ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក អមដោយ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចំពោះកិច្ច និង លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសមាជិកក្រុមការងារចំពោះកិច្ច នារសៀលថ្ងៃអង្គារ ទី៨ ខែកក្កដា ឆ្នាំ២០២៥ បានអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ស្តីពី “អត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក” បន្ទាប់ពីទទួលបានការជូនដំណឹងជាផ្លូវការពី រដ្ឋបាលសហរដ្ឋអាម៉េរិក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ១២ថ្ងៃត្រង់ (ម៉ោងនៅសហរដ្ឋអាម៉េរិក)។ សន្និសីទសារព័ត៌មាននារសៀលនេះ ត្រូវបានរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សហការជាមួយ ក.អ.ក. ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។
តាមរយៈការជូនដំណឹងជាផ្លូវការនេះ អត្រាពន្ធគយបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក បានធ្លាក់ចុះពី ៤៩% មកនៅត្រឹម ៣៦% ពោលគឺបានថយចុះចំនួន ១៣% (ប្រៀបធៀបជាភាគរយថយចុះប្រមាណ ២៦,៥% បើធៀបនឹងអត្រាពន្ធដែលបានដាក់ចេញកាលពីថ្ងៃទី២ មេសា ២០២៥) ធ្វើឱ្យ កម្ពុជា គឺជាប្រទេសស្ថិតនៅលើកំពូលតារាង ដែលទទួលបានការបន្ថយអត្រាពន្ធខ្ពស់ជាងគេ ក្នុងចំណោមប្រទេសទាំង១៤ ដែលបានប្រកាសនៅក្នុងសេចក្តីជូនដំណឹងខាងលើ។
ការបញ្ចុះអត្រាពន្ធនេះ គឺជាលទ្ធផលវិជ្ជមានដែលកើតចេញពីការចរចារដោយស្មោះត្រង់ ជាមួយនឹងភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (United States Trade Representative – USTR)។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តចរចាជាមួយភាគីសហរដ្ឋអាម៉េរិក ដើម្បីបញ្ចុះអត្រាពន្ធគយបដិការនេះបន្ថែមទៀត ។ លោកបានបន្ថែមថា ក្រុមការងារចំពោះកិច្ច បាននិងកំពុងបន្តការងារយ៉ាងសស្រាក់សស្រាំ ក្នុងការទំនាក់ទំនងជាមួយភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ដើម្បីបន្តកិច្ចចរចានេះ៕