ភ្នំពេញ ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា សមាជិករដ្ឋសភាចំនួន ១២៥អង្គ/ រូបបានអនុម័តដោយសម្លេងឯកច្ឆ័ន្ទនូវសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា៣៣នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុង «សន្និសីទសារព័ត៌មានក្រោយសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញា ស្តីពី វិសោធនកម្មមាត្រ៣៣ នៃរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា» នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោក កើត រិទ្ធ បានមានប្រសាសន៍បន្តថា ការធ្វើវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញលើទី១១នេះមានលក្ខណៈពិសេសជាប្រវត្តិសាស្រ្ដដែលរដ្ឋសភាមានតំណាងរាស្រ្ដទាំងអស់មកពីគ្រប់គណបក្សនយោបាយមានអាសនៈ និងរាជរដ្ឋាភិបាល បានធ្វើលិខិតរួមគ្នាក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ។
លោក កើត រិទ្ធ បានសង្កត់ធ្ងន់ថា ការរួបរួមគ្នាបែបនេះ បានឆ្លុះបញ្ជាំងពីការបម្រើឱ្យឧត្តមប្រយោជន៍ប្រទេសជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ។
លោកឧបនាយករដ្ឋមន្ត្រី បានលើកយកមកបង្ហាញថា៖ «ការដកសញ្ជាតិពីពលរដ្ឋដែលទទួលបានសញ្ជាតិពីកំណើត ត្រូវបានអនុវត្តនៅក្នុងបណ្តាប្រទេសមួយចំនួនដូចជា សហរដ្ឋអាម៉េរិក បារាំង អ៊ីតាលី អង់គ្លេស អាល្លឺម៉ង់ អូទ្រីស អូស្ត្រាលី ហូឡង់ កូរ៉េខាងត្បូង ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន ឡាវ មីយ៉ាន់ម៉ា វៀតណាម ជាដើម ហើយក្នុងចំណោមប្រទេសទាំងនេះ ប្រទេសខ្លះបានអនុញ្ញាតឱ្យមានការដកសញ្ជាតិពីពលរដ្ឋរបស់ខ្លួនឱ្យក្លាយជាជនគ្មានសញ្ជាតិតែម្តង»៕
ដោយ ៖ សិលា