ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា ច្បាប់ស្តីពីដកសញ្ជាតិ មិនមែនជារឿងថ្មីនោះទេ គឺមានតាំងពីអតីតកាលមកម្ល៉េះ ដែលនៅក្នុងច្បាប់ចាស់នោះក៏មានចែងពីការដកសញ្ជាតិដែលទទួលបានពីកំណើតនិងដកសញ្ជាតិអ្នកដែលទទួលបានសញ្ជាតិផងដែរ។
ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៣៣ នៃរដ្ឋធម្មនុញ្ញា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានថ្លែងថា យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានចែងថា ប្រជាជនខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ដោយមិនត្រូវធ្វើអ្វីប៉ះពាល់ដល់ផលប្រយោជន៍ជាតិឡើយ។
លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ក៏បានសង្កត់ធ្ងន់ថា ច្បាប់ដកសញ្ជាតិនេះដែរ មិនមែនមានតែនៅកម្ពុជានោះទេ មានប្រទេសជាច្រើនបាននិងកំពុងអនុវត្ត រួមមាន១៥០ប្រទេសជុំវិញពិភពលោក ក៏មានច្បាប់ដកសញ្ជាតិ ក្នុងនោះនៅអឺរ៉ុប ១៨ប្រទេស ក្នុងអាស៊ានមាន៩ប្រទេស ដែលការដកសញ្ជាតិនោះ ក្នុងករណីដែលពលរដ្ឋខ្លួន ត្រូវបានរកឃើញថា ក្បត់ជាតិ ធ្វើសកម្មភាពប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខជាតិ មានភាពមិនស្មោះត្រង់ចំពោះរដ្ឋ ដោយមិនបម្រើរដ្ឋបរទេស ព្រមទាំងអ្នកដែលធ្វើសកម្មភាពប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសរបស់គេ។
លោកឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ក៏បានបញ្ជាក់បន្ថែមថា ប្រទេសកម្ពុជា គឺជាប្រទេសចុងក្រោយគេនៅក្នុង អាស៊ានដែលបានរៀបចំឱ្យមានច្បាប់ដកសញ្ជាតិនេះផងដែរ។
រដ្ឋសភា អនុម័តបើកផ្លូវឱ្យរៀបចំ ច្បាប់ «ដកសញ្ជាតិខ្មែរ» ពី ពលរដ្ឋខ្មែរ ដែលបានប្រព្រឹត្តអំពើក្បត់ជាតិ និងឃុបឃិតជាមួយបរទេស ។ លោក កើត រិទ្ធ អះអាងថា ការដកសញ្ជាតិខ្មែរ គឺអនុវត្តតែលើពលរដ្ឋខ្មែរណាដែលក្បត់ជាតិ និងឃុបឃិតជាមួយបរទេស ៕
ដោយ ៖ សិលា