លោកបណ្ឌិតកៅ មុយថង ៖ លោកទូតចិនជា Influencer ដ៏មានឥទ្ធិពលខ្លាំងក្លា ក្នុងការផ្សព្វផ្សាយពីកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ អ្នកវិភាគសង្គម បណ្ឌិត កៅ មុយថង បានវាយតម្លៃខ្ពស់ថា លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា គឺជា Influence ដ៏មានឥទ្ធិពលខ្លាំងក្លា ក្នុងការផ្សព្វផ្សាយពីប្រទេសកម្ពុជា។ ជាការលើកឡើង ក្រោយពេលបានឃើញ លោកទូតតែងតែសកម្ម ក្នុងការផ្សព្វផ្សាយអំពីប្រទេសកម្ពុជា ខណៈដែល លោក ក៏ជាអតីតអ្នកនាំពាក្យក្រសួងការបរទេសចិន ជាបុគ្គលល្បីខ្លាំងលើឆាកអន្តរជាតិ។ ក្រៅពីការផ្សព្វផ្សាយ តែងតែសង្កេតឃើញថា លោក Wang Wenbin អញ្ជើញចូលរួម នៅក្នុងកម្មវិធីជាច្រើន ដែលជាកម្មវិធីធំៗ របស់កម្ពុជា ជាពិសេស គឺបានចូលរួមផ្សព្វផ្សាយពីទេសចរណ៍ និងកសិកម្មរបស់កម្ពុជា។

«មានជំនឿជឿជាក់ថា សកម្មភាពនេះ គឺពិតជាអាចចូលរួមចំណែកជួយជំរុញវិស័យទេសចរណ៍ បានល្អប្រសើរខ្លាំងថែមទាំង នោះគឺដោយសារថា គាត់ជាអតីតអ្នកនាំពាក្យក្រសួងការបរទេសចិន គាត់ពូកែក្នុងការកសាងទំនាក់ទំនងជាសាធារណៈ គាត់ដឹងពីរបៀបផ្សព្វផ្សាយឱ្យមានប្រសិទ្ធភាព និងទាក់ទាញចំណាប់អារម្មណ៍ ដល់ប្រជាជណចិនរបស់គាត់។ ភាពល្បីល្បាញរបស់គាត់ (ជាពិសេសក្នុងចំណោមមហាជនចិន និងអ្នកតាមដាននយោបាយអន្តរជាតិ) គឺផ្តល់ឱ្យនូវភាពជឿជាក់ និងឥទ្ធិពលកាន់តែខ្លាំង។ នៅពេលគាត់និយាយអំពីកម្ពុជា ប្រជាជនចិនអាចមានការជឿជាក់ និងយកចិត្តទុកដាក់ជាងការផ្សព្វផ្សាយធម្មតា។ ខ្ញុំជឿថា គាត់មានអ្នកគាំទ្រ និងមានអ្នកតាមដានច្រើន ដែលនេះជា “influence” ដ៏មានឥទ្ធិពលខ្លាំងក្លាក្នុងការផ្សព្វផ្សាយ។ សកម្មភាពរបស់លោក តែងត្រូវបានចែកចាយយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម នៅប្រទេសចិន ជឿថា គាត់អាចប្រើប្រាស់គណនីបណ្តាញសង្គម ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ចិន ដើម្បីផ្សព្វផ្សាយរូបភាព និងវីដេអូអំពីការធ្វើទស្សនកិច្ចរបស់គាត់នៅគ្រប់ទីកន្លែង ក្នុងប្រទេសកម្ពុជាយើង ដែលអាចជួយផ្សព្វផ្សាយពីរូបភាពវិជ្ជមានរបស់កម្ពុជា»។

លោកបណ្ឌិត កៅ មុយថង បានបន្ថែមថា លោកទូត ក៏បានចូលរួម លើកកម្ពស់រូបភាពសុវត្ថិភាព និងភាពកក់ក្តៅ ផងដែរ ក្នុងនោះ ការណ៍ដែលឯកអគ្គរដ្ឋទូតអញ្ជើញចុះទៅទស្សនា និងបង្ហាញពីភាពរីករាយផ្ទាល់ខ្លួន គឺជាសញ្ញាដ៏មានប្រសិទ្ធភាពបំផុត ដែលបញ្ជាក់ពីសុវត្ថិភាព និងភាពរួសរាយរាក់ទាក់របស់កម្ពុជា ហើយអាចជំរុញទឹកចិត្ត ភ្ញៀវទេសចរចិន ឱ្យមកលេងកម្ពុជា។

លោកបណ្ឌិត បញ្ជាក់ថា កិច្ចសហការគ្នានេះ គឺជារូបភាពវិជ្ជមាន នៃការទូតជាក់ស្តែង ខុសពីការទូតប្រពៃណី ដើម្បីជួយជំរុញវិស័យទេសចរណ៍ និងពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ។ ជាមួយនឹងឥទ្ធិពល និងសមត្ថភាព របស់ឯកអគ្គរដ្ឋទូតចិន គឺពិតជាមានសក្ដានុពលខ្ពស់ ក្នុងការទាក់ទាញភ្ញៀវទេសចរចិន ឱ្យមកកម្ពុជា កាន់តែច្រើនឡើង ថែមទៀត៕

...

ប្រភព ៖ «CCFR China state-controlled media »

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print