ជនសង្ស័យក៏ទូរស័ព្ទហៅឈ្មោះ ស៊ុន បុនឡា ហៅជ័យ ឱ្យមកយកទូដែក ដោយប្រាប់ថា ទូនេះធ្ងន់ណាស់ និងឱ្យរកគ្នីគ្នាម្នាក់ទៀតមកជួយ។ មួយសន្ទុះឈ្មោះ ស៊ុន បុនឡា បានជិះម៉ូតូមកជាមួយឈ្មោះ ធឿន វណ្ណៈ ដោយយករទេះមកជាមួយ ។ បន្ទាប់មកឈ្មោះស៊ុន បុនឡា បានដើរចូលក្នុងផ្ទះអូសទូដែកចេញមកក្រៅ ហើយជនទាំងបីនាក់បានលើកទូដែកដាក់នៅលើរទេះ ដោយយកថង់ខៀវ១មកគ្របកុំឱ្យគេឃើញ ។
បន្ទាប់មកជនសង្ស័យទាំងបីនាក់ បានដឹកទូដែកនោះយកទៅលាក់ទុកនៅក្នុងឃ្លាំងមួយកន្លែង នៅជិតអាងទឹកក្បែរផ្ទះជនសង្ស័យ ហុក សំពេជ្រ និងបានគាស់បំបែកទូដែកនោះ ឃើញមានលុយដុល្លារ និងគ្រឿង អលង្ការមួយចំនួន ។ បន្ទាប់មកជនសង្ស័យទាំង៣នាក់ បានយកទូដែកនោះទៅ បោះចោលក្នុងទឹកអូរនៅក្រោមស្ពានអូរស្រីស្រណោះ ហើយជនសង្ស័យឈ្មោះ ហុក សំពេជ្រ បានចែកគ្នា ដោយឱ្យលុយទៅ ធឿន វណ្ណៈ និង ស៊ុន បុនឡា ក្នុង១នាក់ចំនួន៨០០$ ។ ចំណែកលុយនៅសល់ និងគ្រឿងអលង្ការ ឈ្មោះ ហុក សំពេជ្រ ជាអ្នកយកទាំងអស់ ។
សមត្ថកិច្ចបញ្ជាក់ទៀតថា វត្ថុតាងដែលដកហូតពីក្រុមជនសង្ស័យខាងលើមកវិញបានរួមមាន ម៉ូតូ១គ្រឿងម៉ាកហុងដា ពាក់ផ្លាកលេខ ភ្នំពេញ ១GN-៤១៥២ ពណ៌ខ្មៅ និងម៉ូតូ១គ្រឿងទៀតម៉ាកWave ពាក់ផ្លាកលេខ ១C-១០៩៦ រទេះរ៉ឺម៉ក១ ទូដែក១ ដែកគាស់១ ញញួរ១ លុយដុល្លារក្រដាស១០០$៦០សន្លឹក លោហ:ធាតុពណ៌លឿងជាខ្សែក២ខ្សែ ខ្សែដៃលោហ:ធាតុពណ៌លឿង២ខ្សែ,ចិញ្ចៀន២វង់,បន្តោង៥ និងទូរស័ព្ទ៣គ្រឿង ។ ចំណែកទូដែកត្រូវបានបញ្ជាឱ្យចោរទៅរាវរក ឃើញក្នុងទឹកក្រោមស្ពានយកមកប្រគល់ឱ្យម្ចាស់វិញដែរ ។
ករណីបំបែកសំណុំរឿងក្របួចចោរលួចទូដែកនេះ ត្រូវបានមន្ត្រីជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធីនាំខ្លួនឡើងតុលាការ ៕