រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៖ តើការធ្វើវិសោធនកម្មច្បាប់ដកសញ្ជាតិជាការបំភិតបំភ័យប្រជាជនឬយ៉ាងណា?

ចែករំលែក៖

ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ការដកសញ្ជាតិខ្មែរនេះ គឺអនុវត្តទៅលើពលរដ្ឋខ្មែរណាដែលគប់គិតជាមួយបរទេស, ប្រព្រឹត្តអំពើក្បត់ជាតិឯង ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្ដិសុខជាតិ, សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្តមប្រយោជន៍ជាតិតែប៉ុណ្ណោះ។

នៅក្នុង «សន្និសីទសារព័ត៌មានក្រោយសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញា ស្តីពី វិសោធនកម្មមាត្រ៣៣ នៃរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា» នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោក កើត រិទ្ធ បានមានប្រសាសន៍បញ្ជាក់ថា ច្បាប់ដកសញ្ជាតិមិនត្រឹមតែមិនអនុវត្តចំពោះប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់ជាតិ, ស្មោះត្រង់នឹងជាតិប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងការពារនូវធ្វីដែលជាឧត្តមប្រយោជន៍ជាតិ និងមនសិកាស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរចំពោះជាតិមាតុភូមិទៀតផង។

លោក កើត រិទ្ធ បានឆ្លើយតបទៅនឹងការលើកឡើងមួយចំនួនដែលបាននិយាយថា «ការធ្វើវិសោធនកម្មនេះគឺប៉ះពាល់ដល់ប្រជាជនធ្ងន់ធ្ងរ» ដែលការលើកឡើងនេះគឺមានចរិកបំភ្លៃ បំភាន់ និងបំភ័យប្រជាជន។ លោកបានគូសបញ្ជាក់ថា ការធ្វើវិសោធនកម្មនេះគឺមិនប៉ះពាល់ដល់ប្រពលរដ្ឋនោះទេ ប្រសិនប្រជាពលរដ្ឋខ្មែរស្រឡាញ់ជាតិ និងស្មោះត្រង់នឹងជាតិពិតប្រាកដ។
សូមបញ្ជាក់ថា ៖ រដ្ឋសភានៃព្រះរាជាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១១ខែកក្កដា ឆ្នាំ២០២៥ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ដើម្បីពិភាក្សានិងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបើកផ្លូវ អនុញ្ញាតឱ្យមានការរៀបចំក្របខណ្ឌច្បាប់ សម្រាប់ការដកសញ្ជាតិខ្មែរ ចំពោះពលរដ្ឋខ្មែរណា ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ ឬការធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់ ផលប្រយោជន៍នៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដោយឃុបឃិត ជាមួយបរទេស។

សម័យប្រជុំរដ្ឋសភាបានដំណើរការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាដោយមានវត្តមាន សមាជិករដ្ឋសភាចំនួន១២៥អង្គ/ រូប បានចូលរួម និងមានវត្តមានតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុតិ្តធម៌ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

តំណាងរាស្រ្តហត្ថលេខីទំាង១២៥រូប ដែលស្មើនឹង ១០០% នៃតំណាងរាស្រ្តសរុប មកពីចម្រុះគណបក្សទំាងអស់មានអាសនៈក្នុងរដ្ឋសភា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណា ចក្រកម្ពុជា បានស្នើសុំរដ្ឋសភាធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នេះ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print