ខេត្តកំពង់ចាម៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា មកទល់ពេលនេះ ព្រឹត្តិការណ៍ រុក្ខទិវា បានបង្កើតជាចលនាជាតិស្រឡាញ់ថែរក្សាការពារព្រៃឈើ និងដាំដើមឈើ ឡើងវិញនៅគ្រប់ទិសទីទូទាំងប្រទេស ដោយបង្កើតបានជាចម្ការឈើ និងសួនសាធារណៈរាប់សែនហិកតា នៅតាមវត្តអារាម សាលារៀន ទីធ្លាសាធារណៈ សហគមន៍ និងរមណីយដ្ឋាននានា។
ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រី ឌិត ទីណា ក្នុងនាឱកាសព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈ សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩កក្កដា» លើកទី៣០ ដែលរៀបចំឡើងសួនរុក្ខទិវាទំហំ ស្ថិតក្នុងភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
លោករដ្ឋមន្ត្រី ឌិត ទីណា បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ រដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាល ព្រៃឈើ បានបណ្តុះ និងដាំកូនឈើជាង ២១ លានដើម ដោយប្រើប្រាស់ថវិការដ្ឋ ខណៈដែលកូនឈើជាច្រើនលានដើមផ្សេងទៀតត្រូវបានបណ្តុះ និងដាំដោយប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនរាប់បញ្ចូលឈើហូបផ្លែ ឬដំណាំឧស្សាហកម្ម ដូចជាស្វាយ ខ្នុរ ដូង ដូងប្រេង កៅស៊ូ និងស្វាយចន្ទីជាដើម។
លោក ឌិត ទីណា បានឱ្យដឹងថា សម្រាប់ពិធី រុក្ខទិវា ៩ កក្កដា លើកទី៣០នេះ កូនឈើចម្រុះប្រភេទ មានដូចជា ធ្នង់ នាងនួន គ្រញូង បេង ក្ងោក និងត្របែកព្រៃសរុបចំនួន ១៥ ០០០ដើម នឹងត្រូវដាំក្នុងសួនរុក្ខទិវាទំហំ១០ហិកតានេះ ស្ថិតក្នុងភូមិកសិដ្ឋាន ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
លោក ឌិត ទីណា បានឱ្យដឹងថា កម្ពុជាគឺជាប្រទេសឈានមុខគេមួយនៅក្នុងតំបន់ និងពិភពលោក ដែលបានដាក់តំបន់ព្រៃឈើទំហំជាង ៤០% នៃផ្ទៃប្រទេស ជាតំបន់ការពារធម្មជាតិ និងបន្តជំរុញការដាំស្តារព្រៃឈើឡើងវិញ។ ជាមួយគ្នានេះផងដែរ ក្នុងស្មារតីជំរុញវិបុលកម្មសត្វព្រៃ សម្តេចតេជោ ក៏បានសម្រេចអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋដែលស្រឡាញ់សត្វ អាចចិញ្ចឹមសត្វព្រៃជាលក្ខណៈគ្រួសារ ដើម្បីឱ្យសត្វទាំងនេះអាចបន្តពូជ និងបង្កើនចំនួន និងអាចត្រូវបានព្រលែងចូលក្នុងព្រៃធម្មជាតិវិញ ក្រោមការពិនិត្យ និងការផ្តល់បច្ចេកទេសពីរដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក ឌិត ទីណា បានឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ស្វាហាប់ និងប្រកបដោយចក្ខុវិស័យ វែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលមាន យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ជាមាគ៌ា និងមានទស្សនាទាន “មានហូប មានប្រើ មានបាន និងមានរហូត” កំពុងជំរុញ និងបង្កើនល្បឿន នៃការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង លើកកម្ពស់ជីវភាពប្រជាកសិករ និងរួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។
លោក ឌិត ទីណា បានឱ្យដឹងថា ក្រោមកិច្ចសហការជាមួយអង្គការដៃគូ និងវិស័យឯកជន ក្រសួងកសិកម្មបាននិងកំពុងផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងថវិកាដល់ការបង្កើតមុខរបរសម្រាប់ប្រជាសហគមន៍ ដូចជាការចិញ្ចឹមសត្វ ការធ្វើ កសិ-រុក្ខកម្ម កសិ-ទេសចរណ៍ និងការប្រមូលផលអនុផលព្រៃឈើ ដើម្បីទ្រទ្រង់ និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ចំនួន ៦៥៥ សហគមន៍ ដែលមានសមាជិកជាង ១៧ ម៉ឺនគ្រួសារ ស្មើនឹងជាង ៥១ ម៉ឺននាក់នៅទូទាំងប្រទេស ដែលបាននិងកំពុងរួមចំណែកយ៉ាងសកម្ម ក្នុងការការពារដីព្រៃសហគមន៍ និងសត្វព្រៃ។
លោក ឌិត ទីណា បានឱ្យដឹងថា រាជរដ្ឋាភិបាលអណត្តិទី៧ បានដាក់ចេញនូវគោលនយោបាយ ផ្តល់ដី ការពារព្រៃ ក្នុងទម្រង់ជាសម្បទានដី សង្គមកិច្ច ដើម្បីបង្ការទប់ស្កាត់ការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ បង្កើនការអភិរក្សធនធានធម្មជាតិ និងប្រសិទ្ធភាពផលិតភាពនៃការប្រើប្រាស់ដីរដ្ឋ ក៏ដូចជាជួយបងប្អូនប្រជាពលរដ្ឋដែលគ្មានដីពិតប្រាកដឱ្យទទួលបានដីសម្រាប់ប្រកបរបរ កសិកម្មចិញ្ចឹមជីវិត និងជួយការពារព្រៃឈើ និងដីព្រៃដែលនៅជិតនោះ។
លោក ឌិត ទីណា បានបញ្ជាក់ថា មកទល់ពេលនេះរាជរដ្ឋាភិបាលបានទទួលសំណើរបស់ប្រជាពលរដ្ឋជាង ១២ ០០០ គ្រួសារ មកពីឃុំ/សង្កាត់ចំនួនជាង ១ ០០០ នៅទូទាំងប្រទេស និងបានរៀបចំ ដំណើរការចាប់ឆ្នោត ដើម្បីជ្រើសរើសប្រជាពលរដ្ឋចំនួន ២ ៥០០ គ្រួសារដំបូងមកទទួលដី និងតាំងទីលំនៅ ក្នុងស្រុក សេសាន ខេត្តស្ទឹងត្រែង ដោយបានរៀបចំជាប្លង់បែងចែកឡូតិ៍ និងការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តចាំបាច់គាំទ្រដល់ការរស់នៅរបស់បងប្អូន ហើយក្នុងនោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងចូលរួមតាមរយៈការរៀបចំចងក្រង ជាសហគមន៍កសិកម្មទំនើបដើម្បីជួយគាំទ្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមកតាំងទីលំនៅ។
លោក ឌិត ទីណា បានលើកឡើងថាតាមរយៈកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលជាច្រើនអាណត្តិកន្លងមកនេះ ដោយមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាសេនាធិការ ព្រះរាជាណាចក្រកម្ពុជានៅតែបន្តរក្សាបាននូវតុល្យភាព និងនិរន្តរភាពល្អប្រសើរ ក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍធនធានធម្មជាតិ សម្រាប់ប្រជាពលរដ្ឋទូទាំងប្រទេស និងកូនចៅជំនាន់ក្រោយរបស់កម្ពុជា៕