រឿង ឆ្លងទន្លេ(តចប់)

ចែករំលែក៖

ខ្ញុំគ្មានសង្ឃឹមថាប្ដីរបស់ខ្ញុំនៅរស់រានមានជីវិតទេ ព្រោះសូម្បីតែខ្លួនរបស់ខ្ញុំ និងកូនរបស់ខ្ញុំទាំងពីរនាក់ក៏ពុំមានសង្ឃឹមថានឹងបានរស់ដល់ថ្ងៃស្អែកផង។ ម៉ោង ៦ ព្រឹកអ្នកដំណើរទាំងអស់នឹងត្រូវឆ្លងសាឡាងទៅអ្នកលឿងត្រើយខាងកើត។ នៅពេលដែលឆ្លងសាឡាងយើងត្រូវតែទៅរក្សាភាពស្ងៀមស្ងាត់ធ្វើ យ៉ាងណាខ្ញុំត្រូវតែលួងកូនតូចៗកុំឲ្យយំ ព្រោះនៅពេលដែលមានសំឡេងក្មេងយំឮខ្លាំងៗ ហើយធ្វើឲ្យកងទ័ពខ្មែរក្រហមទើសចិត្ត កងទ័ពអាចបាញ់សម្លាប់យើងចោល។ ខ្ញុំភិតភ័យខ្លាំងណាស់។ កូនប្រុសរបស់ខ្ញុំក្តៅខ្លួន និងផ្ដាសាយទៀតខ្ញុំគិតក្នុងចិត្តថា ប្រសិនបើខ្ញុំនឹងកូនឆ្លងទន្លេផុត ចាត់ទុកថាជាសំណាងធំណាស់សម្រាប់ខ្ញុំ។
ព្រលឹមស្រាងៗ កងទ័ពខ្មែរក្រហមបានដើរមកប្រកូកប្រកាសឲ្យប្រជាជនជម្លៀសទាំងអស់ត្រៀមខ្លួនឆ្លងទន្លេ។ ប្រជាជនជម្លៀសគ្រប់ៗគ្នា បានប្រញាប់ប្រញាល់រៀបចំបង្វេចដែលមានរបស់របរបន្តិចបន្តួចរបស់ខ្លួនយកទៅតាម។ ដៃម្ខាងរបស់ខ្ញុំបានដឹកដៃកូនប្រុសហើយដៃម្ខាងទៀតពកូនស្រីតូច និងទូលបង្វេច។ ពេលនោះខ្ញុំឈឺពោះណាស់ហើយមិនដឹងថ្មើរណាបានខ្ញុំអាចឆ្លងសាឡាងផុតទេ។ កូនរបស់ខ្ញុំបានហុចកញ្ចប់បាយឱ្យមកខ្ញុំ ប៉ុន្តែខ្ញុំមិនឃ្លានសោះ។ កងទ័ពខ្មែរក្រហមបានកាន់កាំភ្លើងច្រូងច្រាំងគ្រប់ដៃ ហើយបានឈរបង្គាប់បញ្ជាអ្នកជម្លៀសជាង ២០០នាក់ដើរចុះក្នុងសាឡាង។ ខ្ញុំនិងកូនដើរច្រឹមច្រុមស្ទើរខ្លួនមិននឹង។ សន្តិសុខប្រចាំសាឡាងឃើញដូច្នេះ បានមកជួយខ្ញុំយួរបង្វិច និងដឹកដៃកូនរបស់ខ្ញុំឲ្យឈរនៅកន្ទុយសាឡាងឲ្យបានស្រួល។
នៅពេលសាឡាងបើកបរចេញ ខ្ញុំស្រាប់តែឈឺពោះកាន់តែខ្លាំងទ្រាំលែងបានភ្លាមៗ។ ខ្ញុំខំប្រឹងខំមាត់សង្កត់ចិត្តអត់ធ្មត់មិនហ៊ានស្រែកទេ រួចយកដៃរឹតពោះដែលកំពុងតែចុកចាប់។ កូនទាំងពីររបស់ខ្ញុំរបូតដៃចេញពីខ្ញុំ ហើយស្រែកទ្រហោយំ។ កូនប្រុសរបស់ខ្ញុំរត់ឆ្លេឆ្លាដោយភាពភ័យតក់ស្លុតហើយស្រែកហៅខ្ញុំយ៉ាងខ្លាំង។ កូនប្រុសរបស់ខ្ញុំបានស្រែកប្រាប់ប្រជាជនផ្សេងទៀតដើម្បីសុំជំនួយថា”ជួយម៉ែខ្ញុំផង” ។
ចំណែកឯកូនត្រីរបស់ខ្ញុំនៅអង្គុយជិតខ្ញុំ ហើយត្រូវកងទ័ពខ្មែរក្រហមចំនួន ៤ នាក់ស្ទុះមកទះកំផ្លៀងមួយដៃបណ្ដាលឲ្យដួលផ្ទប់ទៅនឹងបង្កាន់ដៃដែកសាឡាង។ កូនរបស់ខ្ញុំយំកាន់តែខ្លាំងឡើងៗ។ កងទ័ពម្នាក់លើកកូនខ្ញុំបីមួយសន្ទុះ ប៉ុន្តែកូនរបស់ខ្ញុំនៅតែបន្តយំស្ទើរតែគាំងម្ដងៗ។ សន្តិសុខសាឡាងបានសុំយកកូនរបស់ខ្ញុំមកលួងលោមឲ្យបាត់យំវិញ ប៉ុន្តែកងទ័ពខ្មែរក្រហមទាំងនោះមិនយល់ព្រមទេ ថែមទាំងបោះកូនរបស់ខ្ញុំពីដៃកងទ័ពម្នាក់ទៅកងទ័ពម្នាក់ទៀតឡើងវិលជុំចុះឡើងៗ បីដងរួចស្រែករាប់ពីមួយដល់បី ហើយបោះឡើងកម្ពស់ប្រហែលពីរម៉ែត្រ បន្ទាប់មកកងទ័ព ៤ នាក់បានយកចំពុះទង់កាំភ្លើងដាក់ទ្រភ្ជង់ពីក្រោម។ ពេលនោះកូនរបស់ខ្ញុំ។ធ្លាក់ចុះមកត្រូវចំពុះទុងហូរឈាមស្លាប់មួយរំពេច។ កងទ័ពខ្មែរក្រហមបានបោះកូនរបស់ខ្ញុំចូលទៅក្នុងទឹកតែម្ដង។ ខណៈនោះសមមិត្ត វីរៈ ដែលជាប្រធានសន្តិសុខបានប្រាប់ឲ្យជួយសង្គ្រោះជីវិតរបស់ខ្ញុំដែលកំពុងតែដេកស្ដូកស្ដឹង។
នៅពេលដែលសាឡាងចូលទៅចតនៅកំពង់ចម្លងអ្នកលឿងត្រើយខាងកើតភ្លាម វីរៈ បានប្រញាប់រត់ចុះមកលើកខ្ញុំឡើង។ ឈាមខ្ញុំហូរប្រឡាក់ជោកសំពត់ ។ វីរៈ បានចាប់ផ្ដើមលើកខ្ញុំបីត្រកងឡើងហើយស្រែកស្ទើរភ្លាត់សំឡេងថាឱ!ពុទ្ធោអើយ ប្អូនស្រីឆ្លងទន្លេឈាមច្រើនណាស់ នាងសម្រាលបានកូនប្រុសមួយ។ បន្ទាប់មក វីរៈបានឲ្យសន្តិសុខម្នាក់ទៀតលើកបីទារកឡើងនៅមាត់ច្រាំងទន្លេត្រើយខាងកើត។ នៅពេលដែលខ្ញុំមានកម្លាំងបន្តិច ខ្ញុំបានស្រែកហៅកូនប្រុស និងកូនស្រីរបស់ខ្ញុំ។ ខ្ញុំបានព្យាយាមឈរទាំងត្រដាបស្រដួស និងលើកដៃទាំងពីររបស់ខ្ញុំរង់ចាំទទួលយកកូនប្រុសរបស់ខ្ញុំពីដៃសន្តិសុខ កំពុងតែហុចមកឱ្យខ្ញុំ។ ភ្លាមៗ នោះខ្ញុំស្រាប់តែឮនៅកាំភ្លើងផ្ទុះផាំងៗ ពីរគ្រាប់ផ្ទួនគ្នាត្រូវចំកងសន្តិសុខដែលកំពុងបីកូនពៅរបស់ខ្ញុំ បណ្ដាលឱ្យគាត់ដួលច្រងាង។ ចំណែកទារកដែលខ្ញុំមិនទាន់បានឃើញមុខ និងពុំទាន់បានបំបៅដោះផង ក៏របូតជ្រុះពីដៃសន្តិសុខរមៀលធ្លាក់ចូលក្នុងទឹកទន្លេបាត់។ ខ្ញុំជាម្ដាយមិនទាន់បានដាក់ដៃចុះទេ ហើយឈរស្រឡាំងកាំងភាំងស្មារតីដួលអុកគូទនឹងដីបានត្រឹមតែទ្រហោរយំ។ តើឱ្យខ្ញុំរស់មានន័យអ្វីទៀត? ខ្ញុំមិនចង់រស់នៅទៀតទេ ពេលនេះកងទ័ពខ្មែរក្រហមបានសម្លាប់ប្ដីរបស់ខ្ញុំ និងសម្លាប់កូនជាទីស្រឡាញ់ទាំងបីនាក់របស់ខ្ញុំទៀត ហើយថ្ងៃណាមួយខ្មែរក្រហមនឹងសម្លាប់ខ្ញុំ និងប្រជាជនជាច្រើននាក់ទៀតជាមិនខានឡើយ។ វីរៈ បានជួយចាប់លើកខ្ញុំបណ្ដើរឡើងទៅលើមាត់ច្រាំងទន្លេអ្នកលឿងត្រើយខាងកើតហើយគាត់បាននិយាយលួងលោមខ្ញុំកុំឲ្យអស់សង្ឃឹមនឹងត្រូវពង្រឹងស្មារតីឡើងដើម្បីរួមកម្លាំងគ្នាវាយកម្ទេចរបបខ្មែរក្រហមដ៏សែនកំណាចនេះឲ្យបរាជ័យវិញ។
ខ្ញុំបាននិពន្ធចម្រៀងមួយបទចំណងជើងថា ” វាសនានាងខេមរា ” ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធស្វាមី និងកូនទាំងបីនាក់របស់ខ្ញុំ ព្រមទាំងឪពុកម្ដាយបងប្អូនទាំង ៧ នាក់ និងជនរួមជាតិខ្មែរដែលបានស្លាប់ក្នុងរបបខ្មែរក្រហម។

* វាសនានាងខេមរា
ពពកពេលខ្មៅកាចសាហាវណាស់ ថ្ងៃ 20 មេសា 75 ចាំជាក់ច្បាស់ អាពតពាលខ្មៅកាចសាហាវណាស់ ដេញខ្មែរពីផ្ទះឲ្យជួបចំបែង។
ជម្លៀសពលរដ្ឋពីក្រុងភ្នំពេញ កើតទុក្ខទោម្នេញកណ្ដោចកណ្ដែង អនិច្ចារូបខ្ញុំសល់តែម្នាក់ឯង ទុក្ខទោសហួសថ្លែងនៅទន្លេធំ។
អង្គការកំណាចសម្លាប់ស្វាមី កូនខ្ញុំទាំងបីគ្រាន់តែទួញយំ ចាប់បោះចាប់បាញ់ចាប់បោកវាយដំ កូនគេកូនខ្ញុំស្លាប់ពាយរង្គាល។
ស្លាប់គ្មានកំហុសស្លាប់ព្រោះស្មោះត្រង់ ជាតិខ្មែរបាត់បង់ក្តៅផ្សារោលរាល សូមទេវតាជួយកម្ចាត់ជនពាល ជួយខ្មែរឆ្លងវាលពិឃាតព្រៃផ្សៃ៕

...

(ចប់ដោយបរិបូរណ៍)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print