សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជុំវិញករណីឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ ហ៊ាង លេខាធិការក្រុមការងារបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ខេត្តកំពត

ចែករំលែក៖

ភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនឱ្យបាន ជ្រាបថា: នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១២:២៥នាទី សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងប្រមូល បានភស្តុតាង ដោយបានអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនលេខ ២៩៨ អ.យ.ន ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៥ របស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១នាក់ ឈ្មោះ កែវហ៊ាង ភេទប្រុសអាយុ៧៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លេខាធិការក្រុមការងារបណ្តោះអាសន្ន គណបក្សកម្លាំងជាតិ ខេត្តកំពត នៅត្រង់ចំណុចភូមិកំពង់បាយត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ពាក់ព័ន្ធពីបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងប្រមាថ។

ជនសង្ស័យបន្ទាប់មកត្រូវបានបញ្ជូនមកកាន់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបន្តនីតិវិធី។ ដោយយោងតាមចម្លើយសារភាព និងប្រមូលបានភស្តុតាង ជនសង្ស័យពិតជាបានប្រើប្រាស់ គណនីហ្វេសប៊ុកឈ្មោះ Heang Keo ប្រព្រឹត្តសកម្មភាពសរសេរខ្លឹមសារចោទប្រកាន់មកលើថ្នាក់ដឹកនាំ គ្មាន មូលដ្ឋានច្បាស់លាស់ នៅក្នុងបណ្តាញសង្គម ដែលនាំឱ្យមហាជនមានការយល់ច្រឡំ បង្កឱ្យមានការញុះញង់ រើសអើង និងប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំយ៉ាងធ្ងន់ធ្ងរ។ ការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចអនុវត្តគឺមាន មូលហេតុច្បាស់លាស់ ផ្អែកតាមការស្រាវជ្រាវស៊ើបអង្កេតគោរពតាមនីតិវិធី ដោយគ្មានការរើសអើងផ្នែកនយោបាយ ឬការបំពានសិទ្ធិសេរីភាពនោះទេ។ សមត្ថកិច្ចអនុវត្តផ្អែកតាមអង្គហេតុ និងអង្គច្បាប់នៃការប្រព្រឹត្តបទល្មើសដែល មានចែងក្នុងក្រមព្រហ្មទណ្ឌ និងសូមច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយរបស់គណបក្សកម្លាំងជាតិ ដែល ចោទថាការឃាត់ខ្លួនជនសង្ស័យឈ្មោះ កែវ ហ៊ាង ជាការគំរាមកំហែងផ្នែកនយោបាយ និងបំភិតបំភ័យទៅវិញ ដោយមិនផ្អែកលើអង្គហេតុ និងអង្គច្បាប់ឱ្យបានត្រឹមត្រូវ។

សូមអំពាវនាវឱ្យសាធារណជនត្រូវប្រើប្រាស់ព័ត៌មានដោយមានការត្រួតពិនិត្យប្រភពច្បាស់លាស់ និង ចៀសវាងការចែកចាយការបញ្ចេញមតិ តាមរយៈព័ត៌មានមិនពិត ដែលអាចប៉ះពាល់ដល់សន្តិសុខសង្គម និងប៉ះពាល់ សិទ្ធិស្របច្បាប់របស់អ្នកដទៃ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។

អាស្រ័យដូចបានជម្រាបជូនខ្លឹមសារខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print