ភ្នំពេញ៖ ព្រឹកថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៦ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំនៅទីស្តីការក្រសួង ដើម្បីពិនិត្យលើវឌ្ឍនភាពការងារ និងដាក់ចេញនូវទិសដៅ សម្រាប់អនុវត្តនាពេលខាងមុខ ។ កិច្ចប្រជុំនេះ មានការចូលរួមពី អស់លោក លោកស្រី ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន… សរុបចំនួន ៥១ រូប ។
លោករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកការងារតាមផ្នែកនីមួយៗ ត្រូវជម្រុញបញ្ចប់ការងារធំៗមួយចំនួនដូចជា ការរៀបចំផ្ទៀងផ្ទាត់បញ្ជីសារពើភ័ណ ប្រព័ន្ធធារាសាស្ត្រ ការរៀបចំផែនទីជំនន់ និងការសិក្សាបន្តក្តាប់សក្តានុពលទឹក ។ល។ លោក រដ្ឋមន្ត្រីបន្តថា ការប្រមូល និងក្តាប់បាននូវទិន្នន័យទាំងអស់នេះ គឺមានសារៈសំខាន់ណាស់ សម្រាប់ការរៀបចំផែនការអភិវឌ្ឍលើវិស័យដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រសួង ។
ក្នុងគោលបំណងបម្រើ និងដោះស្រាយទឹកជូនបងប្អូនប្រជាកសិករឲ្យបានទាន់ពេលវេលា ក៏ដូចជាការត្រៀមលក្ខណៈទប់ទល់ និងកាត់បន្ថយគ្រោះធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុនាពេលខាងមុខ លោករដ្ឋមន្ត្រី បានណែនាំដល់គ្រប់មុខព្រួញដែលទទួលបន្ទុកតាមរាជធានី-ខេត្តនីមួយៗ ត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់ ដូចជា ធនធានមនុស្ស គ្រឿងចក្រ ម៉ាសុីនបូមទឹក ប្រេងឥន្ធនៈ… ឲ្យបានគ្រប់គ្រាន់ និងត្រៀមអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ៕
ដោយ៖ សុខ ខេមរា