រឿង ឆ្លងទន្លេ

ចែករំលែក៖

នៅជាប់របងផ្ទះតៀមមួយដែលមានរានហាលនៅពីខាងមុខផ្ទះ ខ្ញុំកំពុងតែដេកបំបៅដល់កូនដែលមានអាយុប្រហែលជាងពីរឆ្នាំ និងកូនប្រុសម្នាក់ទៀតរបស់ខ្ញុំអាយុប្រហែល ៤ឆ្នាំនៅក្បែរនោះដែរ។កូនប្រុសរបស់ខ្ញុំកំពុងតែយំរំអុកទាររកអាហារ។ រំពេចនោះកងទ័ពខ្មែរក្រហមពីរនាក់ស្លៀកសម្លៀកបំពាក់ខ្មៅ ដៃកាន់កាំភ្លើងបានស្រែគំហល និងគំរាមកំហែងដល់ខ្ញុំឲ្យលួងលោមកូនឲ្យបាត់យំ។ មួយសន្ទុះក្រោយមកមានកងទ័ព ៤នាក់ទៀត បានដើរមកចាប់កុមារវាយដោយរំពាត់ឲ្យបាត់យំ។ ខ្ញុំបានស្ទុះទៅចាប់បីត្រកងកូនិងយកក្រមាខ្ចប់មាត់កុំឲ្យកូនយំខ្ញុំយំឮសំឡេងខ្លាំងចេញមក។បន្ទាប់មកក្រុមហ៊ុន មកងទ័ពខ្មែរក្រហមចេញទៅបាត់ខ្ញុំបានលើកកូនបីដាក់លើគ្រែ ហើយខ្ញុំស្រាប់តែភ័យស្លន់ស្លោភ្លាមៗ ពីព្រោះកូនរបស់ខ្ញុំបាត់មាត់ បាត់កលែងនិយាយស្ដីអ្វីទាំងអស់។ អ្នកនៅក្បែរនោះពុំមានអ្នកណាហ៊ានសួរនាំ ឬជួយសង្គ្រោះកូនរបស់ខ្ញុំទេ ព្រោះកងទ័ពបានប្រកាសកាលពីពេលល្ងាចថាមិនឲ្យប្រជាជនណាម្នាក់ៗ ចេះជួយឈឺឆ្អើលរឿងអ្នកដទៃឡើយ។
ខ្ញុំឈ្មោះ ខេមរា។ ខ្ញុំបានបីកូនស្រីដៃម្ខាង និងដៃម្ខាងទៀតប្រឹងរឹតទ្រូងកូនរបស់ខ្ញុំដែលមិនដឹងខ្លួន។ បន្តិចក្រោយមកបុរសស្លៀកសម្លៀកបំពាក់ខ្មៅម្នាក់បានដើរចេញពីផ្ទះមកឈរជិតខ្ញុំ។ ពេលឃើញដូច្នោះខ្ញុំភ័យញ័រខ្លួនចំប្រប់។ បុរសនោះបានចូលមកជួយគគ់រឹតលាបប្រេងកូឡាទាល់តែកូនរបស់ខ្ញុំដឹងខ្លួនឡើងវិញ រួចគាត់បានបើកកញ្ចប់បាយឱ្យខ្ញុំ និងកូនៗហូបទាំងអស់គ្នា។ ខណៈនោះកងទ័ពខ្មែរក្រហមពីរនាក់ផ្សេងទៀតបានមកដល់ ហើយសួរដេញដោលដោយងឿងឆ្ងល់អំពីប្រភពបាយដែលខ្ញុំទទួលបានយកមកហូនេះ។ បុរសនោះបាននិយាយសំដីសុភាពរាបសារប្រាប់ទៅកាន់កងទ័ពខ្មែរក្រហមទាំងពីរនាក់វិញថា ខ្ញុំគឺជាកងទ័ពរំដោះ ហើយមេបញ្ជាការតំបន់បានបញ្ជាឲ្យខ្ញុំនៅយាមកាមការពារកំពង់ចម្លងនេះ។ ខ្ញុំមានឯកសារបញ្ជាក់។ ស្ត្រីនេះ និងកូនៗត្រូវជាប្រពន្ធ និងកូនរបស់ខ្ញុំ។ បន្ទាប់ពីកងទ័ពខ្មែរក្រហមចាកចេញទៅបាត់ បុរសនោះបានរៀបរាប់ប្រាប់ខ្ញុំថាគាត់ឈ្មោះ ជា វីរៈ គឺជាប្រធានផ្នែកការពារសន្តិសុខនៅលើសាឡាងជាងពីរខែមកហើយចាប់តាំងពីមានការប្រយុទ្ធគ្នាយ៉ាងក្តៅគគុករវាងទាហាន លន់ នល់និងកងទ័ពខ្មែរក្រហម។ ខ្ញុំបានលើកដៃសំពះអរគុណដល់ វីរៈ ជាពន់ពេកដែលបានមកជួយសង្គ្រោះជីវិតកូនប្រុសរបស់ខ្ញុំ។ បន្ទាប់ពី វីរៈចាកចេញទៅខ្ញុំ និងកូនទាំងពីរនាក់បានសំងំដេកនៅលើគ្រែទ្រុឌទ្រោមមួយ។
ពេលព្រឹកថ្ងៃ ១៧ មេសា ១៩៧៥ កងទ័ពខ្មែរក្រហមបានភ្ជង់កាំភ្លើងសម្លុតឱ្យប្រជាជនចាកចេញពីវិទ្យាល័យទួលស្វាយព្រៃ។ ខណៈនោះខ្ញុំបានសុំអង្វរកងទ័ពខ្មែរក្រហម ដើម្បីរង់ចាំប្ដីរបស់ខ្ញុំចេញពីក្រសួងវិចិត្រសិល្បៈមកទទួលខ្ញុំនៅម៉ោង ១១ ប៉ុន្តែកងទ័ពខ្មែរក្រហមមិនយល់ព្រមជាដាច់ខាត ថែមទាំងបាញ់កាំភ្លើងចំចន្លោះជើងរបស់ខ្ញុំធ្វើឲ្យខ្ញុំភ័យតក់ស្លុតជាខ្លាំង។ ខ្ញុំត្រូវបង្ខំចិត្តចាកចេញជាមួយកូនទៅៗទាំងពីរ ដោយដៃម្ខាងរបស់ខ្ញុំដឹកដៃស្រីកូនប្រុស និងដៃម្ខាងទៀតរបស់ខ្ញុំពកូនស្រីហើយក្បាលរបស់ខ្ញុំទូលបង្វិចខោអាវ រួចដើរមកជាមួយហ្វូងមនុស្សដ៍ណែនណាន់តាន់តាប់ កាត់តាមផ្លូវជាតិលេខ១ឆ្ពោះមកដល់កំពង់ចម្លងអ្នកលឿងត្រើយខាងលិច។ ខ្ញុំសម្ងំធ្មេចភ្នែកមួយស្រឡេត ហើយស្រាប់តែភ្ញាក់ក្រញាង ដោយសារតែឮសូរគ្រាប់កាំភ្លើងផូងផាំងៗ។ ភ្លាមៗនោះសំឡេងស្រែកទួញយំខ្សឹកខ្សួលលាន់ឡើងមិនដាច់សូរសោះក្នុងពេលរាត្រីដ៏សែនក្រៀមក្រំនេះ។ ខ្ញុំភិតភ័យណាស់ខ្លាចកូនទាំងពីរនាក់របស់ខ្ញុំភ្ញាក់ហើយស្រែកយំទៀតអាចនឹងត្រូវកងទ័ពខ្មែរក្រហមសម្លាប់កូនខ្ញុំមិនខានទេ។ ខ្ញុំបន់ឱ្យតែឆាប់ភ្លឺនឹងបានបន្តដំណើរទៅស្រុកកំណើតរបស់ខ្ញុំនៅឯខេត្តព្រៃវែង។ កងទ័ពខ្មែរក្រហមបានដើរប្រមូលយករបស់របរដូចជា ម៉ូតូ កង់ នាឡិកាមាសប្រាក់ វិទ្យុ ម៉ាញ៉េ ស្បែកជើង និងកាតាបល្អៗ ពីប្រជាជនទាំងអស់ ហើយប្រសិនបើប្រជាជននៅរឹងទទឹងមិនព្រមឲ្យទេកងទ័ពខ្មែរក្រហមនឹងបាញ់សម្លាប់ចោលភ្លាម។
មេឃចាប់ផ្ដើមភ្លឺស្រាងៗ មាន់ចាប់ផ្ដើមរងាវបញ្ចេញសំឡេងកងលំពងដាស់ប្រជាជនជម្លៀសមកពីទីក្រុងភ្នំពេញ ឲ្យក្រោកឡើងដើម្បីទៅមុខទៀត។ វីរៈ បានមកជួបជុំខ្ញុំម្ដងទៀត ហើយបានឲ្យខ្ញុំយកសំបុត្រមួយកាន់នៅដៃឲ្យជាប់ដើម្បីបង្ហាញដល់កងទ័ពខ្មែរក្រហមក្រែងទទួលបានការអនុគ្រោះខ្លះ។ វីរៈ យកថង់អង្ករប្រហែលជាពីរគីឡូ ទឹកមួយប៊ីដុងសារុងចំនួន ២ និងអាវពីរមកប្រគល់ឲ្យខ្ញុំ។
ពេលដែលខ្ញុំជម្លៀសចេញពីទីក្រុងភ្នំពេញ ខ្ញុំពុំបានជួបប្ដីរបស់ខ្ញុំទេ រហូតដល់ខ្ញុំធ្វើដំណើរមកដល់ព្រែកឯង ទើបបានជួបប្ដីរបស់ខ្ញុំកំពុងតែនៅជាមួយលោក ស៊ិន ស៊ីសាមុត លោក គង្គប៊ុនឈឿន អ្នកនិពន្ធបទចម្រៀងនិងតារាភាពយន្តជាច្រើននាក់ទៀត។ ប្ដីរបស់ខ្ញុំបានជិះកង់ឌុបខ្ញុំមកសម្រាកនៅក្នុងវិទ្យាល័យព្រះបាទជ័យវរ្ម័នទី ៧ មួយយប់។ ព្រឹកម៉ោង ៥ ខ្ញុំ និងប្ដីបានធ្វើដំណើរបន្តទៀតដោយជិះកង់ផង បណ្តើរកង់ផង រហូតមកដល់មុខសាលាកំពង់ភ្នំ។ កងទ័ពខ្មែរក្រហមពីរនាក់បានមកខ្ចីកង់ប្ដីរបស់ខ្ញុំ។ពេលនោះប្ដីរបស់ខ្ញុំមិនឲ្យកង់ទៅកងទ័ពខ្មែរក្រហមទេ។ គាត់បាននិយាយទៅកាន់កងទ័ពខ្មែរក្រហមថា ខ្ញុំមានកង់តែមួយទុកឌុបប្រពន្ធនិងកូនតូចពីរនាក់របស់ខ្ញុំទៅកំពង់ចម្លងអ្នកលឿង។ កងទ័ពខ្មែរក្រហមម្នាក់បានភ្ជង់កាំភ្លើងដាក់ប្ដីរបស់ខ្ញុំ ហើយកងទ័ពម្នាក់ទៀតបានចាប់ក្របួចកអាវរបស់គាត់រួចទះកំផ្លៀង។

ភ្លាមៗនោះប្ដីរបស់ខ្ញុំបានដួលដេកក្រាបទៅលើផ្លូវថ្នល់។ កងទ័ពខ្មែរក្រហមបានលើកជើងជាន់លើខ្នងប្ដីរបស់ខ្ញុំទៀត និងទាត់ធាក់ប្ដីរបស់ខ្ញុំយ៉ាងធ្ងន់ធ្ងរ។ ខ្ញុំភ័យតក់ស្លុតខ្លាំងណាស់ហើយក្រាបសំពះអង្វរកងទ័ពទាំងអស់នោះកុំឲ្យធ្វើបាបប្ដីខ្ញុំ។ កងទ័ពម្នាក់ដែលមានវ័យក្មេង បានបាញ់កាំភ្លើងបីគ្រាប់តាមចន្លោះជើងខ្ញុំជាលើកទី ២ ធ្វើឲ្យខ្ញុំទន់ដៃទន់ជើងរបូតធ្លាក់កូនពីដៃ។ចំណែកប្ដីរបស់ខ្ញុំ ត្រូវកងទ័ពខ្មែរក្រហមអូសយកទៅដាក់នៅចិញ្ចើមផ្លូវក្បែរអ្នករបួស និងសាកសពជាច្រើនដែលកំពុងតែដេកដួលនៅទីនោះ។ បន្ទាប់មកកងទ័ពខ្មែរក្រហមបានបាញ់រះបង្ហើរក្បាលជាច្រើនគ្រាប់បង្ខំឲ្យអ្នកជម្លៀសទាំងអស់បន្តដំណើរទៅមុខទៀត និងហាមមិនឲ្យងាកក្រោយជាតែដាច់ខាត។(នៅមានត)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print